មន្ត្រីកាទូតជាន់ខ្ពស់មួយរូបរបស់បង់ក្លាដែស បានឲ្យដឹងថា រដ្ឋមន្ត្រីមួយរូបរបស់ភូមា កាលពីថ្ងៃម្សិលមិញនេះ បានស្នើទទួលយកជនជាតិរ៉ូហ៊ីងយ៉ារាប់សែននាក់ត្រឡប់មកវិញ ដែលពួកគេទាំងនោះ បានរត់ភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស ក្រោយការបង្ក្រាបពីកងទ័ពភូមា។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
AFP បានផ្សាយបន្តថា ភូមាបានស្នើបែបនេះ ខណៈដែលអង្គការសហប្រជាជាតិ បានពិពណ៌នាទំហំនៃភាពឈឺចាប់នៅរដ្ឋរ៉ាក់ឃីនថា «មិនអាចស្រមើស្រម៉ៃបាន»។
តំបន់ភាគខាងជើងនៃរដ្ឋរ៉ាក់ឃីន បានធ្លាក់ទៅក្នុងអំពើហិង្សាចាប់តាំងពីថ្ងៃទី២៥ ខែសីហា នៅពេលក្រុមបះបោររ៉ូហ៊ីងយ៉ា បានវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសជាច្រើនកន្លែង ដែលបណ្ដាលឲ្យមានការវាយបង្ក្រាបយ៉ាងធំពីសំណាក់កងទ័ពភូមា ដែលប្រតិបត្តិការនោះ ត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាស្មើនឹង «ការបោសសម្អាតជាតិសាសន៍»។
ភូមាបានគ្រប់គ្រងយ៉ាងតឹងរឹងលើច្រកចូលទៅកាន់រដ្ឋមួយនេះចាប់តាំងពីពេលនោះមក ខណៈដែលកងទ័ពបានបណ្ដេញជនជាតិរ៉ូហ៊ីងយ៉ាប្រហែលកន្លះលាននាក់ ឲ្យរត់ភៀសខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែស។
ប៉ុន្តែ ក្រុមន្ត្រីតំណាងអង្គការសហប្រជាជាតិ ត្រូវបានយោធាភូមាអនុញ្ញាតឲ្យចូលទៅរដ្ឋរ៉ាក់ឃីន ដែលដំណើរទស្សនកិច្ចនោះកើតឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក Mahmood Ali បានជួបជែកគ្នាជាមួយលោក Kyaw Tint Swe ដែលជារដ្ឋមន្ត្រីខុទ្ទកាល័យទីប្រឹក្សារដ្ឋអ្នកស្រី អ៊ុងសាន ស៊ូជី។
ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃដែលរៀបចំឡើងដោយអាជ្ញាធរភូមានោះ ក្រុមមន្ត្រីអង្គការសហប្រជាជាតិ អ្នកកាទូត និងក្រុមផ្ដល់ជំនួយ ត្រូវបានដឹកជញ្ជូនតាមឧត្ថម្ភាគចក្រ ទៅកាន់ស្រុកមួងដាវ ជាកន្លែងកើតមានអំពើហិង្សា។
អង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចនេះ ប៉ុន្តែ នៅតែទទូចពីតម្រូវការច្រកផ្ដល់ជំនួយមនុស្សធម៌។
ប្រមុខកាទូតបង់ក្លាដែស លោក Mahood Ali និយាយថា មានការលើកឡើងអំពីការទទួលយកជនភៀសខ្លួនត្រឡប់ទៅវិញ ដែលការស្នើឡើងនោះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបមួយជាមួយមេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី។
ទោះជាយ៉ាងណា លោកពុំបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការទទួលយកជនជាតិរ៉ូហ៊ីងយ៉ា ៣សែននាក់ ត្រឡប់ទៅវិញនោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃម្សិលមិញនេះ រដ្ឋមន្ត្រីខុទ្ទកាល័យទីប្រឹក្សារដ្ឋ លោក Kyaw Tint Swe បានរំលឹកឡើងវិញអំពីការប្ដេជ្ញាចិត្តរបស់អ្នកស្រី ស៊ូជី ក្នុងការទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕









