ពលរដ្ឋខ្មែរអាមេរិករាប់រយនាក់ បានប្រមូលគ្នាធ្វើបាតុកម្មតវ៉ានៅមុខក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីយប់មិញនេះ ដោយទាមទារទៅរដ្ឋាភិបាលអាមេរិកឲ្យដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងទាមទារឲ្យដោះលែងមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា។
កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ពលរដ្ឋអាមេរិកដើមកំណើតខ្មែររាប់រយនាក់ បានជួបជុំគ្នានៅមុខក្រសួងការបរទេសអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពួកគេអះអាងថា មានការរំលោភសិទ្ធិមនុស្ស និងគាប់សង្កត់សេរីភាពនយោបាយ។
នៅក្នុងវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក អតីតអគ្គកុងស៊ុលខ្មែរប្រចាំនៅទីក្រុងឡូវែ (Lowell) សហរដ្ឋអាមេរិក លោក នួន វាសនា បានលើកឡើងពេលតវ៉ាថា លោក និងប្រជាពលរដ្ឋខ្មែរទាំងអស់ព្រួយបារម្ភពីស្ថានការណ៍នយោបាយខ្មែរនាពេលបច្ចុប្បន្ននេះ ដោយលោកថា រដ្ឋាភិបាលលោក ហ៊ុន សែន បន្តរំលោភសិទ្ធិមនុស្ស តាមរយៈការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា NDI ការបិទសារព័ត៌មានឯករាជ្យក្នុងស្រុក និង ការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
លោក នួន វាសនា បន្តថា ប្រជាពលរដ្ឋមកពីរដ្ឋផ្សេងៗបានជួបជុំគ្នាតវ៉ា ដើម្បីជំរុញឲ្យរដ្ឋាភិបាលអាមេរិកដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស ដោះលែងលោក កឹម សុខា និង ធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នាពេលខាងមុខ។
ក្រុមពលរដ្ឋអាមេរិកដើមកំណើតខ្មែរទាំងនោះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ជិតពីរសប្ដាហ៍បន្ទាប់ពីលោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោមការចោទពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញសម្ដីរបស់លោក ដែលបានថ្លែងនៅក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣ អំពីការជួយជ្រោមជ្រែងខាងផ្នែកប្រជាធិបតេយ្យពីសំណាក់សហរដ្ឋអាមេរិក។
មិនមែនមានតែពលរដ្ឋអាមេរិកដើមកំណើតខ្មែរទេដែលបានធ្វើបាតុកម្មនោះ ពលរដ្ឋខ្មែររស់នៅតាមបណ្ដាប្រទេសដទៃទៀត ដូចជាអូស្ត្រាលីជាដើម ក៏បានធ្វើបាតុកម្មទាមទារឲ្យដោះលែងមេបក្សប្រឆាំងរូបនេះផងដែរ។
ការតវ៉ារបស់ពលរដ្ឋខ្មែរនៅឯបរទេស បានកើតឡើងក្រោយពីការបិទរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងនោះមានទាំងកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យ។
ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ បានជំរុញឲ្យមានប្រតិកម្មព្រោងព្រាតពីបណ្ដាប្រទេសប្រជាធិបតេយ្យ ជាពិសេសអង្គការសហប្រជាជាតិ លើកលែងតែប្រទេសចិនកុម្មុយនីស្តប៉ុណ្ណោះ ដែលបានចេញមុខការពាររដ្ឋាភិបាលក្រុងភ្នំពេញថា ចំណាត់ការនេះ ជាការការពារសន្តិសុខ និងស្ថេរភាពជាតិនោះ៕









