លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងនូវការចូលរួមមរណទុក្ខ ជាមួយរដ្ឋាភិបាលនិងប្រជាជនអាមេរិក ចំពោះអ្នកដែលស្លាប់ ដោយការបាញ់ប្រហារ នៅក្នុងកម្មវិធីប្រគុំតន្ត្រីមួយ ក្នុងទីក្រុងឡាវេសហ្គាស។
ក្នុងពិធីជួបជាមួយកម្មករនៅព្រឹកថ្ងៃទី០៤ខែតុលា នេះ លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមសម្តែងនូវការចូលរួមមរណទុក្ខ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានរងនូវការបាញ់ប្រហារយ៉ាងសាហាវ នៅតំបន់ឡាសវេហ្គាស ដែលធ្វើឲ្យមនុស្សស្លាប់រហូតដល់ទៅ៥៩នាក់ និងរបួសជាង៥០០នាក់ ដែលជាសោកនាដកម្មធំបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយក៏អាចចាត់ទុកថាជាសោកនាដកម្មដែលធំបំផុតក្នុងពិភពលោកផងដែរ»។
លោក ហ៊ុន សែន បានលើកឡើងបន្ថែមថា វាហាក់បីដូចជា ការចំអកចំពោះអាមេរិក ដោយថា លោកអគ្គរដ្ឋទូត ប្រចាំទីក្រុងភ្នំពេញ ទើបបានដាស់តឿននៅមុនបុណ្យភ្ជុំ ឲ្យប្រជាជនខ្លួនប្រុងប្រយ័ត្នពីសុវត្ថិភាពនៅកម្ពុជា។ ប៉ុន្តែលោក ហ៊ុន សែន នៅតែថ្កោលទោស ចំពោះអំពើបាញ់ប្រហារនេះ។ លោក ហ៊ុន សែន ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកឲ្យប្រុងប្រយ័ត្នពីសន្តិសុខផងដែរ។
កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ មានការបាញ់ប្រហារទៅលើហ្វូងមនុស្សរាប់ម៉ឺននាក់ ដែលកំពុងមើលការប្រគុំតន្រ្តី បណ្តាលឲ្យស្លាប់យ៉ាងតិច៥៩នាក់ និងរបួសជិត៦០០នាក់។ ខ្មាន់កាំភ្លើង ត្រូវបានរកឃើញស្លាប់នៅក្នុងបន្ទប់ជាន់ទី៣២ នៃសណ្ឋាគារ Mandalay Bay រួមជាមួយកាំភ្លើងជាច្រើនដើម៕









