មន្ដ្រីជាន់ខ្ពស់ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្យាយាមពន្យល់ពីមូលហេតុ ដែលជំរុញឲ្យកម្ពុជា ចាប់យកមហាអំណាចចិន ខណៈពេលស្ថានភាពទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ហាក់កាន់តែតានតឹងខ្លាំងឡើង។
នៅក្នុងកិច្ចពិភាក្សាមួយស្ដីពី «បច្ចុប្បន្នភាពទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច» នៅថ្ងៃទី២៩កញ្ញាឆ្នាំ២០១៧ ប្រធាន នៃរាជបណ្ឌិត្យសភា លោក សុខ ទូច ហាក់លាតត្រដាងពីគោលបំណងរបស់រដ្ឋាភិបាល ថា ចង់ចាប់យកប្រទេសកុម្មុយនីស្ដចិន ជាខ្នងបង្អែក ជាជាងជ្រើសយកសហរដ្ឋអាមេរិក ដែលជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក សុខ ទូច អះអាងថា ចិនមិនដែលលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ និងថា ចិនតែងជួយជ្រោមជ្រែងកម្ពុជា តាមរយៈជំនួយឥតសំណង និងការវិនិយោគផ្នែកថាមពលអគ្គិសនី និងកសិកម្មជាដើម។ មួយទៀត លោកថា កម្ពុជាកំពុងត្រៀមខ្លួន ដើម្បីអនុវត្តតាមគោលនយោបាយចិន «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ដោយថា គោលនយោបាយនេះ គឺចិននឹងអាចពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អាស៊ីទាំងមូលនាពេលខាងមុខ។
លោកថា៖ «ហេតុអ្វីកម្ពុជា ត្រូវចាប់ចិន?[…]រឿងស្អីកម្ពុជា មិនចាប់ចិន កម្ពុជាត្រូវតែចាប់ចិន ពីព្រោះចិនដូរវប្បធម៌ ចិនត្រូវគិតកម្ពុជា ចិនមិនអាចភ្លេចកម្ពុជាបានទេ កម្ពុជា បានរងនូវមនោគមន៍វិជ្ជានយោបាយ ចិនបានធ្វើនយោបាយរបស់ជិន ស៊ីវពីង One Belt One Road។ អាមេរិក ក៏មិនត្រូវ ធ្វើបាបកម្ពុជាដែរ គួរតែអាណិតកម្ពុជា ឲ្យកម្ពុជា មានសេរីភាព ក្នុងការដើររបស់ខ្លួន»។
ក្រៅតែពីថ្លែងកោតសរសើររដ្ឋាភិបាលកម្ពុជា និងមហាអំណាចចិន លោក សុខ ទូច រំលឹកថា កាលពីកម្ពុជា ចាប់យកអាមេរិក នៅសម័យសង្គ្រាមនោះ គឺមិនបានផ្ដល់ផលប្រយោជន៍អ្វីនោះទេ។ លោកថា មានតែបន្សល់ទុកនូវគ្រាប់បែករាប់លានតោន និងការជ្រៀតជ្រែកផ្ទៃក្នុងរបស់កម្ពុជា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោកស្នើថា សហរដ្ឋអាមេរិក គួរផ្ដល់សេរីភាពឲ្យកម្ពុជា អាចជ្រើសយកផ្លូវដើរដោយខ្លួនឯង។
VOD មិនអាចទាក់ទងអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាបានទេ។
ចំពោះ សាស្ដ្រាចារ្យនយោបាយ លោក សូរ ចន្ថា វិភាគថា កម្ពុជា ត្រូវគិតគូរឲ្យបានច្បាស់ អំពីតុល្យភាពនៃទំនាក់ទំនងការបរទេសរបស់ខ្លួន។ លោកថា ការចាប់យកចិនតែមួយ របៀបនេះ នឹងធ្វើឲ្យកម្ពុជាបាត់បង់នូវអព្យាក្រឹត្យភាព និងដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោក សូរ ចន្ថា រំលឹកថា មរតករបស់កម្ពុជា ជាមួយប្រទេសចិន គឺការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ២លាននាក់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលលោកថា មានចិន ជាអ្នកជួយគាំទ្រ។
លោកថា៖ «នៅពេលយើងចាប់ យកអាមេរិក យើងជួបរបប លន់ នល់ យើងជួបការទម្លាក់គ្រាប់បែក ហើយនៅពេលយើង ចាប់យកចិន យើងជួបរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលខ្មែរប្រមណជាង២លាននាក់ បានស្លាប់។ […]យើងផ្អែកទៅចិនទាំងស្រុងនោះ គឺគ្រាប់មីន ដែលបន្ដមកដល់បច្ចុប្បន្នគឺក្នុងដី រងគ្រោះដោយពលរដ្ឋកម្ពុជា។ ដើម្បីផលប្រយោជន៍របស់កម្ពុជា យើងត្រូវធ្វើទំនាក់ទំនងឲ្យមានតុល្យភាពជាមួយប្រទេសផ្សេងៗ ពិសេសប្រទេសមហាអំណាច»។
ទំនាក់ទំនងកម្ពុជា អាមេរិក ហាក់កាន់តែប្រេះឆាឡើង បន្ទាប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចោទប្រកាន់សហរដ្ឋអាមេរិក ថា កំពុងជួយគាំទ្របក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។ ប៉ុន្ដែភ្លាមៗ នោះដែរ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ច្រានចោលការចោទប្រកាន់ទាំងនោះ។
រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ថែមទាំងបានដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្ដ្រីក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ មិនឲ្យជាន់ដីអាមេរិកទៀតផង។ បន្ថែមលើសនេះ អាមេរិក ទំនងជាក៏កំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ស្របពេលសហគមន៍អន្ដរជាតិ បានបង្ហាញកង្វល់ដូចគ្នា អំពីស្ថានការណ៍នយោបាយ ដែលថា កំពុងតានតឹងខ្លាំង នៅមុនការបោះឆ្នោតឆ្នាំ២០១៨៕









