រដ្ឋាភិបាលផ្អាកសកម្មភាពអង្គការមួយ ដែលជំរុញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអង្គការសមធម៌កម្ពុជា ផ្អាកសកម្មភាពរបស់ខ្លួនបណ្តោះអាសន្ន ដោយថា ​អ​ង្គកា​រនេះ​​ បា​ន​​​​រំ​លោ​​​ភលក្ខន្តិកៈ និ​ង​​​​ច្បាប់មួយចំនួនទៀត ខណៈអង្គការមួយនេះ កំពុងធ្វើការតស៊ូមតិជាមួយក្រុម​ហ៊ុ​ន​ស្ករស របស់​លោ​​​ក លី យ៉ុងផាត់ ដើម្បីស្វែងរកដំណោះស្រាយនៅឡើយ។

សាមាជិកព្រឹសភា មកពីគណបក្សប្រជាជនកម្ពុជា លោក លី យ៉ុងផាត់ ទទួលបានដីសម្បទានពីរដ្ឋាភិបាល ដើម្បី​​ដាំអំពៅ នៅក្នុងស្រុកឱរាល់ ខេត្តកំពង់ស្ពឺ។

ប៉ុន្តែ ពលរដ្ឋនៅតំបន់នោះ អះអាងថា ពួកគាត់ច្រើនរយគ្រួសារ បានបាត់បង់ដី ដោយសារក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ នេះហើយ ដោយថា ជិត១០ឆ្នាំមកនេះ ពួ​ក​គេមិនទាន់មានដំណោះស្រាយសមរម្យណាមួយ ពីក្រុម​ហ៊ុ​នទេ ​ទោះបានធ្លាប់បានដាក់លិខិតរកអន្តរាគមន៍ ពីរដ្ឋសភា និងរដ្ឋាភិបាល រួមទាំងធ្លាប់ប្តឹង​ករណីអង្គ​​ការដៃគូ​នៅក្រៅប្រទេសក៏ដោយ។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចុះហត្ថលេខាលើលិ​ខិតមួយ កាលពីថ្ងៃ​ទី២៧ខែ​ក​ញ្ញា ​ម្សិ​ល​មិន បញ្ជាឲ្យអង្គការ ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថានមួយនេះ ផ្អាកសកម្មភាព​បណ្តោះ​​អា​សន្ន រ​​​យៈ​​ពេ​​​លយ៉ាងយូ ៣០ថ្ងៃ ដោយថា អង្គការ បានធ្វើសកម្មភាពផ្ទុយទៅនឹងប្រការ៥ នៃលក្ខន្តិកៈ​ ​ត​ម្ក​​ល់ទុក​​​នៅក្រ​សួ​ង​ម​​ហាផ្ទៃ និងថា អង្គការមួយនេះ បានរំលោភច្បាប់សមាគមន៍ និងអង្គការ មិនមែនរដ្ឋាភិបាល ត្រង់​ប្រការ​​​១០ ​និង២៥ទៀតផង។

លិខិតជូនដំណឹងរបស់លោក ស ខេង ដដែល ក៏តម្រូវឲ្យអង្គការសមធម៌ ជូនដំណឹងជាលាយលក្ខណ៍​អក្សរ ពី​លេខគណនេ​យ្យស​ម្រា​​​​​ប់​​​​​​​​ប្រតិបត្តិការ ផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ របាយ​ការណ៍​ហិ​រញ្ញវត្ថុ និងរបា​យការ​ណ៍​ពា​​​ក់​ព័ន្ធនឹងជម្លោះជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ។

ក្រៅពីជូនដំណឹងក្រសួ​ងមហាផ្ទៃ ក៏ព្រមានដែរថា និងចាត់វិធានការអង្គការនេះ តាមច្បាប់ បើមិនបា​នបំ​ពេ​ញ​ឯកសា​រផ្ញើទៅ​ក្រសួ​ង ទាន់ពេល​ ដូចដែ​លបានជូនដំណឹង។

VOD មិនអាចទាក់ទងប្រធានអង្គការសមធម៌លោក អៀង វុទ្ធី ដើម្បីសុំប្រតិកម្មឆ្លើយ​តប ទៅនឹងការ​ចោ​ទ​​ប្រ​​​កាន់របស់ក្រសួងមហាផ្ទៃនេះ ​​បាននៅឡើយទេ ដោយសារទូរ​ស័ព្ទមិនអា​ច​ទាក់​ទងបាន ខណៈ​មន្ត្រីផ្សេ​ង​ទៀតសុំមិនធ្វើអត្ថាធិប្បាយ។

ប៉ុន្តែ តំណាងអ្នកមានជម្លោះដីធ្លីម្នាក់ អះអាងថា ពួកគាត់ច្រើនរយគ្រួសារ នៅមិនទាន់ទទួលយកសំណង​ពី​​ក្រុ​​ម​​ហ៊ុន​ស្ករ របស់​លោក លី យ៉ុងផាត់ នៅឡើងទេ ដោយថា ក្រុមហ៊ុននោះ បានចុះមកដោះស្រាយ ដោយជូនជាថវិកា ៥០០ដុ​ល្លារ ក្នុងមួយគ្រួសារ ដែលគាត់ថា មិនអាចទទួលយកបាន។

បុរសរូបនេះ ព្រួយបារម្ភថា បើគ្មានអង្គការសង្គមស៊ីវិលជួយឃ្លាំមើល ពីជម្លោះរំារ៉ៃនេះទេ លោកថា ព​ល​រ​ដ្ឋ ដែលបាត់បង់ដី អាចនឹងរងគ្រោះជាងនេះបន្ថែមទៀត។

​លោកថា៖ «ពាក្យថា អង្គការ បើយើងនិយាយជាទូទៅ គឺឈរខាងយុត្តិធម៌ ខ្ញុំមានជំនឿថាអញ្ចឹង។ អញ្ចឹ​​ងចង់ មិចង់គឺគេធ្វើយ៉ាងម៉េច ឲ្យការដោះ​​ស្រាយហ្នឹង ផ្អែកទៅលើច្បាប់ទម្លាប់ ឈរទៅលើយុត្តិធម៌ហ្នឹងហើ។ ប៉ុន្តែ បើ​​បាត់បង់អង្គការទៅ វាមិនមានទំនុកចិត្តភាគច្រើន»

បើតាមតំណាងរូបនេះ ជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករស របស់លោក​ លី យ៉ុងផាត់ នេះ បាន​កើត​ឡើង​តាំ​ង​ពី​​ឆ្នាំ​២០១០ ដែលលោកថា អាជ្ញាធរ គ្មានលទ្ធភាពដោះស្រាយបញ្ហានេះទេ ដោយថា​ បើទោះបី​ច្រើនឆ្នាំម​កនេះ​ ប្រធា​នរដ្ឋ​​សភា​លោ​ក ហេង​ សំរិន ធ្លាប់ចេញលិខិតអន្តរាគម​ន៍ឲ្យដោះស្រាយ ដើម្បីបញ្ចប់ជម្លោះនេះ​ ក៏​​ដោយ។

​លិខិតមួយច្បាប់ចុះថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៥ ដែលមានហត្ថខា តំណាងរាស្ត្របក្សប្រឆាំងលោក អេង ឆៃអ៊ាង និងហត្ថលេខា ​​ប្រ​ធាន​រដ្ឋ​សភា លោក ហេង សំរិ ផ្ញើទៅកាន់អា​ជ្ញាធ​រ​ជា​​តិ​​ដោះ​ស្រា​យវិវាទដីធ្លី បាន​ជំ​រុញឲ្យដោះ​ស្រា​យ​​ជូនពល​រដ្ឋ ៤២​១គ្រួ​សារ នៅស្រុកឱរ៉ាល់ លើទំហំដីជាង ៣ពាន់ហិកតា ( ៣១៤២,៦៨) ជាមួយ​ក្រុ​មហ៊ុនស្ក​រស​ភ្នំពេញ។

តំណាងអ្នកមានជម្លោះដីធ្លីម្នាក់ទៀត នៅឃុំអមលាំង បានប្រៀបធៀម អង្គការសមធម៌កម្ពុជា ដូចជា មេធាវីរបស់ពួកគាត់ ក្នុ​ងកា​រជំរុញ ករណីជម្លោះដីធ្លីដ៏ចម្រូងចម្រាសនេះ ឲ្យមានយុត្តិធម៌ឡើងវិញ។

តំណាងរូបនេះ បារម្ភដែរថា បើរដ្ឋាភិបា​លបិទ​អង្គកា​រនេះ ​ហា​​​ក់​​​ទុក​ឱ​កាសឲ្យក្រុមហ៊ុន​ ងាកចេ​ញពីកា​រទទួ​លខុ​ស​ត្រូ​វ​លើកា​រផ្តល់សំណងសមរម្យ ដល់​ពួកគាត់ជាង ​៥០០​គ្រួសារ ដែល​កំពុងទ​ន្ទឹងរងចាំ​យុត្តិធម៌ ​ពី​ក្រុ​មហ៊ុនស្ក​រស​ភ្នំពេញ នោះ​។

លោកថា៖ «បើសិនជាអត់មានអង្គការហ្នឹង [អង្គការសមធម៌] ចូលរួមតាមដានឃ្លាំមើលសកម្មភាពហ្នឹងទេ ប្រហែលជា គេ[ ក្រុមហ៊ុន]ចង់ឲ្យមួយគ្រួសារមួយលានរៀល ក៏បាន ពីរលាន ក៏បានស្រេចតែគេ។ គំនិតខ្ញុំ ខ្ញុំយល់ឃើញអញ្ជឹង»

យ៉ាងនេះក្តី តំណាងអ្នកមានជម្លោះដីធ្លីនៅឃុំអមលាំងនេះ បានអំពាវនាវទៅរដ្ឋាភិបាល ឲ្យលើកទឹកចិត្តអង្គការ ដែ​លការពារប្រយោជន៍ជនរងគ្រោះ ជាជាងបិទអង្គការ ហើយទុកឱ​កាស​ឲ្យក្រុ​​មហ៊ុន ដែលរំលោភបំពានដីពលរដ្ឋ គេចចេ​ញពីការទទួលខុសត្រូវ។

ទោះជាយ៉ាងណានៅពេលថ្មីៗ រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ធ្លាប់អះអាងថា ក្រសួងនឹងជំ​រុញយ​ន្តកា​រ​ពន្លឿ​នរកដំ​ណោះ​ស្រា​យប​ញ្ហា​​ដីធីជាមួយក្រុមហ៊ុនស្ករអំពៅ យ៉ាងតិចំនួន៤ខេត្ត មានខេត្តកោះកុង កំពង់ស្ពឺ ឧ​ត្ត​មានជ័យ និងខេត្ត​ព្រះ​​វិហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ