រដ្ឋាភិបាលឲ្យទប់ស្កាត់ជើងកាងរោងចក្រ និងដោះស្រាយបញ្ហាប្រើកិច្ចសន្យាខ្លី

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានរំឭកក្រសួងការងារ ឲ្យពិនិត្យឡើងវិញ​ពីការ​ប្រើ​កិច្ច​ស​ន្យា​ខ្លី និងទប់ស្កា​ត់​កុំ​​ឲ្យមា​នជើងកាងតាមរោងចក្រកាប់ចាក់គ្នា ដូចពេលមុនៗទៀត ដោយថា ដើម្បី​ធានាប្រ​យោ​​ជ​ន៍ និងសុវត្ថិភាពការងាររបស់​ក​ម្ម​ករ។

លោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃទី៤ខែតុលានេះ បានថ្លែងថា មានកម្ម​ក​រ​ប្រា​​​ប់​លោកថា ការប្រើប្រាស់កិច្ចសន្យាខ្លីកន្លងមក ធ្វើឲ្យពួកគេងាយបាត់បង់ការងារ និងអត្ថប្រយោ​ជន៍​ផ្សេ​ងៗ​ បើ​ថៅកែរោងចក្រ មិនពេលចិត្តដោយប្រការណាមួយ។

លោក ហ៊ុន សែន រំឭកឲ្យក្រសួងការងារ និងថៅរោងចក្រ ត្រូវរួមគ្នាដោះ​ស្រាយបញ្ហា​នេះ ដោ​យកា​រយោ​គ​យល់ ដោយថា ដើម្បីធានាប្រយោជន៍ទាំងសងខាង ចៀសវាងការផ្ទុះបាតុកម្ម ដោយសា​រតែវិវា​ទផល​ប្រ​យោ​ជន៍​នេះ។

លោកថា៖ «កន្លងទៅ៣ខែចុះ[កិច្ចសន្យា]ម្តង។​ ៣ខែអាចបន្ត អារឿងអាចបន្តនេះហើយ ដែលកម្ម​ករ​មានការបារម្ភ បារម្ភថាបន្ទាប់ពី៣ខែហើយ តើគេឲ្យធ្វើការតទៅទៀតឬអត់។ អញ្ចឹងទេ អំពាវនាវចំពោះ​ម្ចា​ស់​រោ​ងចក្រ​ អំពាវនាវចំពោះសមាគម និយោជក និងក្រសួងការងារ ធ្វើការងារនេះ ដើម្បីធានាសុវត្ថិភា​ពការងា​ររប​​ស់កម្មករ កម្មការនី របស់យើង»។

លោក ហ៊ុន សែន រំឭកដែរថា កន្លងទៅ មានកម្មករមួយក្រុមធ្វើបាតុកម្ម តែកម្មករមួយក្រុមទៀត ពួក​​​​គេចង់ធ្វើការកែរ។ ប៉ុន្តែលោកថា ពួកគេទាំងនោះ មិនបានគោរពសិទ្ធិគ្នាទៅវិញទៅមកទេ បង្កឲ្យ​មានហិ​ង្សា​​​​​​​​កើ​តឡើង។ លោកជំរុញឲ្យភាគីពាក់ព័ន្ធទប់ស្កាត់បញ្ហានេះ។

លោកថា៖ «មិនអាចឲ្យមានរោងចក្រ ដែលមានសុវត្ថិភាពការងារ ដោយមានបងតូចបងធំ ដែលកាប់គ្នា ដោយដាវសាមារ៉ៃ ឬកាប់គ្នាដោយកាំបិតនោះទេ»។

VOD មិនទាន់អាចសុំការឆ្លើយតបពីភាគីរោងចក្របាននៅឡើយទេ ប៉ុន្តែបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ករណីនេះ លោកបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង រួចហើយកាលពីយប់មិញ។

ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ហៅការជំរុញរបស់ប្រមុខរដ្ឋាភិបាលនេះ ថាហា​ក់ចំប​ញ្ហា របស់កម្មករ ដែលលោកថា កម្មករជាង៩០ភាគរយ ច្រើនឆ្នាំមកនេះ បានរងគ្រោះ​ដោយសា​រការប្រើ​ប្រា​ស់​កិច្ច​ខ្លី​នេះ។

លោកថា៖ «បច្ចុប្បន្នហ្នឹង ថៅកែរោងចក្រចូល៩៥ភាគរយហើយ ដែលព្យាយាមប្រើប្រាស់កិច្ចសន្យាខ្លី ដោ​យ​ទុ​​​កឲ្យកម្មករហ្នឹងមិនមានការងារជាប់លាប់ មិនមានសុវត្ថិភាពការងារ ហើយងា​យស្រួលនឹង​កេញប្រវ័ញ្ញ ហើ​យ​ជើងកាងនៅមុខរោងចក្រហ្នឹងច្រើនមែនទែន។ ជា​ពិសេស បង្កឲ្យក្រុមថៅកែ ក្រុមរដ្ឋបាល ក្រុមស​ហជីពមួ​យចំនួនដែលភាគច្រើនការពារថៅកែ អាចនិ​យា​យ​​បានថាពាក់ព័ន្ធនឹងអាជ្ញាធរផងដែរ ដែលបង្កបញ្ហាហ្នឹង។ អញ្ចឹងបើគាត់រកឃើញបញ្ហាហ្នឹង គា​​ត់​​​​ដោះ​ស្រា​​​​​យបញ្ហាហ្នឹង ខ្ញុំគិតថាជារឿងល្អ»។

ទោះជា​យ៉ាងណា លោក អាត់ ធន់ បង្ហាញការព្រួយបារម្ភថា កម្មករនៅតែ​បន្តបាត់បង់​ប្រយោជន៍​ដដែល បើរដ្ឋាភិបា​ល ខ្វះយន្តការពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត។

បើតាមលោក អាត់ ធន់ កម្មករដែលថៅកែប្រើកិច្ចសន្យាខ្លី ពួកគេគ្មានសិ​ទ្ធិចូលស​ហជីពដើម្បីជំ​រុញល​ក្ខខ​ណ្ឌការងារ គ្មានសិទ្ធិចរចាប្រាក់ឈ្នួល មិនទទួលបានប្រាក់អតីភាពការងារ មិនទទួ​លបា​ន​ប្រាក់​ឧបត្ថ​ម្ភពេ​លឆ្លងទន្លេ និងមិន​ទទួលបានការប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃពីស្ថាប័នរដ្ឋជាដើម។

ប៉ុន្តែលោក ហ៊ុន​ សែន អះអាងថា ការធ្វើដំណើរទៅកាន់រោងចក្រ រៀងរាល់សប្តាហ៍ ដូចពេលនេះ លោកថា​បានដឹងពីបញ្ហារបស់កម្មករកាត់តែច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ