ប្រេងឥន្ធនៈ (ប្រេងសំាង ម៉ាស៊ូត) នៅកម្ពុជាបន្តឡើងថ្លៃចន្លោះពី១៥០ ទៅ៣៥០រៀល ក្នុងមួយលីត្រ នៅរយៈពេលជាង៣ខែចុងក្រោយនេះ ខណៈមន្ត្រីសង្គមស៊ីវិល ស្នើទៅឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រមូលពន្ធលើការនាំចូលប្រេងឡើងវិញដោយថា កុំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
នៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៥ខែតុលា ឆ្នាំ២០១៧នេះ តម្លៃប្រេងសំាងស៊ុបពែ ក្នុងមួយលីត្រ ៤០០០រៀល សំាងធម្មតាតម្លៃ៣៧៥០ និងប្រេងម៉ាសូតតម្លៃ៣៤៥០រៀល ក្នុង១លីត្រ ដោយតម្លៃនេះឡើងលើសប្រហែល១៥០ ទៅ៣៥០រៀល បើធៀបនឹងជាង៣ខែមុន។
អ្នករត់រ៉ឺម៉កកង់បី នៅម្តុំស្ថានទូតចិនក្នុងរាជធានីភ្នំពេញលោក សឹង ភក្តី បានត្អូញត្អែរពីការតំឡើងថ្លៃប្រេងឥន្ធនៈនៅកម្ពុជា ដោយថា តម្លៃនេះឡើងលើសពីមុនប្រហែល១៥០ ទៅ៣៥០រៀល ក្នុងមួយលីត្រ នាអំឡុងពេលជាង៣ខែចុងក្រោយនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។
លោកនិយាយថា «ឥឡូវវាពិបាករកលុយ សំាងឡើងថ្លៃ វាពិបាករកស៊ី យើងមិនសូវមានម៉ូយ វាប៉ះពាល់ការរកស៊ីរបស់យើង ហើយចំណូលចំណាយវាច្រើនដែរ ជួលផ្ទះ ម្ហូប បន្លែ កូនរៀន»។
អាជីវករ ហេង រចនា បានលើកឡើងប្រហាក់ប្រហែលលោក ភក្តី ដែរ។ អាជីវកររូបនោះ ស្នើទៅរដ្ឋាភិបាល ជួយអន្តរាគមន៍ទៅក្រុមហ៊ុនប្រេងឥន្ធនៈ ដោយធ្វើយ៉ាងណាឲ្យលក់ប្រេងក្រោម៣០០០រៀល ក្នុងមួយលីត្រ ទើបពលរដ្ឋទំាងអស់អាចទទួលយកបាន។
លោកនិយាយថា «យើងធ្វើដំណើរត្រូវចាក់សំាង ដល់ពេលសំាងឡើងថ្លៃពេក ប្រាក់ខែគ្នាក៏តិច ដល់ពេលចាក់សំាងថ្លៃ គ្រាន់តែសំាងមួយថ្ងៃចាក់អស់មួយដុល្លារ ក្នុងហ្នឹងអ្នកជិះតិច មួយខែអស់៤០ដុល្លារ។ បើខ្ញុំវិញសំាងឲ្យចុះត្រឹម២៥០០ទៅ៣០០០រៀលក្នុងមួយលីត្រ ប៉ុណ្នឹងខ្ញុំគិតថា អាចសមរម្យ មានតែសម្តេចទេ ដែលគាត់គ្រប់គ្រងខាងហ្នឹង គាត់ជួយអ្នកដែលលក់សំាងឲ្យចុះតម្លៃបន្តិច»។
អ្នករាយការណ៍ព័ត៌មាន VOD បានចុះសម្ភាសន៍បុគ្គលិកស្ថានីយ៍ប្រេង តេឡា ស្ថានីយ៍ តូតាល់ និងបុគ្គលិកស្ថានីយ៍កាល់តិចដែរ ប៉ុន្តែពួកគេមិនធ្វើការបកស្រាយ ដោយបង្វែរសំនួរ ឲ្យទៅសួរម្ចាស់ស្ថានីយ៍វិញ ប៉ុន្តែVOD មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អ្នកនាង សឹង សុផារី ស្នើទៅប្រជាពលរដ្ឋដែលប្រើប្រាស់ប្រេងឥន្ធនៈទំាងអស់កុំឲ្យបន្ទោសរដ្ឋាភិបាលជុំវិញការឡើងថ្លៃប្រេងឥន្ធនៈនេះ ដោយថា ការឡើងថ្លៃប្រេងនេះ ដោយសារចរន្តទីផ្សារអន្តរជាតិមានការប្រែប្រួល។
អ្នកនាងស្នើថា «ប្រេងដែលយើងទិញពីក្រៅសុ្រកមិនមែនធនធានដែលយើង[កម្ពុជា]ផលិតបាន អ្នកណា ក៏ចង់បានសំាងថោកដែរ សុំស្វែងយល់ឲ្យកាន់តែច្រើនពីទីផ្សារអន្តរជាតិ ហើយនឹងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ព្រោះយើងប្រើប្រព័ន្ធហ្នឹងហើយ យើងត្រូវរៀនរស់ជាមួយនឹងរបៀបដំណើរការ គ្រាន់តែសុំឲ្យមាន ការយល់ដឹងពីព្រោះខ្ញុំសង្ឃឹមថា ថ្ងៃក្រោយគឺយើងមានផលិតប្រេងខ្លួនឯងយើងនិងថយ ចង់និយាយថា ថ្លៃប្រេងគេលក់រាយនិងថយដោយស្វ័យប្រវត្តិ»។
អ្នកនាង សុផារី បញ្ជាក់ទៀតថា តម្លៃប្រេងឥន្ធនៈទំាងអស់ ក្រសួងពាក់ព័ន្ធជាអ្នកកំណត់តម្លៃជារៀងរាល់១០ថ្ងៃម្តង ឲ្យក្រុមហ៊ុនលក់តាមការកំណត់នោះ ដោយថាបើមិនគោរពតាមការណែនាំ ក្រសួងនឹងធ្វើការផាកពិន័យ ឬបញ្ឈប់មិនឲ្យធ្វើអាជីវកម្ម។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាមានតម្លៃថ្លៃជាងគេ បើធៀបនឹងប្រទេសដែលជាសមាជិកអាស៊ាន ដោយលោកថា ម្ចាស់ក្រុមហ៊ុនធំៗភាគច្រើន ជាខ្សែស្រឡាយអ្នកមានអំណាច។
លោក សន ជ័យ ផ្តល់ជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាព ដរាបណារដ្ឋាភិបាលពិនិត្យឡើងវិញ លើកំណែទម្រង់នៃការប្រមូលពន្ធប្រេងឥន្ធនៈ។
លោកផ្តល់អនុសាសន៍ថា «រដ្ឋាភិបាលគួរពិនិត្យមើលទៅលើការ នៃការធ្វើកំណែទម្រង់ទាក់ទងនិងការប្រមូលពន្ធពីប្រេងសំាង ក៏ដូចជា ដំណើរការនៃការគ្រប់គ្រងតម្លៃពីប្រេងសំាងហ្នឹងដែរ ថាតើមានមធ្យោបាយអ្វីខ្លះ ជាដំណោះស្រាយ ពីព្រោះរឿងនេះ វាជារឿងមួយរំារ៉ៃ រឿងសំាងស្រុកខ្មែរថ្លៃជាងគេ»។
យោងតាមតម្លៃប្រេងសាំងនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរាជធានីភ្នំពេញ បច្ចុប្បន្នតម្លៃ ប្រេងសាំងស៊ុបពែ៤០០០រៀល សាំងធម្មតា៣៧៥០រៀល និងប្រេងម៉ាស៊ូត៣៤៥០រៀល ក្នុងមួយលីត្រ ប៉ុន្តែកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តម្លៃប្រេងឥន្ធនៈប្រហែល ៣៣០០ ទៅ៣៦៥០ ក្នុង១លីត្រ។ ចំពោះតម្លៃកាលពីឆ្នាំ២០១៦ តម្លៃប្រេងឥន្ធនៈប្រហែល៣១០០ទៅ៣៣០០រៀលប៉ុណ្ណោះ៕









