លោក ហ៊ុន សែន កោត​សរសើរ​​ថា កំណែ​ទម្រង់​វិស័យ​អប់រំ​កែ​ប្រែ​ឥរិយាបថ​យុវសិស្ស​ជំនាន់​ក្រោយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះ បាន​កោត​សរសើរ​ដល់​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ថា កំណែ​ទម្រង់​វិស័យ​អប់រំ​បាន​ជះ​ឥទ្ធិពល​ដល់​មហាជន ដើម្បី​ជំរុញ​ឲ្យ​​សិស្សានុសិស្ស​ខិត​ខំ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​នេះ លោក​ ហ៊ុន សែន ថ្លែង​ថា៖«កំណែ​ទម្រង់​វិស័យ​អប់រំ​មួយ​នេះ វា​បាន​ផ្ដល់​ឱកាស​ធំ​ណាស់​សម្រាប់​​កុមារ សម្រាប់​យុវជន មាតា​បិតា និង​អាណាព្យាបាល ដើម្បី​ជំរុញ​ពួក​គេ​ឲ្យ​ខិត​ខំ​រៀន។ មាតា​បិតា​ គឺ​តាស់​តឿនឲ្យកូន​បាន​​ខិត​ខំ​រៀន។ ជោគជ័យ​នៃ​កំណែទម្រង់​​ក្នុង​វិស័យ​អប់រំ បាន​ទទួល​ផ្លែផ្កា​រួច​មក​ហើយ ក្នុង​ហ្នឹង ផ្នែក​ដ៏​សំខាន់​មួយ គឺ​ទាក់ទង​នឹង​កំណែ​ទម្រង់​ក្នុង​ការ​ប្រឡង​​មធ្យម​សិក្សា​ទុតិយភូមិ»។

ក្រៅ​ពី​ថ្លែង​កោត​សរសើរ​ដល់​ការ​រៀបចំ​ការ​ប្រឡង​បាក់ឌុប​កាល​ពី​ខែ​សីហា​កន្លង​ទៅ លោក​នាយករដ្ឋ​មន្ត្រី ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​កំណែ​ទម្រង់​មួយ​នេះ បាន​ជះ​ឥទ្ធិពល និង​ប្រតិសកម្ម​ចំពោះ​​ឥរិយាបថ​របស់​សិស្ស របស់​យុវជន កុមារ ក៏​ដូច​ជា​មាតា​បិតា​ និង​អាណាព្យាបាល​របស់​សិស្ស។

កំណែ​ទម្រង់​វិស័យ​អប់រំ​កម្ពុជា បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពី​លោក​បណ្ឌិត ហង់ជួន ណារ៉ុន ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​ជា​រដ្ឋ​មន្ត្រីថ្មី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។

ស្ថិត​ក្រោម​រដ្ឋបាល​របស់​រដ្ឋ​មន្ត្រី​អប់រំ​ថ្មី ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ត្រូវ​បាន​រឹត​បន្តឹង នៅ​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

លទ្ធផល​នៃ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៧​នេះ បង្ហាញ​ថា បេក្ខជន​ប្រឡង​ដល់​ទៅ​ជាង ៦៣​ភាគរយ បាន​ប្រឡង​ជាប់ នៅ​ក្នុង​ចំណោម​បេក្ខជន​សរុប​ជាង ១០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​សិស្ស​ដល់​ទៅ ៤២៤​នាក់ ទទួល​បាន​លំដាប់​ពិន្ទុរ​ខ្ពស់ ឬ​និទ្ទេស A ឬ​កើន​ឡើង​ជាង ៤​ភាគរយ បើធៀប​នឹង​តួលេខ​កាល​ពី​ឆ្នាំ​មុន៕

ជាមួយកំណើននៃជយលាភីនិទ្ទេស A បែបនេះ លោក ហ៊ុន សែន បានថ្លែងថា លោកត្រូវបញ្ជាទិញកុំព្យូទ័របន្ទះ ឬ ឧបករណ៍ iPad ដល់ទៅជាង ៤០០គ្រឿងពីបរទេសដោយផ្ទាល់ ដែលលោកថា សម្រាប់ប្រគល់ដល់ជយលាភីនិទ្ទេស A នៅក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ