ខុសពីតារាល្បីៗ ដែលមានព័ត៌មានរសើប ផ្ទុះឡើងរមែងប្រើប្រាស់បណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន ឬ លើកទូរស័ព្ទដោយផ្ទាល់ ដើម្បីឆ្លើយបំភ្លឺ ប៉ុន្តែ តារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា បែរជាស្ងបស្ងាត់ឈឹង ជាមួយនឹងការចុះផ្សាយថា នាងបានភ្ជាប់ពាក្យស្ងាត់ៗរួចហើយ ជាមួយប្អូនប្រុសថៅកែហង្សមាស។
អ្នកលើកទូរស័ព្ទ ដែលអះអាងថា ជាប្អូនស្រីបង្កើតរបស់នាង បានអះអាងថា នោះជាព័ត៌មានចចាមអារ៉ាម ប៉ុន្តែ ចម្លើយយ៉ាងខ្លីរបស់ឆ្លើយជំនួសនេះ ហាក់មិនស៊ី នឹងការទម្លាយឲ្យដឹង ពីសំណាក់អ្នកសិល្បៈដូចគ្នា។
ប្អូនស្រី ឱក សុគន្ធកញ្ញា បានអះអាងថា បងស្រីរបស់នាង ជាប់រវល់ មិនអាចទទួលទូរស័ព្ទបានទេ ទើបនាងត្រូវបំពេញតួនាទី ជាអ្នកឆ្លើយសំណួរជំនួស រួចចាំប្រាប់បងស្រីជាក្រោយ។ នាង បញ្ជាក់ថា បងស្រីរបស់ខ្លួន មិនបានភ្ជាប់ពាក្យជាមួយប្អូនប្រុស ថៅកែហង្សមាស ដូចអ្វីដែលបានចុះផ្សាយនោះទេ។ ប៉ុន្តែនាង ហាក់ផ្ដល់ចម្លើយស្ទាក់ស្ទើរ នៅពេលសួរថា តើកញ្ញា ឱក សុគន្ធកញ្ញា នឹងមានគម្រោងធ្វើសន្និសីទកាសែត ដើម្បីច្រានចោលព័ត៌មាននោះ។
នាងថា បងស្រីរបស់ខ្លួន មិនចាប់អារម្មណ៍នឹងព័ត៌មាននោះទេ ខណៈដែលចម្លើយនេះ កាន់តែធ្វើឲ្យមានការដាក់សង្ស័យច្រើនឡើងថា នៅពីក្រោយចម្លើយបដិសេធរបស់អ្នកឆ្លើយជំនួស គឺហាក់មានអាថ៌កំបាំង។ ប្អូនស្រី ឱក សុគន្ធកញ្ញា បន្តចម្លើយចុងក្រោយថា រូបនាង មិនដឹងរឿងរបស់បងស្រី និងមិនដែលបានឃើញបងស្រីមានពិធីភ្ជាប់ពាក្យណាមួយនោះទេ។
យ៉ាងណាមិញ ចម្លើយពីតារាសិល្បៈ និងអ្នកស្និទ្ធិជាមួយ លោក រ៉េតធី ដូណា អតីតគូស្នេហ៍ កញ្ញា ឱក សុគន្ធកញ្ញា បានបន្តបង្ហើបច្រើនឡើងថា ឱក សុគន្ធកញ្ញា ពិតជាបានភ្ជាប់ពាក្យជាមួយប្អូនប្រុសរបស់ថៅកែហង្សមាសប្រាកដមែន ដោយបុរសវ័យជាង៤០ឆ្នាំ ម្នាក់នោះ បានទាំងទិញរថយន្តឲ្យនាងមួយគ្រឿងទុកជាចំណងដៃក្រោយពីបានភ្ជាប់ស្នេហ៍នោះផង។ មានការបញ្ជាក់ថា គូដណ្ដឹងរបស់ កញ្ញា ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំលោះចាស់ និងប្អូនប្រុសថៅកែហង្សមាសប៉ុណ្ណោះទេ ប៉ុន្តែលោក ក៏ជាអ្នកជំនួញដែលមានងារ ជាឧកញ៉ាផងដែរ។
លោក អ៊ឹង សុខលី អគ្គនាយករងទូរទស្សន៍ហង្សមាស និងជាកូនបង្កើតរបស់ថៅកែហង្សមាស បដិសេធមិនឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន ជុំវិញរឿងនេះ។
លោកនិយាយបែបលេងសើចថា៖ «សុំកុំសួររឿងអីបង ខ្ញុំសុំអត់ឆ្លើយទេ សុំសួរតែកម្មវិធី The Voice Kids និងកម្មវិធីផ្សេងទៀតរបស់ហង្សមាស បានហើយ»។
ជាមួយនឹងការជជីកសួរថា តើលោកនឹងមានអារម្មណ៍យ៉ាងមិច ប្រសិនបើរូបភាពភ្ជាប់ពាក្យរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងឪពុកមារបស់លោកត្រូវបានបែកធ្លាយ? លោកឆ្លើយយ៉ាងខ្លីថា កុំសួរលោកពីរឿងហ្នឹងអី ដោយសារ តែលោកមិនអាចឆ្លើយបាន។ យ៉ាងណាមិញ លោកបានបញ្ជាក់ថា គ្រួសាររបស់លោកស្រឡាញ់អ្នកសិល្បៈ និងអត់មានរើសអើងអ្នកសិល្បៈនោះទេ ទើបសម្រេចធ្វើជំនួញទាំងបើកផលិតកម្មចម្រៀង និងបើកទូរទស្សន៍ផង ដោយសុខចិត្តចំណាយលុយរាប់សែនទិញទាំងកម្មវិធីពីបរទេស ដើម្បីលើកមុខលើកមាត់របស់អ្នកសិល្បៈនៅកម្ពុជានោះផង។
ជាមួយនឹងការផ្ដល់ចម្លើយរបៀបស្ទាក់ស្ទើរទាំងភាគីរបស់ ឱក សុគន្ធកញ្ញា និងកូនប្រុសរបស់ថៅកែហង្សមាស បានធ្វើអោយមានការប៉ាន់ស្មានកាន់តែខ្លាំងថា ដំណឹងភ្ជាប់ពាក្យរបស់នាង និងប្អូនប្រុសថៅកែហង្សមាស អាចមានការពិតច្រើនភាគរយ ដោយសារតែខាងហង្សមាស និងខាង ឱក សុគន្ធកញ្ញា ដោយផ្ទាល់ មិនចេញមុខបដិសេធអោយដាច់អហង្ការ ដើម្បីកុំអោយមានការយល់ច្រលំ។ ក្នុងនោះអ្នកគាំទ្រ ក៏នឹងខកចិត្តផងដែរប្រសិនបើមានពិធីនោះមែន ហើយស្រាប់តែសាមីខ្លួនព្យាយាមបិទបាំង ក្នុងពេលដែលដំណឹងភ្ជាប់ពាក្យ និងរៀបការគឺជាដំណឹងដ៏ល្អ ដែលតារាល្បីម្នាក់ត្រូវតែមាន ដើម្បីគេចផុតពីពាក្យចចាមអារ៉ាមមិនល្អ។
មកទល់ពេលនេះ ដំណឹងភ្ជាប់ពាក្យរបស់នាងកាន់តែពុះកញ្ជ្រោលអារម្មណ៍អ្នកតាមដាន ក្នុងពេលដែលកញ្ញា ឱក សុគន្ធកញ្ញា ក៏មិនព្រមប្រើប្រាស់បណ្ដាញហ្វេសប៊ុកបកស្រាយប្រាប់អ្នកគាំទ្រអោយអស់ចម្ងល់ប្រសិនបើគ្មានពិធីភ្ជាប់ពាក្យស្ងាត់ៗ នោះមែន៕