រដ្ឋាភិបាលព្រមានប្ដឹងក្រុមហ៊ុនចំនួន៣ បើមិនព្រមបង់ពន្ធ

ច្រកចូល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតនៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា នឹងប្ដឹងក្រុមហ៊ុនចំនួន៣ ឲ្យសងបំណុលពន្ធជូនរដ្ឋាភិបាល ប្រសិនបើម្ចាស់ក្រុមហ៊ុនទាំងនោះ មិនចូលខ្លួនមកដោះស្រាយ តាមការកោះអញ្ជើញ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី១២ខែកញ្ញាកន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា ក្រុមហ៊ុនមិនទាន់បានបង់ពន្ធនោះ គឺលក់ដូរផ្នែកគ្រឿងសង្ហារឹម និងសំណង់ រួមមាន ក្រុមហ៊ុន ដា ម៉ា ខេមបូឌា ប៊ីលឌីង ក្រុមហ៊ុន ទីប អឹមខេ និងក្រុមហ៊ុន អេស ឌី សឺលូសិន។ ប៉ុន្ដែសេចក្ដីប្រកាសនេះ មិនបានបញ្ជាក់ទំហំប្រាក់បំណុលពន្ធ ដែលជំពាក់នោះទេ។

អគ្គនាយកដ្ឋានពន្ធដារ អះអាងថា កន្លងមក រដ្ឋាភិបាលបានផ្ញើលិខិតកោះអញ្ជើញនាយកក្រុមហ៊ុនខាងលើនេះជាច្រើនដងមកហើយ ប៉ុន្ដែពួកគេនៅតែមិនទាន់ចូលខ្លួន មកដោះស្រាយបញ្ហាបំណុល ដែលជំពាក់នៅឡើយ។

បើតាមសេចក្ដីប្រកាស អគ្គនាយកដ្ឋានពន្ធដារ ព្រមានថា «ក្នុងករណី មិនបានអញ្ជើញមក តាមកាលកំណត់ខាងលើនេះទេ លោកនាយកត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ […] ហើយអគ្គនាយដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ក្រុមហ៊ុន ដែលជាអ្នកជាប់ពន្ធ»។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារ ប្រកាសទុកពេលចំនួន១៥ថ្ងៃ ដើម្បីឲ្យម្ចាស់ក្រុមហ៊ុនខាងលើចូលខ្លួនមកដោះស្រាយជាមួយគ្នា គិតចាប់ពីថ្ងៃចេញសេចក្ដីប្រកាសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ