កូនឈើប្រណិតប្រមាណ២០០ដើម ត្រូវបានព្រះសង្ឃ មន្ដ្រីអង្គការបរិស្ថាន គ្រូ សិស្ស និងអាជ្ញាធរនាំគ្នាដាំនៅក្នុងវត្ដសន្លោង ឃុំចាន់សស្រុកសូទ្រនិគម ខេត្ដសៀមរាប ដោយថា ទុកជាកេរដំណែលអោយមនុស្សជំនាន់ក្រោយ។
គេហទំព័រនគរបាលជាតិ បានចេញផ្សាយកាលពីម្សិលមិញថា ដើមឈើប្រណិតទាំងនោះ មានកូនបេង គ្រញូង និងដើមគីនីន។ គេហទំព័រនេះបន្តថា ការដាំកូនឈើនេះក្នុងគោលបំណង ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ និងថែរក្សាឲ្យបានគង់វង្សជាពិសេសដើម្បីសហគមន៍មួយនេះក្លាយទៅជា តំបន់ទេសចរណ៍នៅពេលខាងមុខផងដែរ។
លោកឡៅ សុផលមន្ត្រីរដ្ឋបាល ព្រៃឈើស្រុកសូទ្រនិគម បានលើកឡើង ព្រៃឈើជាកត្តាសំខាន់ សម្រាប់មនុស្សជាតិ និងជួយការពារដល់គ្រោះធម្មជាតិផងដែរ៖«ព្រៃឈើជាកត្តាសំខាន់ណាស់ សម្រាប់មនុស្សរស់នៅ ព្រោះព្រៃផ្តល់ផលប្រយោជន៍ដូចជាៈ ហៅទឹកភ្លៀង ការពារខ្យល់ព្យុះ ទប់ដីមិនឲ្យហូរច្រោះ ផ្តល់សំណើមដល់ដី និងផ្តល់សារជាតិដល់ដី»។
នាយកអង្គការអភិរក្សសត្វព្រៃឈើ ជលផល កម្ពុជា ប្រចាំតំបន់សៀមរាប លោកចាន់ វ៉ាន់សុង ឲ្យដឹងថា កូនឈើប្រណិតនេះ ជាប្រភេទឈើដែលជិតផុតពូជ ដោយលោកបារម្ភខ្លាចក្មេងៗជំនាន់ក្រោយមិនបានស្គាល់ ។ លោកបានណែនំឲ្យពលរដ្ឋចូលរួមដាំកូនឈើ និងថែរក្សាព្រៃឈើឲ្យបានគង់វង្សដើម្បីជួយការពារនៃគ្រោះធម្មជាតិ៕









