រដ្ឋាភិបាលបញ្ចប់តំណែងលោក អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដោយមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់។
ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានបញ្ចប់តំណែងលោក អះម៉ាត់ យ៉ះយ៉ា ពីរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយធ្វើឡើងតាមការស្នើពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែក្នុងព្រះរាជក្រឹត្យនោះមិនបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់តំណែងនេះទេ។
គួរំលឹកថា លោក អះម៉ាត់ យ៉ះយ៉ា ជាតំណាងពលរដ្ឋខ្មែរឥស្លាមដ៏មានប្រជាប្រិយភាពម្នាក់ និងធ្លាប់តវ៉ាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ផ្លូវរបស់រដ្ឋាភិបាលដែលគ្រោងធ្វើកាត់វិហារឥស្លាម នៅតំបន់បឹងកក់ពេលកន្លងមក។ កាលណោះ ពលរដ្ឋខ្មែរឥស្លាមជាច្រើនគាំទ្រសកម្មភាពរបស់លោក អះម៉ាត់ យ៉ះយ៉ា ហើយរដ្ឋាភិបាលក៏សម្រេចមិនធ្វើផ្លូវកាត់វិហារឥស្លាមនោះវិញ៕









