រដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបញ្ជាក់អត្តសញ្ញាណជូនដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ដើម្បីទទួលបានលិខិតធ្វើដំណើរនិងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស។
ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានចេញសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទិ០៦ ខែតុលា ដោយបើកយុទ្ធនាការបញ្ជាក់អត្តសញ្ញាណឲ្យពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី១២ ខែតុលាខាងមុខ ដើម្បីឲ្យពួកគេទទួលបានលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC)។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ការបើកយុទ្ធនាការបញ្ជាក់អត្តសញ្ញាណឲ្យពលករនេះចាប់ពីថ្ងៃចន្ទដល់ថ្ងៃសៅរ៍ នៅទីតាំងចំនួន៣ ក្នុងប្រទេសថៃ គឺការិយាល័យទីក្រុងបាងកក អាសយដ្ឋាន អ៊ឹមផើរៀល វីល ឡាតប្រាវ (Imperial World Ladphrao) ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦និង៣០នាទីល្ងាច។
ជាមួយគ្នានោះសម្រាប់ការិយាល័យខេត្តរ៉ាក់យ៉ង អាសយដ្ឋាន ផ្សារអូថប់ម៉ាយ៉ង(OTOP MA YOUNG) ចាប់ពីម៉ោង៨កន្លះព្រឹក ដល់ម៉ោង៥ល្ងាច ចំណែកឯការិយាល័យខេត្តសុងក្លា អាសយដ្ឋានផ្សារហ្វុកទៀន(Fuk Thian) ចាប់ពីម៉ោង៨កន្លះព្រឹក ដល់ម៉ោង៥ល្ងាច ដែលពលករទាំងអស់ត្រូវមកឲ្យដល់ការិយាល័យឲ្យមុន ១ម៉ោងកន្លះនៃម៉ោងបញ្ចប់ការងារ។
សេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថាសម្រាប់តម្លៃសេវាផ្លូវការក្នុងការធ្វើនិងបើផ្ដល់សំណុំឯកសារក្នុងថ្ងៃតែមួយដែលភាគីថៃនិងកម្ពុជាបានឯកភាពគឺ ២៣៥០បាត ហើយសម្រាប់អ្នកនៅក្នុងបន្ទុករបស់ពលករអាយុក្រោម១៥ឆ្នាំ មិនតម្រូវឲ្យបង់តម្លៃនោះទេ ដោយគ្រាន់តែនាំអ្នកក្នុងបន្ទុកមកដោយផ្ទាល់ និងថតរូបដោយផ្ទាល់ និងភ្ជាប់ជាមួយនូវសំបុត្រកំណើតឬសំបុត្រពេទ្យ។
សេចក្ដីប្រកាសព័ត៌មានដដែលតម្រូវឲ្យពលករទាំងដែលមកស្នើសុំធ្វើលិខិតធ្វើដំណើរនិងប័ណ្ណពលករធ្វើការនៅបរទេស ត្រូវមកដោយផ្ទាល់និងថតរូបដោយផ្ទាល់ ហើយភ្ជាប់មកជាមួយនូវសំបុត្រកំណើតច្បាប់ដើមនិងថតចំលង ២ច្បាប់ ប័ណ្ណស៊ីជម្ពូឬប័ណ្ណអនុញ្ញាតការងារផ្នែកនេសាទ និងឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់ថៅកែ។
ជាមួយគ្នានោះស្ថានទូតក៏បានផ្ដល់លេខទូរសព្ទសម្រាប់ទាក់ទងករណីពលករមានចម្ងល់ពីការបញ្ជាក់អត្តសញ្ញាណនេះ ដោយទាក់ទងទៅកាន់មន្រ្តីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកតាមរយៈលេខ ០៨២ ៤២២ ០០១១/០៨២ ៤២២ ០០៤៤/ ០២ ៩៥៧ ៥៨៥២/ ០៩២ ៨០៥ ០៥ ៦១/ លេខ ០៩៤ ០៩២ ៥៩០៥/ ០៨៦ ៧៩៩ ៩៩៥៧ និង លេខ ០៦៤ ៧៥៥ ៧៤០១ ផងដែរ៕