រដ្ឋាភិបាលកម្ពុជាបន្ដរងការថ្កោលទោសពីអន្ដរជាតិ ករណីចាប់ខ្លួនលោក កឹម សុខា

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

រដ្ឋាភិបាលកម្ពុជា បន្ដទទួលរងការថ្កោលទោសជាបន្ដបន្ទាប់ពីសហគមន៍អន្ដរជាតិ​ និងអតីតអាណានិយមនៅតំបន់ឥណ្ឌូចិន ក្រោយមានការចាប់ខ្លួនមេបក្សប្រឆាំង ដោយចោទពីបទក្បត់ជាតិ។

ប្រតិកម្មថ្កោលទោសជាហូរហែមកដល់ពេលនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅគេហដ្ឋានរបស់លោក កាលពីយប់ថ្ងៃទី២កញ្ញា តាមបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្រោមបទចោទប្រកាន់ថា ប្រព្រឹត្តអំពើ «ក្បត់ជាតិ» និងឃុបឃិតជាមួយបរទេស ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

កាលពីថ្ងៃទី៥កញ្ញាម្សិលមិញ ទូតបារាំងប្រចាំកម្ពុជាបានសំដែងក្ដីព្រួយបារម្ភចំពោះចាប់ខ្លួនមេបក្សរូបនេះ និងថា រដ្ឋាភិបាលកម្ពុជាត្រូវប្រកាន់មាគ៌ាតាមបែបលទ្ធិប្រជាធិបតេយ្យ នៅក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រឆ្នាំ២០១៨ខាងមុខ។

សេចក្ដីថ្លែងការណ៍ដោយឡែកមួយទៀត ដែលចេញផ្សាយកាលពីម្សិលមិញ សហព័ន្ធអន្ដរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights) បានចូលរួមអំពាវនាវឲ្យដោះលែងប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសមាជិកបក្សប្រឆាំង ដែលជាប់ពន្ធនាគារផ្សេងទៀត ជាបន្ទាន់។ អង្គការអន្ដរជាតិមួយនេះ ក៏ទទូចឲ្យរដ្ឋាភិបាលលុបចោលបទបញ្ញត្តិក្នុងច្បាប់បក្សនយោបាយ និងច្បាប់ស្ដីពីអង្គការ សមាគម ដោយថា ច្បាប់ទាំងនេះ កំពុងរិតត្បិតដល់សិទ្ធិសេរីភាពគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មានឯករាជ្យ។

ប្រធានសហព័ន្ធអន្ដរជាតិដើម្បីសិទ្ធិមនុស្ស លោក Dimitris Christopoulos ហៅការចាប់ខ្លួន លោក កឹម សុខា ថា ជាការវាយប្រហារ និងបោសសម្អាតសំឡេងប្រឆាំង មុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។ លោកស្នើឲ្យសហគមន៍អន្ដរជាតិ ដាក់គំនាបនយោបាយលើរដ្ឋាភិបាលកម្ពុជា ដោយថា ដើម្បីកុំឲ្យប្រទេសនេះ ក្លាយទៅជារបបផ្ដាច់ការ។

ក្នុងសេចក្ដីថ្លែងការណ៍ លោកមានប្រសាសន៍ថា៖ «ការចាប់ខ្លួនលោក កឹម សុខា គឺជាផ្នែកនៃការវាយប្រហាររបស់លោក ហ៊ុន សែន ដើម្បីបោសសម្អាតនូវទម្រង់ប្រឆាំង នៅមុនការបោះឆ្នោតនាឆ្នាំក្រោយ។ វាជារឿងចាំបាច់ ដែលសហគមន៍អន្ដរជាតិ ត្រូវបង្កើនការដាក់គំនាបនយោបាយ ដើម្បីទប់ស្កាត់កុំឲ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបបផ្ដាច់ការ ដែលមិនអាចស្រោចស្រង់ឡើងវិញបាន»។

ក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី នៅថ្ងៃពុធនេះ លោក ហ៊ុន សែន បានថ្លែងការពារចំណាត់ការចាប់ខ្លួនលោក កឹម សុខា ថា ត្រឹមត្រូវតាមនីតិវិធីច្បាប់។ លោកថែមទាំងព្រមានទៅក្រុមអង្គការអន្ដរជាតិ ឲ្យប្រយ័ត្នប្រយែង ក្នុងការចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ។

លោកថ្លែងថា៖ «ហើយការឃុបឃិតជាមួយបរទេសតែម្ដង ដើម្បីនឹងធ្វើរឿងនេះ ក៏ប៉ុន្ដែគេមិនទាន់ទទួលយកជ័យ ដែលមិនអនុញ្ញាតឲ្យរឿងឆ្នាំ១៩៩៧០ ដែលគេឃុបឃិតជាមួយនឹងមនុស្សដដែល ប្រទេសដដែល ដើម្បីផ្ដួលរំលំសម្ដេចតា សម្ដេច នរោត្ដម សីហនុ។ ខ្ញុំសង្ឃឹមថា មិត្តភក្ដិបរទេសទាំងឡាយ មើលឃ្លោងឃ្លាឲ្យបានច្បាស់មួយម៉ាត់ៗ តើប្រទេសរបស់អ្នកឯង អាចទទួលយកបានទេ ប្រសិនបើសម្ដីបែបនេះ បើអ្នកជាខ្ញុំ អ្នកត្រូវស្ដាប់ឲ្យច្បាស់ គេឲ្យខ្ញុំយកម៉ូដែលយូហ្កូស្លាវី ខ្ញុំមិនធ្វើតាមចិត្តនឹកឃើញទេ»។

លោក ហ៊ុន សែន បានដាក់ការចោទប្រកាន់ ដោយទំនងសំដៅទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ថា បានជួយគាំទ្រសេនាប្រមុខ លន់ នល់ ផ្ដួលរំលំរបបគ្រប់គ្រងដោយ សម្ដេច សីហនុ និងប្រដូចថា អាមេរិកហាក់កំពុងដើរតាមគន្លងចាស់នេះ ដោយបន្ដគាំទ្រ ឬនៅពីក្រោយបក្សប្រឆាំង ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។

លោក កឹម សុខា គឺជាមនុស្សទី៣ ដែលត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដោយចោទពីបទ «ផលិតគ្រឿងញៀន» និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយចោទពីបទ «ប្រមាថកងទ័ពជាតិ» និងប្រមាថព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ