ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា នឹងប្ដឹងជំទាស់ទៅតុលាការកំពូលក្នុងសប្ដាហ៍នេះ

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (FB: លោក កឹម សុខា)

សហមេធាវីការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ក្រុមមេធាវីនឹងប្ដឹងជំទាស់ទៅតុលាការកំពូល នៅក្នុងសប្ដាហ៍នេះ ដើម្បីប្រឆាំងនឹងដីកាសម្រេចរបស់សាលាឧទ្ធរណ៍ ដែលឲ្យបន្តឃុំខ្លួនលោក កឹម សុខា នៅពន្ធនាគារ ដូចសាលាដំបូងរាជធានីភ្នំពេញ។

លោក សំ សុគង់ មេធាវីម្នាក់ ក្នុងចំណោម៧នាក់​ ដែលការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីថា ការសម្រេចប្ដឹងជំទាស់នេះ ក្រោយពីសាលាឧទ្ធរណ៍ បានសម្រេចឲ្យបន្តឃុំខ្លួនកូនក្តីនៅពន្ធនាគារដដែល និងបន្ទាប់ពីពួកគេ បានជួបពិភាក្សាជាមួយកូនក្ដី។

លោកមានប្រសាសន៍ថា ក្រុមមេធាវី បានឯកភាពគ្នាថា នឹងប្ដឹងជំទាស់ទៅតុលាការកំពូល នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីឲ្យតុលាការជាន់ខ្ពស់មួយនេះ ពិនិត្យមើលឡើងវិញ ចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម។

លោក៖ «ក្រុមមេធាវីយល់ឃើញថា លក្ខខណ្ឌក៏ដូចជា សំអាងហេតុ នៅក្នុងដីកាសម្រេចឲ្យឃុំខ្លួន មិនទាន់មានលក្ខណៈមួយត្រឹមត្រូវ ហើយមិនបានបំពេញទៅតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌដោយសា ឯកឧត្ដម កឹម សុខា មានលក្ខខណ្ឌគ្រប់គ្រាន់ ដែលតុលាការគួរតែសម្រេចឲ្យឯកឧត្តម បាននៅក្រៅឃុំបណ្ដោះអាសន្ន»

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧  សាលាឧទ្ធរណ៍ បានបង្គាប់ឲ្យបន្តឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដូចសាលាដំបូងរាជធានីភ្នំពេញដែរ ដោយសម្រេចច្រានចោលបណ្តឹងជំទាស់របស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា។

នៅថ្ងៃសវនាការដដែលនោះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ទាំង៦នាក់ បានដើរចេញពីបន្ទប់សវនាការ ក្រោ​​យពីចូលរួមតតាំងជាមួយចៅក្រមរយៈពេលជិត២ម៉ោង ដើម្បី​ទាមទារឲ្យលើកពេលសវនាការ ដោយសំអាងថា អវត្តមានកូនក្តី​ ប៉ុន្តែ​ចៅក្រមមិនព្រម។​

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា​ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួននៅ​ព​ន្ធ​​នា​​គារ​​​ត្រ​ពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីដើមខែកញ្ញា ដោចោទថា «ក្បត់​ជាតិ​»។

ទោះ​ជាយ៉ាងណា ការចាប់ខ្លួន លោក កឹម សុខា  រដ្ឋាភិបាល អះអា​ង​ថា​​​ ជា​វិធានការច្បាប់។ ​ប៉ុន្តែសហ​គ​ម​ន៍​​​​​អន្តរជាតិ មានស​ហ​ភា​ព​អឺរុប បារាំង អាលឺម៉ង់ និងសហ​រដ្ឋអាមេរិកផងនោះ ​ហៅ​​ការចាប់​ខ្លួន​នេះ​ថា ជា​​ការ​គាំរាម​កំហែ​ងផ្នែកន​យោ​​បា​​​យ និងទាមទារឲ្យដោះ​លែង​ជា​បន្ទាន់​ ដោយថា ដើម្បីឲ្យ​ដំ​ណើ​​​រការ​បោះ​​​ឆ្នោ​​​តខាងមុខ ដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ