អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកកំាងបានឲ្យដឹងថា នឹងគ្រោងដឹកនាំអ្នកគំាទ្រនៅតាមបណ្តាប្រទេសនានា ឲ្យធ្វើបាតុកម្មនៅចុងសប្តាហ៍នេះ ដោយថាដើម្បីប្រឆំាងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆំាងលោក កឹម សុខា។ នេះយោងតាមប្រភពវិទ្យុអាស៊ីសេរី។
បាតុកម្មនោះ គ្រោងធ្វើឡើងដោយពលរដ្ឋខ្មែរនៅ ប្រទេសបារំាង អូស្ត្រាលី កាន់ណាដា និងសហដ្ឋអាមេរិកជាដើម។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ លោក កឹម សុខា ថា បានឃុបឃិតជាសម្ងាត់ជាមួយបរទេស ក្បត់ជាតិកម្ពុជា ខណៈលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកកំាង លោក ទូច វិបុល បានថ្លែងថា លោកនឹងដឹកនាំធ្វើបាតុកម្មប្រឆំាងការចាប់ខ្លួនលោក កឹម សុខា ធ្វើនៅទីក្រុងវ៉ាស៊ីនតុន ថ្ងៃទី៩ ឡុងប៊ិច ធ្វើនៅថ្ងៃទី១០។
លោក ទូច វិបុល បញ្ជាក់ថា ការធ្វើបាតុកម្មនេះដើម្បីផ្ញើសារទៅអ្នកធ្វើគោលនយោបាយឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រំា ឲ្យយល់ពីការដឹកនាំផ្តាច់ការរបស់លោក ហ៊ុន សែន កំពុងបំពានលើលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។
ចំណែកសមាជិកព្រឹទ្ធសភានៅរដ្ឋាភិបាលរដ្ឋ Victoria ប្រទេសអូស្ត្រាលី ហុង លីម បានពន្យល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ដែលបញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា ជាការរំលោភច្បាប់ ដោយថាតួនាទីរបស់មេដឹកនាំបក្សប្រឆំាងត្រូវរកវិធីសាស្ត្រតស៊ូបែបអហិង្សា ដើម្បីបានគ្រប់គ្រងអំណាចតាមបែបលទ្ធិប្រជាធិបតេយ្យ។
លោក ហុង លីម និយាយថា លោកដឹកនាំពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើ បាតុកម្មប្រឆំាងលោក ហ៊ុន សែន ដោយថាដើម្បីឲ្យអ្នកដឹកនាំប្រទេសទូទំាងពិភពលោក ជាពិសេសប្រទេសទូស្ត្រាលី យកចិត្តទុកដាក់ពីស្ថានការណ៍នយោបាយនៅកម្ពុជាធ្លាក់ចុះដុនដាប និងអាចឈានទៅរករបបអតីតកាល។
ទោះជាយ៉ាងណា VOD មិនអាចសុំប្រតិកម្ម ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន និងលោក សួស យ៉ារ៉ា បានទេ ដោយទូរសព្ទចូលមិនបានអ្នកទទួល។
ក្រោយពីចាប់ខ្លួនមេបក្សប្រឆំាងលោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និងសហភាពអឺរ៉ុបនិងប្រទេសមួយចំនួនទៀត បានសម្តែងការព្រួយបារម្ភជាខ្លាំង ជុំវិញការចាប់ខ្លួនមេបក្សរូបនោះ ហើយពួកគេ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការគំរាមកំហែងលើគណបក្សប្រឆាំង។ប៉ុន្តែប្រទេសកុំមុយនីស្តចិនបានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕









