របាយការណ៍មួយរកឃើញថា កម្មកររោងចក្រជាច្រើននៅកម្ពុជា កំពុងធ្វើការ តាមរយៈកិច្ចសន្យាខ្លី ដោយសហជីពថា កិច្ចសន្យានេះ កំពុងផ្ដល់គុណវិបត្តិ ជាច្រើនដល់ក្រុមកម្មករ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា បើតាមរបាយការណ៍ ដែលរកឃើញ គឺមានកម្មកររោងចក្រប្រមាណជាង៩០ភាគរយ ក្នុងចំណោមកម្មករ សរុបចំនួន ៨០ម៉ឺននាក់ទូទាំងប្រទេស កំពុងធ្វើការ តាមរយៈកិច្ចសន្យាខ្លី ឬកិច្ចសន្យាកំណត់ថេរវេលា ដោយលោកថា កិច្ចសន្យាប្រភេទនេះ ធ្វើឲ្យក្រុមកម្មកររោងចក្រ រងផលប៉ះពាល់ជាច្រើន។
លោកពន្យល់ថា កម្មករ ដែលជាប់កិច្ចសន្យាខ្លី តែងព្រួយបារម្ភពីការបណ្ដេញចេញពីការងារ បាត់បង់សិទ្ធិចូលរួមជាមួយសហជីព បាត់បង់ប្រាក់អត្ថប្រយោជន៍ប្រចាំឆ្នាំ របបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងទៀតជាដើម។
លោក អាត់ ធន់ បន្ថែមថា ដើម្បីការពារសិទ្ធិរបស់កម្មករ លោកស្នើថា ម្ចាស់ក្រុមហ៊ុន ឬថៅកែរោងចក្រ គួរ កែប្រែកិច្ចសន្យាទាំងនោះ ឲ្យទៅជាកិច្ចសន្យាវែង ឬកិច្ចសន្យា មិនកំណត់ថេរវេលាវិញ។
លោកថា៖ «កិច្ចសន្យាប្រមាណជាង៩០ភាគរយនៃការជួលហ្នឹង អាហ្នឹងវាផ្ដល់ប៉ះពាល់ខ្លាំងណាស់ កិច្ចសន្យាខ្លីហ្នឹង ប៉ះពាល់ច្រើនណាស់ ទី១ គឺគាត់អត់មានសន្ដិសុខការងារទេ ប្រឈមនឹងគេបញ្ឈប់គាត់ ទី២ បើសិនជា គេដឹងថា គាត់ចូលសហជីពកម្មករ សហជីពអីចឹងទៅ គេនឹងបណ្ដេញគាត់ចោល […] តាមពិតត្រូវរៀបចំធ្វើកិច្ចសន្យាវែង ជាប់លាប់អីវិញទៅ ព្រោះអាខ្លីហ្នឹង ជាអំពើទុចរិតរបស់និយោជកហើយ ដែលតែងកេងប្រវ័ញ ដើម្បីគាបសង្កត់គេហើយ ឲ្យគាត់អនុវត្តច្បាប់មក ហើយឲ្យគាត់មានកិច្ចសន្យាត្រឹមត្រូវ»។
ក្នុងពិធីជួបជាមួយកម្មករ កាលពីថ្ងៃទី៤តុលា កន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា មានកម្មករ បានប្រាប់លោកថា ការប្រើប្រាស់កិច្ចសន្យាខ្លី ធ្វើឲ្យពួកគេងាយបាត់បង់ការងារ និងអត្ថប្រយោជន៍ផ្សេងៗ បើថៅកែរោងចក្រ មិនពេញចិត្តដោយហេតុផលណាមួយ។
លោក ហ៊ុន សែន ក៏ប្រាប់ឲ្យក្រសួងការងារ និងថៅរោងចក្រ រួមគ្នាដោះស្រាយបញ្ហានេះ ដោយថា ដើម្បីធានាប្រយោជន៍ទាំងសងខាង និងចៀសវាងការផ្ទុះបាតុកម្មណាមួយ ដោយសារវិវាទផលប្រយោជន៍នេះ។
លោកថា៖ «កន្លងទៅ៣ខែចុះ[កិច្ចសន្យា]ម្តង។ ៣ខែអាចបន្ត អារឿងអាចបន្តនេះហើយ ដែលកម្មករមានការបារម្ភ បារម្ភថាបន្ទាប់ពី៣ខែហើយ តើគេឲ្យធ្វើការតទៅទៀតឬអត់។ អញ្ចឹងទេ អំពាវនាវចំពោះម្ចាស់រោងចក្រ អំពាវនាវចំពោះសមាគម និយោជក និងក្រសួងការងារ ធ្វើការងារនេះ ដើម្បីធានាសុវត្ថិភាពការងាររបស់កម្មករ កម្មការនី របស់យើង»។
ករណីនេះ ប្រធានសហព័ន្ធសហជីព ដើម្បីសិទ្ធិការងារ លោក សំ សឿន លើកឡើងថា វាជាការល្អ បើសិនម្ចាស់រោងចក្រ រៀបចំធ្វើកិច្ចសន្យាដដែលនេះ ឲ្យទៅជាកិច្ចសន្យាវែងជាងមុន។ ប៉ុន្ដែលោកស្នើថា រដ្ឋាភិបាល និងភាគីក្រុមហ៊ុន ក៏គួររៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាល ដល់ក្រុមកម្មករផងដែរ ដើម្បីឲ្យពួកគេមានសមត្ថភាពខ្ពស់ ហើយដែលធ្វើឲ្យម្ចាស់រោងចក្រ មិនអាចខ្វះពួកគេ។
របាយការណ៍ចុងក្រោយនៃបេឡាជាតិរបបសន្តិសុខសង្គម បង្ហាញថា កម្មករដែលធ្វើការក្នុងវិស័យកាត់ដេរសព្វថ្ងៃមានចំនួន៨០ម៉ឺននាក់ ក្នុងក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ជាង១ ០០០កន្លែង។ ទោះយ៉ាងណា គេមិនទាន់ឃើញចំនួនតួលេខកម្មករ ជាប់កិច្ចសន្យាវែង និងកិច្ចសន្យាខ្លី ថាមានប៉ុន្មាននាក់នៅឡើយ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា៕









