សមាគមមួយដែលធ្វើការជំរុញឲ្យមានការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀនឲ្យបាន២លានរៀលក្នុង១ខែ និងមានការយកចិត្តទុកបន្ថែមទៀតលើការផ្គត់ផ្គង់សម្ភារសិក្សា។
នៅថ្ងៃទី៥ខែតុលានេះជាទិវាគ្រូបង្រៀន គឺសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានដាក់ញត្តិស្នើទៅរដ្ឋាភិបាលឲ្យយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាគ្រូបង្រៀន និង តម្រូវចាំបាច់លើសម្ភារផ្សេងៗសម្រាប់បង្រៀន។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី ថ្លែងបន្ទាប់ពីដាក់ញត្តិនៅក្រសួងអប់រំថា រដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់លើវិស័យអប់រំជាប្រចាំ ដោយលោកស្រីថា កុំឲ្យយកចិត្តទុកដាក់តែពេលជិតបោះឆ្នោត។
លោកស្រីថ្លែងថា៖ «ទិសដៅរបស់យើងគឺសុំអញ្ចឹងតែគាត់យកកេងចំណេញនយោបាយទៅ ឲ្យប្រជាពលរដ្ឋ ឲ្យលោកគ្រូអ្នកគ្រូឃើញថាអូ! ការឡើងប្រាក់ខែនេះគឺនាយករដ្ឋមន្ត្រីឬរដ្ឋាភិបាលតម្លើងឯងៗ តាមពិតទៅយើងឃើញថាបើគ្មានការទាមទារក៏មិនអាចឲ្យគ្រូបង្រៀនដែលមានសព្វថ្ងៃនេះផងដែរ។ អញ្ចឹងបញ្ជាក់ថារដ្ឋាភិបាលកំពុងកេងចំណេញនយោបាយ ក្នុងពេលជិតបោះឆ្នោត ដូចដែលយើងបានឃើញថាជិតបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ គឺមានការដំឡើងប្រាក់បៀវត្សជាលំដាប់ តែការតម្លើងប្រាក់បៀវត្សនេះគឺមិនទាន់អាចសមស្របទៅនឹងទំនិញទីផ្សារដែលលោកគ្រូអ្នកគ្រូយើងអាចនៅសមរម្យបានទេ»។
ក្នុងញត្តិដែលសមាគមគ្រូបង្រៀនឯករាជ្យដាក់ជូនស្ថាប័នពាក់ព័ន្ធនៅព្រឹកនេះបានស្នើថាដើម្បីផ្តល់តម្លៃឲ្យគ្រូបង្រៀន និងពង្រឹងគុណភាពអប់រំ រដ្ឋាភិបាលគួរយកចិត្តទុកដាក់ដំឡើងប្រាក់បៀរវត្សយ៉ាងតិច២លានរៀលក្នុងមួយខែដល់គ្រូបង្រៀន រួមទាំងប្រាក់ឧបត្ថម្ភផ្សេងទៀត ជាមួយនិងបរិក្ខាសិក្សាអប់រំទំនើបដល់សាលារៀននៅទូទាំងប្រទេស និងអនុញាតឲ្យគ្រូបង្រៀនអាចបង្កើតសហជីពបាន។
ក្នុងទិវាគ្រូបង្រៀនថ្ងៃទី៥ តុលានេះ លោក ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលលោកពិតជាចង់បង្កើនប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការ តែដោយសារសេដ្ឋកិច្ចកម្ពុជានៅទន់ខ្សោយទើបមិនអាចធ្វើបាន។ តែទោះជាយ៉ាងណាលោកបញ្ជាក់ថា តាមគោលនយោបាយប្រាក់បៀវត្សសម្រាប់គ្រូបង្រៀនគឺកើនឡើងជាបន្តបន្ទាប់ដែលរហូតមកដល់ឆ្នាំ២០១៧នេះប្រាក់ខែគ្រូបង្រៀនទាបបំផុត៩៥ម៉ឺនរៀល ដល់ឆ្នាំ២០១៨ខាងមុខលោកថាប្រាក់ខែគ្រូបង្រៀននឹងកើនដល់១លានរៀលជាអតិប្បរមាផងដែរ។
លោកថា៖ «យើងមានសាច់ប្រាក់យើងតម្លើងហើយយើមានសាច់ប្រាក់ យើងមិនសន្យាខ្យល់ទេ ការសន្យាចេះតែឡើងសេ្រចតែចិត្ត ឡើងប៉ុន្មានលានគេដេញថ្លៃរហូត។ តែតើសភាពការសេដ្ឋកិច្ចអាចរ៉ាប់រងរួចឬអត់ នេះជាបញ្ហាមួយទៀត។ រាជរដ្ឋាភិបាលពិតជាចង់បានណាស់ការតម្លើងប្រាក់បៀរវត្ស ប៉ុន្តែសភាពការណ៍អាណត្តិមុន និងពេលនេះគឺខុសគ្នាអំពីស្ថានភាពនឹងជីវភាពគ្រូបង្រៀន របស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង» ។
វិស័យអប់រំនៅកម្ពុជាត្រូវបានមហាជនទទួលស្គាល់ច្រើនតាមរយៈការរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ កំណែទម្រង់ការបង្រៀន និងការបណ្តុះគំនិតក្នុងការអានជាដើម។ តែស្របពេលដែលការអប់រំត្រូវបានគេទទួលស្គាល់នេះ ប្រាក់ខែរបស់គ្រូបង្រៀននៅតែរងការរអ៊ូរទាំថាមានកម្រិតទាប ដែលមិនទាន់អាចឆ្លើយតបទៅនិងជីវភាពរបស់គ្រូបង្រៀនបាននៅឡើយទេ និងបានបង្ខំឲ្យពួកគាត់មួយចំនួនព្យាយាមរកប្រាក់ចំណូលបន្ថែម ដោយទៅបង្រៀនតាមសាលាឯកជន បើកបង្រៀនគួរ និងបន្ថែមមុខរបរមួយចំនួនទៀត ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ៕









