ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា

លោក កឹម សុខា ពេលចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ​ឆ្នាំ២០១៧។

ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច នៅព្រឹកនេះ បាន​សម្រេច​បើក​ផ្លូវ​ឲ្យ​តុលាការ​ចាត់​ការ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ ទាំង​មិន​មាន​វត្តមាន​របស់​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នោះ​ឡើយ។

លោក ​កឹម សុខា ត្រូវ​បានសាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ចោទ​ប្រកាន់​ពីបទ​សន្និដ្ឋិភាព​ជា​មួយ​បរទេស​ ដោយ​ថានេះ ​ជា​ទោស​ក្បត់​ជាតិ ខណៈលោក កឹម សុខា កំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធ​នាគារ​ត្រពាំង​ថ្លុង​ ខេត្តត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម។

ក្នុងអង្គប្រជុំវិសមញ្ញ​​នៅថ្ងៃទី១១ខែកញ្ញា ប្រធានរដ្ឋសភាលោក ហេង សំរិន បានប្រកាសឲ្យតុលាការ​បន្តនីតិវិធី ​លើសំណុំ​រឿង​មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយសំឡេងគំាទ្រ​របស់​​​​​រាស្ត្រ​​បក្ស​កាន់​អំណាច ចំនួន៦៧រូប ខណៈ​ការ​ប្រជុំនោះ ពុំមានវត្តមានបក្សប្រឆំាងចូលរួមប្រជុំនោះទេ។

អគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានពន្យល់​បន្ថែមថា ការប្រជុំសភានៅព្រឹកនេះ បើទោះជា​ពុំមាន​វត្តមាន​តំណាង​​រាស្ត្រគណបក្សប្រឆំាងចូលរួម ក៏សភាអាច​ប្រជុំបាន ​ស្របតាមរដ្ឋធម្មនុញ្ញដែរ​ ​ដោយថា សភាយក​ប្រការ​៤១ថ្មី នៃ​បទ​​​បញ្ជា​​ផ្ទៃ​ក្នុ​ងនៃ​​​រដ្ឋភា មកអនុវត្ត​។ ករណីនេះ លោកថា ​តុ​លាការអាច​​បន្ត​នីតិវិធីលើលោក កឹម សុខា ដើម្បី​ចាត់​វិធាន​ការ​ច្បាប់​។

លោកមានប្រសាសន៍ថា៖ «២ភាគ៣ សម្រាប់ប្រជុំដកអភ័យឯកសិទ្ធិ ដើម្បីប្រជុំសម្រេចយើងយោង​ប្រការ៤១ថ្មី នៃបទបញ្ជាផ្ទៃ​ក្នុង ប្រការ៤១ថ្មី ការអនុម័តទំាងឡាយ​ណា ត្រូវ​យក​មតិភាគច្រើន ដែលមានកំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ ក្រៅពីនេះ មតិភាគច្រើន ដាច់ខាតនៃចំនួនសមាជិកសភាទំាងមូល ត្រូវ​ទុកជាបានការ វាលែងតែមានការកំណត់ក្នុង​ច្បាប់ដោយឡែក​។ រដ្ឋធម្មនុញ្ញ កំណត់​តែពីរ​ទេ ​មាត្រា​៨៨ នៃរដ្ឋធម្មនុញ្ញ គេនិយាយកូរ៉ុមតែពីរទេ គឺកូរ៉ូម២ភាគ៣ សម្រាប់ដកអភ័យឯកសិទ្ធិ កូរ៉ុមលើសពីពាក់​កណ្តាល​​ ចំពោះការសម្រេច​ វាទាមទារឲ្យការអនុម័យ ៥០បូក១ អញ្ចឹងបានយើងយកវាក្យខ័ណ្ឌទី២ នៃប្រការ៤១នេះ ក្រៅពី​នេះ​មតិភាគច្រើនដាច់ខាតនៃសមាជិករដ្ឋសភាទំាងមូលត្រូវ​ទុកជាបានការ វាលែងតែមានការកំណត់ក្នុងច្បាប់​ដោយ​ឡែក យើង​យក​កូរ៉ុម៥០បូក១នេះមកបញ្ចូល ដើម្បី​សម្រេច​»។

ភ្លាមៗ VOD មិនអាចសុំប្រតិកម្ម​ ពីតំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិបានទេ។

តំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ បានឲ្យដឹង​កាល​ពី​ថ្ងៃ​១០ខែកញ្ញាថា ការអនុម័តក្នុងអង្គប្រជុំនោះ នឹ​ង​​ខុសច្បាប់ និង​​រំលោភ​រដ្ឋ​ធម្មនុញ្ញមាត្រា៨០ ដោយ​លោក​ថា គណបក្សកាន់អំណាច មិនមានសំឡេងគាំទ្រ២ភាគ៣ ក្នុង​ការ​សម្រេចព្យួរអភ័យឯកសិទ្ធិ ឬមានសំឡេង​៣​ភាគ៤ នៃ​សមាជិក​​រដ្ឋសភា ក្នុងការគាំទ្រឲ្យតុលាការ ចាត់ការ​លើករណី លោក កឹម សុខា​។

ចំពោះ លោកមេធាវី សុក សំអឿន ហាក់ស្ទាក់ស្ទើក្នុងការពន្យល់ពាក់ព័ន្ធនិងសភាសម្រេ​ចបន្តនីតិវិធី​របស់តុលាការ​លើ​រឿង​លោក កឹម សុខា ដោយលោកថា ច្បាប់កម្ពុជា​នៅចន្លោះប្រហោងពាក់ព័ន្ធអភ័យឯកសិទ្ធិរបស់តំណាង​រាស្ត្រ។

លោកនិយាយថា៖ «រដ្ឋធម្មនុញ្ញ បានកំណត់ថា បើចង់ផ្អាក [នីតិវិធី]ត្រូវ​ការសំឡេង៣ភាគ៤ ដូច្នេះផ្អាកអត់កើតផង ដកអភ័យ​ឯក​សិទ្ធិ​ អត់កើតទៀត មានតែតុលាការដំណើរការទៅមុខ​ ទាល់តែមានស្ថាប័នណាមួយ សម្រេច​ថា អត់ទៅមុខ​កើត ទេ ព្រោះ​អត់​ទាន់បានដកអភ័យឯសិទ្ធិកើតផង ដូច្នេះរដ្ឋធម្មនុញ្ញត្រង់ហ្នឹង ត្រូវ​កែឲ្យបានច្បាស់លាស់ បានអត់មានបញ្ហាដូច សព្វថ្ងៃ​​»។

មាត្រា៨០ នៃរដ្ឋធម្មនុញ្ញមានខ្លឹមសារ​ថា ការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនសមាជិកសភាណាមួយ នៃរដ្ឋសភា​នឹង​អាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀវលែងតែក្នុង​ករណី​បទ​ល្មើ​ស​ព្រហ្ម​ទណ្ឌ​ជាក់ស្តែង។ ករណី​នេះ ​ស្ថាប័នមានសមត្ថកិច្ច ត្រូវ​រាយការណ៍ជូនរដ្ឋសភា ឬគណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​​​សភា​ជា​បន្ទាន់​ ដើម្បីសម្រេច។ ​ការសម្រេច​នេះ ត្រូវមានការយល់ព្រមពីមតិភាគច្រើន២ភាគ៣ នៃសមាជិកសភាទំាងមូល​​។

មាត្រាដដែលបញ្ជាក់ថា ចំណែក​ ការឃុំខ្លួន ការចោទប្រកាន់តំណាង​រាស្ត្រណាមួយ ត្រូវ​ផ្អាក ប្រសិនបើរដ្ឋសភាបាន​បញ្ចេញ​មតិឲ្យផ្អាក​តាមមតិភាគច្រើន៣ភាគ៤ នៃចំនួនសមាជិកសភាទំាងមូល។

លោក កឹម សុខា ត្រូវបានចាប់ខ្លួន ទាំងកណ្តាលយប់ដោយ​គ្មានដីកា កាលពីយប់ថ្ងៃទី០២ ចូលដល់​ថ្ងៃទី០៣​ ខែកញ្ញានេះ ខណៈអ្នកវិភាគ អ្នកច្បាប់ និងគណបក្សប្រឆំាង អះអាងប្រហាក់ប្រហែលគ្នាថា ករណី​ចាប់ខ្លួន កឹម សុខា រំលោភ​អភ័យ​ឯក​សិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។

ក្រោយពីអាជ្ញាធរ​ចាប់ខ្លួនមេបក្សប្រឆំាង​លោក កឹម សុខា តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗ រួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេ​បក្ស​រូប​នោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​​បក្សប្រឆាំង។ ប៉ុន្តែប្រទេសកុំមុយនីស្តចិន បាន​គំាទ្រ​​​ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ