តំណាងរាស្រ្តបក្សប្រឆាំង លោក សុន ឆ័យ ស្នើរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ដោះស្រាយបញ្ហារបស់ជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនី សេសានក្រោម២ និងសុំផ្តល់ឯកសារពាក់ព័ន្ធពីគម្រោងសាសង់ទំនប់វារីអគ្គិសនីនេះ ខណៈបក្សប្រឆាំងសង្ស័យថា ការដោះស្រាយសំណងមានភាពមិនប្រក្រតី។
ក្នុងលិខិតដែលមានការឯកភាពពីប្រធានសភាចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ តំណាងរាស្រ្ត បក្សប្រឆាំង លោក សុន ឆ័យ ឲ្យដឹងថា ពលរដ្ឋជនជាតិដើមភាគតិចប្រាប់លោកថា ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ បានធ្វើឲ្យប៉ះពាល់ដល់ការរស់របស់ជនជាតិដើមទាំងនោះដូចជា បាត់បង់មុខរបរ លិចផ្ទះ និងរងការគំរាមកំហែង ការរើសអើង ពីសំណាក់អាជ្ញាធរ នៅទីនោះថែមទៀត។
តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍បន្ថែមលើលិខិតនោះថា មូលហេតុដែលលោក ត្រូវការឯកសារពាក់ព័ន្ធពីគម្រោងទំនប់វារីអគ្គិសនីនោះ ដោយសង្ស័យថា ការដោះស្រាយសំណង់ផលប៉ះពាល់ជូនពលរដ្ឋ មានភាពមិនប្រក្រតី។
លោកបន្តថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគទំនប់វារីអគ្គិសនីនោះ មិនបានគោរពតាម កិច្ចសន្យាក្នុងការផ្តល់សំណងត្រឹមត្រូវដល់ពលរដ្ឋនោះទេ ហើយថា ដីសហគមន៍មួយចំនួន ពលរដ្ឋសង្ស័យថា ត្រូវអាជ្ញាធរឃុបឃិតគ្នា ជាមួយក្រុមហ៊ុនយកដីនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកបន្ថែមថា៖ «របាយការណ៍ខ្លះ ឲ្យដឹងថា វាមានការកេងប្រវ័ញពីក្រុមហ៊ុន វាមានការបញ្ជាពីក្រុមហ៊ុនថា កុំឲ្យច្រើនពេក មិនបាច់ឲ្យតាមកិច្ចសន្យាទេ ដេញចេញទៅ ដូច្នេះក្រសួងត្រូវតែដឹង ដើម្បីឲ្យយើងអាចជួយការពារភាពស្របច្បាប់ ការតវ៉ាត្រឹមត្រូវរបស់ពលរដ្ឋ។ ធម្មតាក្រសួង ជាមួយក្រុមហ៊ុន វាមានការសន្យាដោយលាយលក្ខអក្សរ ដូច្នេះយើងចង់ដឹងថា ក្រុមហ៊ុនបានសន្យា ដូចពលរដ្ឋ ដែលនិយាយមែនទេ ដើម្បីយើងសហការ ជាមួយក្រសួងដែរ បង្ខំឲ្យក្រុមហ៊ុន អនុវត្តសំណងហ្នឹង ឲ្យបានត្រឹមត្រូវ និងសុំទុកដីដូនតាពលរដ្ឋដែលពន្លិចហ្នឹង ឲ្យពលរដ្ឋបន្តការ ប្រើប្រាស់បន្តទៀត»។
វិអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា បានទេ ចំពោះបញ្ហានេះ ខណៈរដ្ឋលេខាធិការក្រសួងរ៉ែ លោក ម៉េង សក្កិធារ៉ា បដិសេធមិនធ្វើអធិប្បាយ។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការដោះស្រាយផលប៉ះពាល់ពេលកន្លងមក គឺមានបញ្ហាជាច្រើន ដោយផ្ទះដែលផ្តល់ឲ្យពលរដ្ឋនោះមិនមានគុណភាព និងទីតាំងថ្មីនោះ មិនអំណោយផល សម្រាប់ការបង្កបង្កើនផលដូចទីតាំងចាស់ជាដើម។
លោកបន្តថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហានេះ ដោយផ្អែកលើតម្រូវការពិតប្រាករបស់ពលរដ្ឋ ឬផ្តល់ទីតាំងណា ដែលពួកគេអាចរស់នៅស្រួល ដូចទីតាំងចាស់។
លោកបន្ថែមថា៖ «យើងបានឃើញហើយថា ការដោះដូរថ្មីនេះ ពួកគាត់មើលឃើញអ្នកដែលគាត់បានទៅនោះគឺមានបញ្ហាច្រើន ដូច្នេះហើយ ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែរកទីតាំងណាមួយ ដែលប្រហែលនឹងតំបន់ចាស់របស់គាត់ ហើយអាចផ្តល់ ឬធ្វើពិធីផ្សេងៗ តាមបែបសាសនាប្រពៃណីរបស់ពួកគាត់បាន។ ខ្ញុំជឿជាក់ថា ប្រហែលជាអាចរកដំណោះស្រាយបាន ព្រោះយើង មិនចង់ឲ្យមានការបណ្តេញចេញទាំងបង្ខំ ហើយមិនចង់ឃើញពលរដ្ឋ នៅតំបន់ហ្នឹងទទួលរង ហិង្សា ឬក៏បាត់បង់អាយុជីវិតទេ»។
កាលពីខែសីហាឆ្នាំ២០១៧នេះ ជនជាតិដើមភាគតិច ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង បានដើរដាក់ញត្តិតាមស្ថាប័នរដ្ឋកំពូលៗមួយចំនួន ដើម្បីទាមទារឲ្យរដ្ឋាភិបាលផ្តល់សេវាសាធារណៈជូនពួកគេវិញ និងបញ្ឈប់ការយកកំលាំងប្រដាប់អាវុធមកគំរាមកំហែងលើពួកគេ រួមទាំងបញ្ឈប់ការបណ្តេញចេញទាំងបង្ខំ។
កាលណោះ ក្រុមពលរដ្ឋឲ្យដឹងថា គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ បានធ្វើឲ្យប៉ះពាល់ដល់ភូមិចំនួន៦ភូមិ នៃឃុំចំនួនពីរក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានពលរដ្ឋរស់នៅចំនួន៨៤៦គ្រួសារកំពុងរស់នៅ តែរហូតមកដល់ពេលនេះ អ្នកដែលរងផលប៉ះពាល់មួយចំនួន បានសម្រេចទទួលយកសំណង ខណៈពលរដ្ឋ១២៦គ្រួសារទៀត កំពុងរង់ចាំដំណោះស្រាយ៕









