គ.ជ.ប ថា គ្រោង​ប្រើ​ត្រា​បោះ​លើ​សន្លឹក​ឆ្នោត ​ជំនួ​សឲ្យ​ការ​គូស ក្នុងឆ្នាំ២០១៨

គ.ជ.ប

គណកម្មាធិការ​ធិការជាតិ​​រៀប​ចំ​ការ​បោះឆ្នោត ឬ គ.ជ.ប ឲ្យដឹងថា គ.ជ.ប គ្រោងនឹងប្រើ​ត្រាជំនួសបោះលើសន្លឹកឆ្នោត ជំនួសឲ្យការគូស ដោយប្រើប៊ិច ដោយថា ដើម្បីចៀសវាងការសង្ស័យ និងបណ្តឹងតវ៉ាទៅលើភាពមិនប្រក្រតីនានា លើការគូសសន្លឹកឆ្នោត ដូចកើតមានក្នុងពេលកន្លងមក។

​​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកញ្ញា ប្រធាន គ.ជ.ប ​លោក ស៊ិក ប៊ុនហុក ឲ្យដឹងថា គ.ជ.ប និង​ភាគី​ពាក់​ព័ន្ធ ​កំពុង​ពិភាក្សា​គ្នា​ ​លើ​គម្រោង​ប្រើ​​ប្រាស់​​ត្រាបោះ​លើ​សន្លឹកឆ្នោត​ ដោយថា ធ្វើ​យ៉ាង​ណាឲ្យ​​គម្រោង​នេះ ​សម្រេច​បាន ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

លោក​ថា៖ «នៅពេល​ ​.. មានការសម្រេចហើយ គ.ជ.ប តែងតែសុំមតិពីភាគីពាក់ព័ន្ធ ដែល​​អាចសុំពីភាគីពាក់ព័ន្ធហ្នឹង ទាំងសភាហ្នឹង ក៏ចេញមកដែរ បទបញ្ជានិងនីតិវិធីអីហ្នឹង ទាំងក្រសួងមហាផ្ទៃហ្នឹងក៏មានការឲ្យជាយោបល់មកដែរ។ គ្រប់ភាគីពាក់ព័ន្ធ កុំភ័យ ធ្វើហ្នឹង គឺមានតម្លាភាពបំផុតហើយ។ ហើយយកអាហ្នឹងមកពិចារណាគ្នា ដើម្បីធ្វើអ្វីឲ្យសមស្រប»

តំណាង​រាស្ត្រមណ្ឌល​កំពង់​ធំ ​មក​ពី​គណបក្សសង្គ្រោះ​ជាតិ លោក លិម គិមយ៉ា​ មាន​ប្រសាសន៍ថា ការ​ប្រើ​ប្រាស់ត្រា ​ដើម្បី​បោះនៅ​លើ​សន្លឹក​ឆ្នោត គឺ​វា​មាន​លក្ខណៈដូច​គ្នា ទៅ​នឹង​​ការ​បោះ​ឆ្នោត​ ដោយការ​គូស ដោយ​ថា មធ្យោបាយ​ទាំង​ពីរ​នេះ ​គឺ​នៅ​តែ​មាន​បញ្ហា មិន​ខុស​គ្នា​នោះ​ទេ។

លោក លិម គិមយ៉ា​ ​បាន​ឲ្យ​ជា​យោ​បល់​ទៅ​ គ.ជ.ប ថា ​គួរតែ​ប្រើ​ការ​បោះឆ្នោត ​ដោយ​ដាក់​សន្លឹក​ឈ្មោះ​គណបក្ស​ទៅ​ក្នុង​ស្រោម​សំបុត្រ​ សម្រាប់​បោះវិញ ​ទើប​អាច​ទុក​ចិត្ត​ជាង។

លោក​ថា៖ « ខ្ញុំលើកឧទារណ៍ ឧបមាថាបក្ស១០ ការមានសន្លឹកឆ្នោត១០ ទៅសន្លឹកឆ្នោតមួយ តំណាងបក្សមួយ ហើយពេល ដែលដាក់លើងតុហ្នឹង យើងចាប់ឆ្នោតទៅបក្សណាលេខបក្សណាលេខ បក្សណាលេខ យើងដាក់តាមហ្នឹងទៅ។ ប្រជាពលរដ្ឋមកដល់អ្នកបោះឆ្នោតមកដល់រើសមួយសន្លឹកមក យ៉ាងតិច២សន្លឹក យើងយក១០សន្លឹកក៏បាន។ ហើយប្រជាពលរដ្ឋស្រលាញ់បក្សណា យើងយកសន្លឹកឆ្នោតហ្នឹង បត់ដាក់ក្នុងស្រោមសំបុត្រដាក់ក្នុងធុងឆ្នោតទៅ »

ទោះ​ជា​យ៉ាង​ណា ​គ.ជ.ប បាន​ច្រាន​ចោល​ការ​ផ្តល់​យោ​បល់នេះ ដោយ​ថា ​​​ពុំមាន​មូល​ដ្ឋាន​ច្បាប់​ណា​មួយ​ដើម្បីគាំ​ទ្រ ចំពោះការលើកឡើង​របស់តំណាងរាស្ត្របក្សប្រឆាំងនោះ​ទេ។

ចំណែគ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត ​នៃអង្គការ​ខុម​ហ្វ្រែលលោក កន សាវាង្ស បាន​គាំ​ទ្រ​ចំពោះ​ការ​វិវត្តន៍​ថ្មី​របស់ ​គ.ជ.ប តែ​លោក​សុំ​មិន​បញ្ចេញ​យោបល់​ លើការ​លើក​ឡើង​របស់​បក្ស​ប្រឆាំង ដោយ​សារ ការ​លើកឡើង​នេះ ​វា​ថ្មី​សម្រាប់​កម្ពុជា។

លោក​ថា៖ « គឺថា មានត្រារួមមួយមកអាហ្នឹង​​គេថា មានស្តង់ដាររួមមួយហ្មង អញ្ចឹងមិនចាំបាច់ពលរដ្ឋគាត់ពិបាកគូរអីទេ គ្រាន់តែពិបាកត្រង់បង្រៀនពលរដ្ឋឲ្យបោះៗ របៀបមិច ដើម្បីយកជាការបាន​? អញ្ចឹងឲ្យពលរដ្ឋកាន់ត្រាបោះ លើសន្លឹកឆ្នោតហ្នឹងមក វាចប់ស្រេចបាច់ ហើយលែងជជែកគ្នាហើយ លែងជជែកថាអេ! សញ្ញាចឹះ យកបាន សញ្ញាចឹះ យកមិនបានលែងជជែក ដែលកិច្ចការហ្នឹងវាកាត់បន្ថយនូវសន្លឹកឆ្នោត ដែលមានបញ្ហាហ្នឹងច្រើន »

បើតាមប្រតិទិន គ.ជ.ប ការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្ត្រ​​ឆ្នាំ​២០១៨ អាណត្តិ​ទី​៦​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី២៩ កក្ក​ដា ឆ្នាំ​២០១៨ ខណៈដែល​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​នាពេល​បច្ចប្បន្ន ​មាន​ជាង៨លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ