អ្នកមើលថែ ឲ្យដឹងថាសពស្ថាបត្យករដ៏ល្បីរបស់កម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ នឹងត្រូវបូជានៅថ្ងៃអាទិត្យទី១ ខែតុលា ខាងមុខនេះ។
អ្នកមើលថែ លោក វណ្ណ ម៉ូលីវណ្ណ គឺលោក ជិន ជឿន ប្រាប់វីអូឌីនៅព្រឹកថ្ងៃសុក្រទី២៩ខែកញ្ញានេះ ថា ពិធីបុណ្យសពនេះ គឺខាងគណៈកម្មការបុណ្យជាតិរបស់របស់ព្រះបរមរាជវាំង ជាអ្នករៀបចំ ហើយសពលោក វណ្ណ ម៉ូលីវណ្ណ នឹងត្រូវបូជានៅថ្ងៃអាទិ្យទី១ខែតុលា ដោយថា នៅវេលាម៉ោង១និង៤០នាទីរសៀល ក្បួនដង្ហែសព នឹងចេញដំណើរទៅបូជា។
ស្ថាបត្យករល្បីឈ្មោះ ក្នុងសម័យសង្គមរាស្ត្រនិយម លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាព នៅម៉ោង៩និង៤៥នាទីព្រឹកនេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅគេហដ្ឋានរបស់លោក នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
លោក វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីឈ្មោះ ចូលរួមកសាងសំណង់ជាច្រើន នៅក្នុងសម័យសង្គមរាស្ត្រនិយម ហើយបានបន្សល់ទុកដល់បច្ចុប្បន្ន។ លោក វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត៕









