សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ បានច្រានចោលសំណើរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងជាថ្មីទៀតដែលមានបំណងចូលជួបលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បួងឃ្មុំ។
កាលពីម្សិលមិញនេះ តំណាងរាស្ត្របក្សប្រឆាំងមណ្ឌលខេត្តកំពង់ស្ពឺ លោក សួន រីដា បានដាក់លិខិតទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យរូបលោកនិង តំណាងរាស្ត្រជាង២០រូបផ្សេងទៀត បានចូលជួបលោក កឹម សុខា នៅព្រឹកថ្ងៃទី ២ ខែតុលា នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បួងឃ្មុំ។
ប៉ុន្តែនៅថ្ងៃទី២៩ ខែកញ្ញានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានបដិសេធទៅនឹងសំណើនេះ ដោយលើកហេតុផលថា សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាង។
ក្រៅពីហេតុផលនេះ លោក គី ឬទ្ធី បានបញ្ជាក់បន្ថែមថា ចៅក្រមនៅមិនទាន់បានសាកសួរជនត្រូវចោទ លោក កឹម សុខា នៅឡើយទេ។
ចៅក្រមរូបនេះ ប្រាប់ថា ស្ថិតក្នុងដំណាក់កាលនេះ មានតែមេធាវី និងសមាជិកក្រុមគ្រួសារលោក កឹម សុខា ប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យចូលសួរសុខទុក្ខ។
តំណាងរាស្រ្ត ម៉ៅ មុនីវណ្ណ ដែលត្រៀមទៅសួរសុខទុក្ខលោកកឹម សុខាដែរនោះ បង្ហាញការសោកស្ដាយចំពោះការបដិសេធរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា បើទោះ បីជា តុលាការមិនអនុញ្ញាត ក៏តំណាងរាស្ត្រនៅតែទៅជួបជុំគ្នានៅមុខពន្ធនាគារនោះដែរ។
លោក សំ សុគង់ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៧ នាក់ទៀត ដែលការពារក្ដីឲ្យលោក កឹម សុខា លើកឡើងថា ការមិនអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រចូលជួបលោក កឹម សុខា គឺជាការរឹតត្បិតសិទ្ធិរបស់ជនត្រូវចោទ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
បន្ទាប់តុលាការបដិសេធមិនអនុញ្ញាត ក្រុមតំណាងរាស្ត្របក្សប្រឆាំងចូលសួរសុខទុក្ខនោះ កាលពីថ្ងៃទី១៤ ខែកញ្ញា តំណាងរាស្ត្រសង្គ្រោះជាតិ បាននាំគ្នាទៅឈរមុខពន្ធនាគារត្រពាំងផ្លុង ដើម្បីថ្លៃងសារទាមទារឲ្យដោះលែងលោក កឹម សុខា ខណៈដែលកម្លាំងសន្តិសុខចម្រុះរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណពន្ធនាគារនោះ។ ខាន់ លក្ខិណា