ប្រមុខរដ្ឋាភិបាលឲ្យដំឡើងអាយុចូលនិវត្តន៍ គ្រូបង្រៀនដល់៦៥ឆ្នាំ ដោយថា ការស្នើកែច្បាប់បែបនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ក្រសួងអប់រំ។
ក្នុងទិវាគ្រូបង្រៀននាថ្ងៃទី៥ខែតុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា វិស័យអប់រំបច្ចុប្បន្ន កំពុងប្រឈមទៅនឹងកង្វះខាតគ្រូបង្រៀន ខណៈច្បាប់តម្រូវឲ្យចូលនិវត្តន៍ត្រឹមអាយុ៦០ឆ្នាំ។
លោក ហ៊ុន សែន ថ្លែងទៀតថា ដើម្បីដោះស្រាយបញ្ហានេះ លោកស្នើឲ្យមន្ត្រីពាន់ព័ន្ធ ដាក់សំណើទៅរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់ ដំឡើងអាយុចូលនិវត្តន៍គ្រូបង្រៀនដល់៦៥ឆ្នាំ។
លោកថា៖ «បញ្ហាគ្រូបង្រៀនរបស់យើង យើងនៅតែបន្តរើស។ ប៉ុន្តែអ្នកចូលនិវត្តន៍ គឺអត់។ ដូច្នេះយើងដោះស្រាយបញ្ហាកង្វះគ្រូ ដែលសព្វថ្ងៃគ្រូខ្លះបង្រៀនបន្ថែមម៉ោង។ ប៉ុន្តែបញ្ហាធំជាងគេ ដោយសារខ្វះគ្រូ យើងចេះតែចាប់ញាត់សិស្សលើសនិយាមនៃគរុកោសល្យ។ នេះជាចំណុចដែលស្នើសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសារធារណៈ ធ្វើកិច្ចការនេះបន្ទាន់។ បើមិនអាចនឹងលើកកម្រិតចូលនិវត្តន៍របស់មន្ត្រីរាជការទូទៅបាន យើងក៏គួរធ្វើវិស័យគ្រូបង្រៀនមុនគេ ដែលជាវិស័យមួយនេះតម្រូវការ[បន្ទាន់]។ ឥឡូវឲ្យរើស៣ពាន់ចូលនិវត្តន៍៣ពាន់ដដែល។ រួចហើយទៅជួល៣ពាន់ហ្នឹង ឲ្យមកបង្រៀនវិញ ជាមន្ត្រីជាប់កិច្ចសន្យា ចុះបើយើងឲ្យទៅអញ្ចឹងទៅ រហូតដល់៦៥ ចាំយើងឈប់ ហើយពេលហ្នឹង៦៥ឆ្នាំ នៅកំពុងឆ្លាតតើ»។
ក្នុងពិធីនោះដែរមន្ត្រីប្រាប់លោក ហ៊ុន សែន ថា ដោយសារតែកង្វះគ្រូបង្រៀននេះ សាលាមួយចំនួនបានបង្ខំចិត្ត ដាក់កូនសិស្សដល់ទៅ៧០នាក់ ក្នុងមួយថ្នាក់ ខុសគរុកោសល្យ ធ្វើឲ្យប៉ះពាល់ដល់គុណភាពសិក្សា។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី លើកឡើងថា ការជំរុញរបស់រដ្ឋាភិបាល មានភាពវិជ្ជាមានផង និងអវិជ្ជមានផង ដោយថា អ្នកមានបទពិសោធន៍បានបន្តការងារ ក៏ប៉ុន្តែថា យុវជនដែលត្រៀមចូលបន្តវេន ក្នុងវិស័យអប់រំនេះ ត្រូវបានពន្យារពេល និងបាត់ឱកាស។
លោកស្រីថា៖ «ការដែលទុកឲ្យអ្នកគ្រូ លោកគ្រូយើង ចូលនិវត្តន៍ដល់៦៥ឆ្នាំ នេះជាការល្អម្យ៉ាងហើយ ដែលគាត់បានប្រាក់ខែច្រើនបន្តទៅទៀត។ ប៉ុន្តែក៏ធ្វើបាបពួកគាត់ ឲ្យពួកដែលមានអំណាចដែលជិតចូលនិវត្តន៍ហ្នឹងនៅតែបន្តកាន់អំណាចតទៅទៀតមិនឲ្យយុវជន មិនឲ្យអ្នកជំនាន់ក្រោយមានបទពិសោធន៍បន្តវេនបានទេ»។
បើតាមលោក ស្រី អ៊ុក ឆាយាវី គ្រូបង្រៀនបច្ចុប្បន្ន មានជាង១០ម៉ឺននាក់ ពួកគេទទួលបានប្រាក់ខែចន្លោះពី៩០មឺន ទៅ១លានរៀល។
ទោះជាយ៉ាងណាលោក ហ៊ុន សែន ថា រដ្ឋាភិបាលក៏នឹងពិនិត្យផងដែរ ពីលទ្ធភាពស្នើកែរច្បាប់ដូចគ្នានេះ ដើម្បីដំឡើងអាយុចូលនិវត្តន៍ដល់មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធផងដែរ៕









