នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានបញ្ឈប់សកម្មភាពរបស់ក្រុមអាជីវករ ដែលធ្វើអាជីវកម្មលក់ដូរលើវាលស្មៅជាប់កសិន្ធុនៃប្រសាទអង្គរវត្ត ដោយអះអាងថា ធ្វើបាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់ដល់បរិស្ថាន។

តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាល្ងាចថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា កាលពីថ្ងៃទី ២៥ខែកញ្ញា នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ បានចុះអប់រំនិងធ្វើកិច្ចសន្យាជាមួយក្រុមអាជីវករ ឲ្យបញ្ឈប់សកម្មភាពលក់ចំណីអាហារ ជួលអង្រឹង និងកន្ទេល នៅលើវាលស្មៅជាប់កសិន្ធុនៃប្រសាទអង្គរវត្តបន្តទៀត។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ការបញ្ឈប់សកម្មភាពរបស់ក្រុមអាជីវករ មិនឲ្យធ្វើអាជីវកម្មបែបនេះ គឺដើម្បីទប់ស្កាត់សំរាមដែលរាយប៉ាយពាសពេញលើវាលស្មៅ ធ្វើឲ្យបាត់បង់ខ្យល់បរិសុទ្ធ នៅក្នុងតំបន់ប្រសាទអង្គរវត្ត នឹងប៉ះពាល់ដល់សុខភាពរបស់ភ្លៀវទេសចរ ដែលមកទស្សនា។
ម៉ាប់ ស៊ុយ Mabsuy168@gmail.com









