ប្រវត្តិសិក្សា និងស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ

រូបភាពពី GOOGLE

លោក វណ្ណ ម៉ូលីវណ្ណ គឺជា​ស្ថាបត្យករ និង ជា​អ្នក​រៀប​ចំ​ក្រុង​ដ៏​មាន​ទេពកោសល្យ​របស់​ប្រទេស​កម្ពុជានៅ​សម័យ​សង្គមរាស្ត្រ​និយម​​។ លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅថ្ងៃទី២៣ខែវិច្ឆិកា ​ឆ្នាំ ១៩២៦នៅក្នុងខេត្តកំពត។​ លោក​​មាន ឪពុក​ជា​អ្នកជនបទ និង​ ម្តាយជា​អ្នក​ភ្នំពេញ។ លោកជា កូនទី២ ក្នុងចំណោមបងប្អូនចំនួន​៣នាក់គឺលោកមានបងប្រុសម្នាក់ និង​ប្អូនស្រីម្នាក់។​

ជីវិត​សិក្សា

នៅឆ្នាំ១៩៤៦ លោក​ វណ្ណ ម៉ូ​លីវណ្ណ ទទួលបាន​​អាហារូបករណ៍ ​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ខាង​ផ្នែក​ច្បាប់។ បន្ទាប់​ពី​សិក្សា ​បាន​រយៈពេល១ឆ្នាំ ផ្នែក​ច្បាប់​ លោកក៏​បាន​ប្តូរទៅ​រៀន​ផ្នែក​ស្ថាបត្យកម្មនៅ​សាកលវិទ្យាល័យ Ecole des Beaux​ Art របស់​បារាំង​។ លោក ម៉ូលីវណ្ណ ​បានបញ្ចប់​ការ​សិក្សា​នៅ​ប្រទេស​បារាំង ​នៅ​ឆ្នាំ១៩៥១។  ក្នុងពេល​រស់នៅ និង​ សិក្សានៅក្នុងប្រទេសបារាំង លោកបានចាប់អារម្មណ៍ជក់ចិត្តខ្លាំង និង ព្យាយាមរៀនសូត្រពីគំរូស្ថាបត្យកម្ម​ថ្មីៗនៅទីនោះ។​

ជីវិតគ្រួសារ

លោក វណ្ណ ម៉ូលីវណ្ណ បាន​រៀប​អាពាហ៍ពិពាហ៍នៅ​ប្រទេស​បារាំង ដែលភរិយារបស់លោកជា ជនជាតិស្វីស។ ចំណងអាពាហ៍ពិពាហ៍នេះ លោក​មានកូនចំនួន​៦នាក់ គឺប្រុស៣ ស្រី៣។ បច្ចុប្បន្ន​កូនខ្លះរស់នៅបរទេស និង ខ្លះរស់នៅកម្ពុជា។​

ចំណែកភរិយារបស់លោក ជាជនជាតិស្វីសរស់នៅជាមួយលោក នៅភូមិគ្រឹះម៉ូដបុរាណមួយនៅក្នុងក្រុងសៀមរាប រហូតដល់ថ្ងៃលោក ទទួលមរណភាពនៅថ្ងៃទី​២៨ខែកញ្ញា ឆ្នាំ​២០១៧។​

ឯកសារជាច្រើនទាំងជាតិ និង អន្តរជាតិ​ បានបង្ហាញពីប្រវត្តិសិក្សា និង ស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ ប៉ុន្តែមិនសូវមាននិយាយពីជីវិតផ្ទាល់ខ្លួន និង គ្រួសារនោះទេ។​

ជីវិត​ការងារ  និង ស្នាដៃបន្សល់ទុកដល់បច្ចុប្បន្ន

បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសបារាំង ពោរពេញទៅដោយសមត្ថភាព និងទេពកោសលនោះ លោក​បានត្រលប់មកកម្ពុជានៅឆ្នាំ​១៩៥៥  ហើយមួយឆ្នាំក្រោយមកលោក ត្រូវបានតែងតាំងជា ប្រធានស្ថាបត្យករកម្ពុជា។​ លោកបានគូសប្លង់សំណង់អគារល្បីៗ ជាច្រើន​នៅក្នុងទសវត្សរ៍៥០ និង ៦០ ដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និង នៅក្នុងតំបន់។​ ស្នាដៃសំខាន់ៗរបស់លោក រួមមាន​៖

១. វិមានឯករាជ្យ  កសាងឡើងក្នុងរាជធានីភ្នំពេញនៅឆ្នាំ១៩៥៨ ជាការបញ្ជាក់ពីមោទនភាពរបស់កម្ពុជា ទទួលបានឯករាជ្យពីអាណានិគមន៍បារាំងនៅឆ្នាំ១៩៥៣។​

២. ពហុកីឡដ្ឋានជាតិអូឡាំពិក កសាងឡើងនៅក្នុងឆ្នាំ១៩៦២ ផ្ទុកមនុស្សបាន​ ៦០ ០០០នាក់​។ កាលនោះសំណង់នេះ ល្អស្អាតដាច់គេនៅតំបន់អាស៊ីអាគ្នេយ៍។​

៣. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កសាងឡើងនៅឆ្នាំ ១៩៦០ មានការរចនាយ៉ាងប្រណិត។​

៤. សាលសន្និសីទចតុមុខ  ស្ថិតនៅមុខសាលាឧទ្ធរណ៍ ក្បែរព្រះបរមរាជវាំង បន្តប្រើប្រាស់ដល់បច្ចុប្បន្ន។​

៥. វិមានរដ្ឋចំការមន និង រួមទាំងសំណង់ជាច្រើន​ទៀត ដែលនៅបន្តឲ្យកូនខ្មែរនៅមើលឃើញ និង ប្រើប្រាស់ដល់បច្ចុប្បន្ន។

ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ ១៩៧០ បិតាស្ថាបត្យកម្មរូបនេះ បានគូសប្លង់លើគម្រោងសំខាន់ជិត​១០០ គម្រោង។​

នៅ​ឆ្នាំ១៩៦៧ លោក វណ្ណ ម៉ូលីវណ្ណ ត្រូវ​បាន​តែង​តាំង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ហើយ​ក៏ជា​អ្នក​បង្កើត​សាលា​បណ្តុះបណ្តាល​វិស័យសិល្បៈវប្បធម៌ដំបូង​គេគឺ សាកលវិទ្យាល័យវិចិត្រសិល្បៈ នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​គឺជា​សាកលវិទ្យាធិការដំបូង​គេ ​របស់​សាកលវិទ្យាល័យ​នេះ។

ការជម្លៀសចេញពីប្រទេស និង វិលត្រលប់ចូលប្រទេសវិញ​

ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ លោក និង ក្រុមគ្រួសារ បានជម្លៀសខ្លួនទៅរស់នៅក្នុងប្រទេសស្វីស។ ក្នុងឱកាសនោះលោក ក៏បានបម្រើការងារនៅUN Human Settlements Program រយៈពេល១០ឆ្នាំ។​

ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោកបានវិលត្រលប់មកកម្ពុជាវិញនៅឆ្នាំ​១៩៩១ និង បានប្រើប្រាស់ជំនាញរបស់លោក​ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត។​

លោក វណ្ណ ម៉ូលីវណ្ណ ថ្លែងប្រាប់កាសែត ភ្នំពេញ​ប៉ុស្តិ៍កាលពីឆ្នាំ២០១៥ថា លោក​បាននាំគ្រួសារទៅរស់នៅក្នុងទីក្រុងសៀមរាបកាលពីចុងខែកក្កដា ឆ្នាំ ២០១៤ គឺចង់ឲ្យជីវិតចុងក្រោយរបស់លោក បញ្ចប់នៅទីនោះដោយស្ងប់ស្ងាត់ ដោយសារមានអនុស្សាវរីយ៍ច្រើន ព្រោះលោកធ្លាប់ធ្វើជាប្រធានអាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ២០០២។​

លោកក៏បានថ្លែងប្រាប់កាសែត ភ្នំពេញប៉ុស្តិ៍ដោយបារម្ភពី ចំពោះសិស្សនិស្សិតខ្មែរ មិនសូវបានយកចិត្តទុកដាក់រៀនសូត្រពីប្រវត្តិសាស្ត្រដែលមានសារៈសំខាន់។ លោក​បានចងក្រងឯកសារជាច្រើនទុកឲ្យកូនខ្មែរស្រាវជ្រាវ ដែលសៀវភៅទាំងនោះរួមមាន​«គម្រោង​រៀបចំ​ទីក្រុង​ភ្នំពេញ និង​សៀវភៅ​គម្រោង​ទីក្រុង​ខ្មែរ​បុរាណ​»​ ជាដើម​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ