អាជ្ញាធរភ្នំពេញឲ្យរើចេញបណ្តាញខ្សែកាបិ៍្ល និងផ្ទាំងប៉ាណូនៅជុំវិញស្ពានជ្រោយចង្វារចាស់

សាលារាជធានីភ្នំពេញ​

សាលារាជធានីភ្នំពេញ ឲ្យម្ចាស់បណ្តាញខ្សែកាបិ៍្ល និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនានា នៅជុំវិញស្ពានជ្រោយចង្វារទី១ត្រូវរុះរើចេញ ដោយថា ដើម្បីយកកន្លែងនោះ ធ្វើការដ្ឋាន​ជួសជុលស្ពានឡើងវិញ។

ក្នុងសេចក្តីជូនដំណឹងចុះទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាលារាជធានីភ្នំពេញ តម្រូវឲ្យអង្គភាពរដ្ឋ និងម្ចាស់ក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបណ្តាញខ្សែកាបិ៍្លទាំងនៅលើអាកាស និងក្រោមដី រួមទាំងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មនានានៅជុំវិញការដ្ឋានជួសជុលស្ពានត្រូវរុះរើឬរំកិលចេញ ឲ្យបានមុនថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬ ស្ពានជ្រោយចង្វារចាស់ ធ្លាប់​ផ្អាកមិនឲ្យធ្វើចរាចរណ៍នៅដើមឆ្នំា២០១៥​ ដើម្បី​​ឲ្យមន្ត្រីជំនាញរបស់កម្ពុជា និងជប៉ុន ចុះពិនិត្យ​ទម្រស្ពាន ដោយសារ​ស្ថានភាពទ្រុឌទ្រោម ខណៈ​ស្ពាន​នោះ​មានអាយុជិត៥០ឆ្នាំ ហើយស្ពាននោះនឹងចាប់ផ្តើមជុសជុលម្តងទៀតនៅថ្ងៃទី១ខែតុលាខាងមុខនេះ។

គួរបញ្ជាក់ថា ស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៦៦ ក្រោម​​ជំនួយ​របស់រដ្ឋាភិបាលជប៉ុន ប៉ុន្តែអំឡុងដើមទសវត្សរ៍ឆ្នាំ៧០ ស្ពាននេះត្រូវបានកាត់ផ្តាច់ក្នុងសម័យ​សាធារ​ណ​រដ្ឋខ្មែរ ដែលគ្រប់គ្រងដោយរបបលោក លន់ នល់។ រហូតដល់ឆ្នាំ១៩៩៥ ស្ពាន​នេះ ត្រូវ​បានរាជរដ្ឋាភិបាលជប៉ុនជួសជុលតភ្ជាប់ឲ្យដំណើរការវិញរហូតដល់បច្ចុប្បន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ