ពលរដ្ឋមួយចំនួន​ត្អូញត្អែរពីការជន់លិចក្នុងទីក្រុងភ្នំពេញ នៅពេលភ្លៀង​ខ្លាំង

ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ បានត្អូញត្អែរថា ​ពេល​មេឃ​ភ្លៀង​ខ្លាំង ធ្វើឲ្យទីក្រុងភ្នំពេញ ​ជន់លិចនៅតាមផ្លូវ និងតំបន់មួយចំនួន​ ដោយថា បញ្ហានេះ​ តែងតែបណ្តាលឲ្យកកស្ទះចរាចរណ៍ ខាតពេ​ល​វេលា​ ​ថវិកា និងអាចជួបគ្រោះថ្នាក់ ជាដើម​។

តំបន់មួយចំនួន ដែលតែងតែ ជន់លិចដោយសារជំនន់ទឹកភ្លៀង រួមមាន ផ្លូវ២០០៤ ឬ ​ម៉ៃដា ផ្លូវកម្ពុជាក្រោម ម្តុំផ្សារកណ្តាល ផ្សារថ្មី មុខវំាង ទួលទំពូង ផ្សារ​​បឹងកេងកង និង​ម្តុំ​ផ្សារបឹងត្របែកជាដើម។

ប្រជាពលរដ្ឋ ឡុងងាន ដែលអះអាងថា ជិះម៉ូតូ​ឆ្លងកាត់ជំនន់ទឹកភ្លៀង នៅម្តុំផ្លូវ​កម្ពុជាក្រោមកាលពីថ្ងៃទី២៨ ខែកញ្ញាម្សិលមិញថា ទឹកភ្លៀង បានជន់លិចដល់តួម៉ូតូ បណ្តាលឲ្យរលត់ ធ្វើដំណើរទៅមុខ​មិនរួច។ ករណីនេះ លោក​ថា ធ្វើឲ្យខាតពេលវេលា និងថវិកា ជាដើម។

លោកនិយាយថា៖ «ប៉ះពាល់ដល់ការរកស៊ី ទីមួយ ស្អុយ ទឹកស៊ីជើង ប៉ះពាល់បរិស្ថាន ខាតប្រយោជន៍យើង រកស៊ី ដូចជាលុយ កកស្ទះរកចេញទៅណាមិនរួច​ ខាត​ពេលវេលា យើង​រកស៊ីទំាងអស់​ ម៉ូតូខូច​ វាឆេះ​ប៉ះពាល់​ដល់​ដុំភ្លើង លុយច្រើនណាស់​»

បុគ្គលិកក្រុមហ៊ុនឯកជន កញ្ញា ស្រី ខ បានរៀបរាប់ថា នៅម្តុំផ្លូវ២០០៤ ឬផ្លូវ​ម៉ៃដា ក៏មានទឹកលិចម៉ូតូ និងរថយន្តផង​ដែរ។ កញ្ញា  ​រិះគន់​ការគ្រប់គ្រងរបស់អាជ្ញាធរ​រាជធានីភ្នំពេញថា អសមត្ថិភាពធ្វើលូរំដោះទឹកភ្លៀង ទើប​បណ្តាល​ឲ្យ​​លិច​ទីក្រុង ខណៈ​បឹងធំៗ ​មួយចំនួន ក៏​ត្រូវ​បានលុប​ ដើម្បីអនុញ្ញាត​ឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍ និងសង់​អគារធំៗ។

កញ្ញា ​ស្នើទៅអភិបាលរាជធានីថ្មី លោក ឃួង ស្រេង ដោះស្រាយបញ្ហាទឹកភ្លៀងលិចទីក្រុង ទើបពលរដ្ឋឈប់​រិះ​គន់​ការ​​គ្រប់គ្រងរបស់រដ្ឋាភិបាល​។

កញ្ញាថា៖ «កាលណា គាត់រៀប​ចំប្រព័ន្ធកុំឲ្យទឹកលិចផ្លូវ​ដូចរាល់ថ្ងៃ គាត់[ពលរដ្ឋ​]និងឈប់រិះគន់​ដល់​រាជរដ្ឋាភិ​បាលទៀតហើយ ព្រោះរាល់ថ្ងៃមានតែប្រជាពលរដ្ឋជាអ្នករិះគន់​​»

លើសពីនេះទៀត អ្នកប្រើប្រាស់ហ្វេសប៊ុក​មួយចំនួន ក៏បានបង្ហោះរូប​ទឹកលិចនៅតាមតំបន់មួយចំនួន ក្នុង​រាជធានីភ្នំពេញដែរ ខណៈអ្នកខ្លះ សរសេរដោយដកស្រង់សម្តីស្ថាបត្យករជើងចាស់ ដ៏ល្បីល្បាញរបស់កម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ មានខ្លឹមសារថា « ដើម្បីកុំឲ្យទីក្រុងភ្នំពេញលិច នៅពេលមេឃភ្លៀងខ្លាំង រដ្ឋាភិបាល​កុំលុប​បឹងទំពុន បឹងពោងពាយ បឹងស្នោ បឹងឈូក បឹងប៉ាយាប និងបឹងកក់ជាដើម»

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់ យ៉ាដា សុំមិនបកស្រាយលើបញ្ហានេះ ដោយ​លោក​បង្វែរសំនួរឲ្យទៅសួរអ្នកនាំពាក្យម្នាក់ទៀត លោក ម៉េត មាសភក្តី ប៉ុន្តែទូរសព្ទចូល​មិនមានអ្នកទទួល។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា ការលុបបឹងមួយ​ចំនួននៅក្នុង​រាជធានីភ្នំពេញ ទើបធ្វើឲ្យទឹកលិចក្រុងភ្នំពេញ។ លោកថា នៅរដូវ​ប្រាំង ស្ថាប័ន​ពាក់​ព័ន្ធ​ជាពិសេស​​សាលាក្រុង ត្រូវ​សិក្សា ពិនិត្យ និងរៀប​ចំរចនា​សម្ពន័្ធ​លូរំដោះ​ទឹកនៅ​តំបន់ទឹក​លិច​នោះ ឲ្យ​មា​ន​ស្តង់​​ដារ ទើបជួយដោះស្រាយបញ្ហានេះបានមួយផ្នែក​។

លោក សន ជ័យ បញ្ជាក់ថា បើស្ថាប័នពាក់ព័ន្ធនៅតែបណ្តែតបណ្តោយឲ្យបញ្ហានេះ បន្តកើតឡើងពីមួយ អាណត្តិ​ទៅមួយអាណត្តិនោះ និងកាន់តែ​ធ្វើឲ្យប៉ះពាល់ដល់មុខ​មាត់រដ្ឋាភិបាល។

លោកបញ្ជាក់ថា៖ «រឿងដែលប៉ះពាល់ប្រជាពលរដ្ឋគាត់អាចមើលឃើញថា ជាការអភិវឌ្ឍន៍មួយមិនមានចក្ខុ វិស័យវែងឆ្ងាយដែលនាំឲ្យមានការលិចលង់ ហើយការលិចលង់មិនមែនរយៈពេលខ្លីមួយម៉ោង ពីរម៉ោងទេគឺរយៈពេលរាប់ម៉ោង ហើយផលប៉ះពាល់មួយទៀតដែរគឺច្បាស់ណាស់ប្រជាពលរដ្ឋនិងដាក់ការទទួលខុសត្រូវទៅលើការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏វាអាចថា ទៅលើការដឹកនាំរបស់រដ្ឋាភិបាលដែរ»

យ៉ាងណាក៏ដោយ​មន្ត្រីសង្គមស៊ីវិល និង​ពលរដ្ឋមួយចំនួន  និយាយស្រដៀង​គ្នា​ថា នៅពេល​មេឃ​ភ្លៀង​ខ្លំាង​ទីក្រុង​ភ្នំពេញ​លិចទឹក និងស្ទះចរាចរណ៍ស្ទើរគ្រប់ទីកន្លែង​។ ករណីពួកគេថា បើរដ្ឋាភិ​បាល​មិន​ពិនិត្យ និង​លុប​បំបាត់ កុំឲ្យទឹកលិចក្នុងរាជធានីភ្នំពេញបានទេ នឹងធ្វើ​ឲ្យសាធារណៈជនជាតិ និង​អន្តរជាតិ​ រិះគន់​រដ្ឋាភិ​បាល​ថា មិនចេះថែរក្សាសោភ័ណ្ឌភាពទីក្រុង បរិស្ថាន និងធ្វើឲ្យ​ផ្ទុយពី​រដ្ឋាភិ​បាល​ដាក់​ឈ្មោះ​ទីក្រុ​ង​ភ្នំពេញ​ថា​ ​ជា «ទីក្រុងគុជ»នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ