ប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៨ គឺ១៧០ដុល្លារ

ទីស្តីការក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបភាពពី Facebook)

ក្រសួងការងារ បានប្រកាសថា ប្រាក់ឈ្នួលអប្បរមា របស់កម្មករ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្រា​ប់ឆ្នាំ២០១៨ គឺ១៧០ដុល្លារ ក្នុងមួយខែ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រាប់អ្នកសារព័ត៌មាន ក្រោ​យដើ​រចេ​​ញពីប្រជុំបិទទ្វារមួយ នៅក្រសួងការងារ នាថ្ងៃទី៥ខែតុលានេះថា ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ គណៈកម្ម​កា​រ​ប្រឹ​ក្សា​​ការងារ បានបោះឆ្នោតយកតួលេខ ១៦៥ដុល្លារ ហើយនាយករដ្ឋមន្ត្រីថែម​៥ដុល្លារទៀត​បាន​១៧០ដុល្លារ។​

លោកបន្ថែមថា៖ «សម្តេចតេជោនាយករដ្ឋមន្រ្តី លោកបានសម្រេចផ្តល់បន្ថែម៥ដុល្លារ អញ្ចឹងទេប្រាក់ឈ្នួល អប្បបរមាសម្រាប់បងប្អូនកម្មករនយោជិកផ្នែកវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងឆ្នាំ ២០១៨គឺ១៧០ដុល្លារ»។

តំណាងភាគីខាងរោងចក្រលោក ណាង សុធី បានស្វាគមន៍ទៅនឹងការដំឡើងនេះដោយថា បើការដំឡើងតិចពេកជាមូលហេតុបង្ករឲ្យមានការផ្ទុះបាតុកម្ម។

លោកបន្ថែមថា៖ «ខ្ញុំដូចជាមិនអីទេ ដូចយើងដឹងហើយថា ទោះបីវាមានការឡើងថ្លៃសមាមាត្រសមហេតុ សមផលណាមួយអ្នកបញ្ជាទិញក៏គេទទួលស្គាល់ ហើយអ្វីដែលយើងបារម្ភនោះគឺការធ្វើអំពើដែលល្មើស ច្បាប់ដូចជាការធ្វើបាតុកម្មរំខានដល់ការធ្វើអាជីវកម្មអត់មានភាពសុខដុមរមនា ក្នុងវិស័យអាជីវកម្មកម្មករ ដេរ»។

ប្រធានសហភាពការងារកម្ពុជា លោក អត់ ធន់ ក៏បានស្វាគមន៍ទៅនឹងការដំឡើងនេះ ប៉ុន្តែលោកជំរុញឲ្យ រដ្ឋាភិបាលកុំឲ្យផ្ទះជួលដំឡើងថ្លៃ និងកុំឲ្យថៅកែប្រើប្រាស់កិច្ចសន្យាខ្លីនោះទើបអត្ថប្រយោជន៍នានាដែល រដ្ឋាភិបាលប្រឹងប្រែងបានដល់ដៃកម្មករ។

លោកបន្ថែមថា៖ «យើងអ្នកសហជីព និងកម្មករយើងពិតជាសប្បាយនៅពេលមានការតំឡើងមានការគិតគូរ ហើយពិសេសចុងក្រោយនេះ ខ្ញុំគិតគូរគាត់មួយគឺពាក់ព័ន្ធកិច្ចសន្យាខ្លី ដែលកម្មករ៩០%ជាងដែលរស់នៅ ក្នុកិច្ចសន្យាខ្លីសូម្បីតែយើងតំឡើងប្រាក់ឈ្នួលអ្នកខ្លះអត់ពេញចិត្តទេ ព្រោះការងារកម្មករអត់ជាប់លាប់ អត់មានស្ថេរភាព ហើយគេសម្លុតឲ្យធ្វើការងារច្រើនមែនទែននេះជាបញ្ហាមួយ មួយទៀតបញ្ហាជើងកាងឲ្យ តែមានការដោះស្រាយ ឬការតវ៉ាកន្លែងណាមួយគឺមានជើងកាងចេញមក អញ្ចឹងខ្ញុំគិតថាបើគាត់ដោះ ស្រាយពីរនេះបានទៀត វាពិតជាល្អមែនទែន»។

បច្ចុប្បន្ននេះ ប្រាក់ឈ្នួលគោលកម្មករមានចំនួន ១៥៣ដុល្លារ ហើយប្រាក់ឈ្នួល ១៧០ដុល្លារ នឹងចាប់នៅឆ្នាំ២០១៨ ខាងមុខនេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ