គណបក្សថ្មីមួយស្វែងរកការរំលាយបក្សប្រឆាំង ជុំវិញការចោទលោក កឹម សុខា ថា «ក្បត់ជាតិ»

គណបក្សថ្មីមួយបានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកំពូលឲ្យរំលាយគណបក្សសង្គ្រោះជាតិចោល ដោយថា មេដឹកនាំ​បក្សប្រឆាំងលោក កឹម សុខា បាន​ប្រព្រឹត្ត​ «អំពើក្បត់​ជាតិ»​ ដូច​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល។

ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ»។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចោទ​មេដឹកនាំ​បក្ស​ប្រឆាំង​បែប​នេះ ដោយ​ផ្អែក​លើ​វីដេអូ​នៃ​​ការ​ថ្លែង​របស់​លោក កឹម សុខា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពីឆ្នាំ​២០១៣​កន្លង​មក។

នៅ​ក្នុង​វីដេអូនោះ លោក កឹម សុខា បាន​ថ្លែង​ថា លោក​ទទួល​បាន​ការ​គាំ​ទ្រ​ពី​អាមេរិក សម្រាប់​ការ​ផ្លាស់​ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ សម្ដី​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា «ការ​ឃុប​ឃិត​គ្នា​ដោយ​សម្ងាត់​ជាមួយ​អាមេរិក» ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។

មិន​មែន​តែ​បក្ស​កាន់​អំណាច​ទេ​ដែល​យល់​ឃើញ​ដូច្នេះ គណបក្ស​យុវជន​កម្ពុជា ដែល​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​នោះ ក៏​យល់​ឃើញ​ថា មេ​បក្ស​ប្រឆាំង លោក កឹម សុខា បាន​ប្រព្រឹត្ត​អំពើ «ក្បត់​ជាតិ»​ផង​ដែរ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​០១ ខែ​តុលា​នេះ គណបក្ស​យុវជន​កម្ពុជា បាន​ប្រកាស​ថា ខ្លួន​បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល ដោយ​ស្នើ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​យុវជន​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បាន​ប្រព្រឹត្ត​អំពើ «ក្បត់​ជាតិ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ» ដែល​បក្ស​នេះ​ថា មិន​អាច​លើក​លែង​បាន។

ក្នុងសេចក្ដីថ្លែងការដដែល គណបក្សយុវជនកម្ពុជា បាន​ចាត់​ទុក​បណ្ដឹង​របស់​ខ្លួន​ទៅ​តុលាការ​កំពូល​ថា ជា​ការ​ដាស់​តឿន​ដល់​អ្នកនយោបាយគ្រប់ជំនាន់ ឲ្យគិតពី​ផលប្រយោជន៍ជាតិជាធំ កុំឲ្យយកគំរូតាម​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​ហេតុធ្វើឲ្យកម្ពុជាធ្លាក់​ក្នុង​នឹម​ត្រួតត្រារបស់បរទេស។

គិត​មក​ដល់​ថ្ងៃ​នេះ លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់​រយៈ​ពេល​ជិត ១​ខែ​ហើយ ក្រោម​ការ​ចោទ​ថា «ក្បត់​ជាតិ» ពី​សំណាក់​រដ្ឋាភិបាល។

ការចាប់ខ្លួននេះ ត្រូវបានមន្រ្តីរដ្ឋាភិបាល អះអាងថា ជាការអនុវត្តច្បាប់ ដោយរដ្ឋាភិបាលបានចោទ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ថា “ក្បត់ជាតិ”។

ទោះបីជាយ៉ាងណា គណបក្សប្រឆាំងបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗជំរុញឲ្យរដ្ឋាភិបាលដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ។ គណកប្សប្រឆាំងបានហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការរំលោភបំពាន​អភ័យ​ឯកសិទ្ធិសភា និង​គាបសង្កត់ផ្នែកនយោបាយ។

ជាមួយគ្នានោះ តំណាងអង្គការសហប្រជាជាតិ និងស្ថានទូតធំៗរួមមាន អង់គ្លេស អូស្ត្រាលី អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត បាន​សម្តែងការព្រួយបារម្ភជា​ខ្លាំង ជុំវិញ​ការចាប់​ខ្លួនមេបក្សរូបនោះ​ ហើយពួកគេ ជំរុញឲ្យ​រដ្ឋាភិបាលកម្ពុជា បញ្ឈប់​ការគំរា​មកំហែង​លើ​គណ​បក្សប្រឆាំង។

ទោះជាយ៉ាងណា មាន​តែ​ប្រទេសកុម្មុយនីស្តចិនប៉ុណ្ណោះ បានគាំ​ទ្រ​ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដោយ​ថា ដើម្បី​រក្សា​ស្ថេរភាព និងសន្តិសុខ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ