ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជាចំនួន៣៥លានដុល្លារ ដើម្បីកសាងហេដ្ឋានរចនាសម្ព័ន្ធ រួមមានផ្លូវ និង ស្ពាន នៅក្នុងខេត្តចំនួនពីរ ដែលរងផលប៉ះពាល់ដោយសារបញ្ហាទឹកជំនន់គឺនៅក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ។
ក្រោយពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុននៅថ្ងៃទី៣ខែតុលានេះ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចំាកម្ពុជាលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា កម្ពុជាធ្លាប់ទទួលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរចំនួនពីរដងក្នុងឆ្នាំ២០១១ និង២០១៣ ធ្វើឲ្យប៉ះពាល់ដល់ប្រជាជនកម្ពុជា ជាង១លាន៧សែននាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធច្រើនផងដែរ។
ករណីនេះលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បញ្ជាក់ថា ដើម្បីបង្កើនទំនាក់ទំនងល្អរវាងកម្ពុជានិងជប៉ុន លោកថារដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងដល់កម្ពុជា៣៥លានដុល្លារអាមេរិក ដើម្បីពង្រីកផ្លូវ និងសង់ស្ពានថ្មី ជាតម្រូវការបន្ទាន់ចំនួន៧ក្នុងតំបន់ងាយរងគ្រោះ ស្ថិតនៅក្នុងខេត្តចំនួនពីរ គឺខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ១១ និងស្ពានចំនួន៥នៅខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ ដោយថា ដើម្បីធានាបានការដឹកជញ្ជូនទំនិញ ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងស្ថិរភាព។
លោកថ្លែងថា «តាមគម្រោងនេះ ត្រូវសាងសង់ស្ពានឡើងវិញ ដើម្បីធានាបានការដឹកជញ្ជូនដោយសុវត្ថិភាពរលូន និងស្ថេរភាព ផ្លូវជាតិលេខ១១មានតួនាទីសំខាន់ក្នុងតំបន់ដោយភ្ជាប់ផ្លូវហៃវេជាច្រើនដូចជាផ្លូវជាតិលេខ១ លេខ៧ និងលេខ៨ ព្រមទំាងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ផងដែរ ដូចគ្នានេះផ្លូវជាតិលេខ៧៣ ក៏មានសារសំខាន់ក្នុងការដឹកជញ្ជូនទំនិញទូទៅនៅទិសភាគឥសាននៃប្រទេសដែលមានអត្រាខ្ពស់ជាងគេ គម្រោងនេះរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា»។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានថ្លែងថា ការពង្រីកផ្លូវ និងសង់ស្ពានថ្មីបន្ថែមចំនួន៧ជំនួសស្ពានចាស់ ក្នុងខេត្តចំនួនពីរនេះ នឹងជួយបង្កើនសមត្ថភាពដឹកជញ្ជូន កាត់បន្ថយថវិកា ពេលវេលាប្រជាជននៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ បានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងកាត់បន្ថយភាពក្រីក្រដល់ប្រជាជនកម្ពុជា។
លោកថ្លែងថា «ជំនួយដែលបានផ្តល់តាមរយៈការចុះហត្ថលេខានៅថ្ងៃនេះ និងជំនួយជាច្រើនដែលរដ្ឋាភិបាលនិងប្រជាជនជប៉ុនបានផ្តល់ឲ្យកម្ពុជាកន្លងមក ជាការរួមចំណែកដ៏ធំធេងក្នុងការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា»។
លោក ប្រាក់ សុខុន ថ្លែងទៀតថា ចាប់ពីខែមេសា ឆ្នាំ២០១៧មក រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់រដ្ឋាភិបាលកម្ពុជាគឺស្មើនិង២៤៩លានដុល្លារអាមេរិក ក្នុងនោះរួមមានជំនួយឥតសំណងប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស និងអភិវឌ្ឍន៍គម្រោងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ និងឥណទានសម្បទានប្រមាណ២០៩លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែនស្វ័យ័តក្រុងព្រះសីហនុផងដែរ។
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ ធ្លាប់បានសន្យា ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៧ខែសីហាថា ជប៉ុននឹងបន្តជួយអភិវឌ្ឍកម្ពុជាឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ៕









