លោក ហ៊ុន​ សែន ព្រមានជាថ្មីពីការរំលាយបក្សសង្គ្រោះជាតិ មុនបោះឆ្នោតឆ្នាំ២០១៨

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ

លោកនាយករដ្ឋមន្ដ្រី ព្រមានជាថ្មីថា គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា អាចនឹងត្រូវរំលាយចោល បើរកឃើញថា ប្រធានបក្សមួយនេះ មានទោសពីបទក្បត់ជាតិ ដូចដែលតុលាការ បានចោទប្រកាន់។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅសកលវិទ្យាល័យមួយ នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧ មុនពេលចេញដំណើរទៅប្រទេសចិន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ព្រមានជាថ្មីទៀតថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរំលាយចោល នៅមុនការបោះថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ។

លោកព្រមានថា មន្ដ្រីបក្សប្រឆាំងផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ នឹងអាចត្រូវតុលាការចោទពីបទសមគំនិតផងដែរ បើរកឃើញថា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា មានទោសពីបទក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។

លោកថ្លែងថា៖ «ឯសម្រាប់អ្នកអំពើក្បត់ជាតិ មិនត្រូវទទួលបានការអត់ឪនទេ សភាបើកការប្រជុំនៅថ្ងៃនេះ បើអំពើក្បត់ជាតិនេះ ត្រូវសមគំនិតដោយក្របខ័ណ្ឌបក្សទាំងមូល បក្សនោះ ក៏នឹងត្រូវទទួលរងនូវការដាក់ពិន័យខាងផ្លូវច្បាប់ គឺរំលាយគណបក្សនយោបាយចោលតែម្ដង។ ហើយប្រសិន បើបក្សនយោបាយ នៅតែបន្ដរារាំង ឬបន្ដការពារជនក្បត់ជាតិនេះ មានន័យថា បក្សមួយនេះ គឺក្បត់ជាតិទៅហើយ»។

លោកនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ថែមថា បើគ្មានបក្សប្រឆាំង ក៏ការបោះឆ្នោតឆ្នាំ២០១៨ អាចប្រព្រឹត្តទៅជាធម្មតា ដោយលោកថា នៅមានគណបក្សច្រើនទៀត នឹងចូលរួមប្រកួតប្រជែង នាពេលខាងមុខ។

អនុប្រធានគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ អះអាងថា គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយឡើយ បើសិនរដ្ឋាភិបាលមិនដោះលែងលោក កឹម សុខា ទេនោះ។ លោកស្រីរិះគន់ថា បើគណបក្សប្រឆាំង ត្រូវគេហាមឃាត់មិនឲ្យចូលរួមប្រកួតប្រជែង នោះការបោះឆ្នោតនៅឆ្នាំ២០១៨ នឹងមិនអាចទទួលយកបានឡើយ ដោយថា ការបោះឆ្នោតនោះ គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិសេសនឹងរងការរិះគន់ពីសហគមន៍អន្ដរជាតិ។

នៅថ្ងៃចន្ទនេះដែរ អង្គការក្នុងស្រុកចំនួន១៣ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញក្ដីបារម្ភ ជុំវិញការគំរាមកំហែងអង្គការសង្គមស៊ីវិល និងការចាប់ខ្លួនលោក កឹម សុខា។ បណ្ដុំអង្គការសង្គមស៊ីវិលទាំងនោះ ស្នើរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្ដរជាតិ ជួយស្ដារស្ថានការណ៍នយោបាយនេះ ឲ្យប្រសើរឡើងវិញ ដោយថា ដើម្បីឆ្ពោះទៅរកការបោះឆ្នោតមួយ ដែលភាពសេរី និងយុត្តិធម៌ នៅឆ្នាំក្រោយ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅគេហដ្ឋានរបស់លោក កាលពីយប់ថ្ងៃទី២កញ្ញា ឈានចូលថ្ងៃទី៣ ខែកញ្ញា តាមបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ លោក កឹម សុខា គឺជាមនុស្សទី៣ ដែលត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដោយចោទពីបទ «ផលិតគ្រឿងញៀន» និងលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដោយចោទពីបទ «ប្រមាថកងទ័ពជាតិ» និងប្រមាថព្រះមហាក្សត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ