នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការនាំចូលបន្លែពីប្រទេសវៀតណាម ចិន ថៃ និងបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា រាប់រយតោន ក្នុងមួយថ្ងៃ ដើម្បីយកមកបោះដុំនៅផ្សារដើមគ និងផ្សារច្បារអំពៅ ក្នុងរាជធានីភ្នំពេញ។
ពលរដ្ឋមួយចំនួន អះអាងប្រហាក់ប្រហែលគ្នាថា បន្លែទំាងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាម ដោយឡែក នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ពួកគេថា នាំចូលបានតិចតួចតែប៉ុណ្ណោះ។
កាលពីថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បានស្តីបន្ទោសប្រជាពលរដ្ឋ ដែលទៅទិញបន្លែមានសារធាតុគីមីធ្វើ ដែលធ្វើឲ្យប៉ះពាល់សុខភាព ដោយលោកប្រាប់ទៅពលរដ្ឋថា កុំឲ្យបន្ទោសលើរដ្ឋាភិបាលចំពោះការនាំចូលបន្លែ ផ្ទុកទៅដោយសារធាតុគីមីនោះ។
ដើរចេញពីកន្លែងទិញបន្លែមួយកន្លែង នៅម្តុំផ្សារដើមគ លោក ពេជ្រ សំបូរ បានរៀបរាប់ថា គាត់តែងតែមកទិញបន្លែនៅម្តុំផ្សារដើមគ ដែលជាកន្លែងលក់បោះដុំ និងមានតម្លៃថោកជាងនៅតាមផ្ទះ ឬផ្សារផ្សេងៗទៀត។ លោកបន្តថា លោកមិនចេះពិនិត្យមើលបន្លែប្រភេទណា មានជាតិគីមី ឬមិនមាននោះទេ ដោយថា ឲ្យតែឃើញល្អ ទិញយកទៅធ្វើម្ហូបបរិភោគតែម្តង។
លោកនិយាយថា៖ «គេប្រាប់ខ្ញុំ ជួនកាលគេប្រាប់ថា ដំានៅស្រុកខ្មែរ វាមិនសូវល្អ បើដំានៅវៀតណាមវាល្អៗ រឿងគីមីខ្ញុំអត់ដឹងទេ ឃើញគេដាក់លក់ម៉េច ខ្ញុំទិញយកទៅប្រើប្រាស់»។
អ្នកទៅទិញបន្លែមួយចំនួន បានលើកឡើងស្រដៀងគ្នាថា បន្លែដែលនាំពីវៀតណាម និងបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ភាគច្រើនមានសារធាតុគីមី។
ឈរនៅមុខកន្លែងលក់បន្លែ ក្បែរចិញ្ចើមផ្លូវម្តុំផ្សារដើមគ អ្នកស្រី មួង ចាន់ណា បាននិយាយថា បន្លែភាគច្រើនសុទ្ធតែមានជាតិគីមី ដោយអ្នកស្រីថា នៅពេលបរិភោគ គាត់តែងតែព្រួយបារម្ភពីសុខភាពដែរ ប៉ុន្តែអ្នកស្រីថា គ្មានជម្រើស និងមិនដឹងទៅទិញបន្លែ នៅកន្លែងណាដែលគ្មានជាតិគីមីនោះទេ។
អ្នកស្រីនិយាយថា៖ «ទូទៅគេទិញនៅកន្លែងហ្នឹង[ផ្សារដើមគ]គ្រប់គ្នា ហើយខ្ញុំមិនដឹងទៅទិញនៅកន្លែងណាទេ បើអត់ដឹងថា បន្លែអត់គីមី គេលក់នៅកន្លែងណា អត់ចង់ប្រើដែរ ដឹងដែរសុទ្ធតែរបស់គីមីឥឡូវ ពិបាកហូបណាស់បន្លែឥឡូវ»។
ប្រជាពលរដ្ឋលើកឡើងថា បន្លែបោះដុំនៅផ្សារដើមគ និងផ្សារច្បារអំពៅ ត្រូវបានឈ្មួញ ឬអាជីវករទិញ យកទៅលក់បន្តនៅតាមផ្ទះ ឬតាមផ្សារមួយចំនួន នៅក្នុង ឬជាយរាជធានីភ្នំពេញជាដើម។
ដើរចេញពីកន្លែងលក់បន្លែនៅម្តុំផ្សារច្បារអំពៅ រាជធានីភ្នំពេញ លោក គឹម ហឿន បានឲ្យដឹងថា មុននឹងទិញបន្លែយកទៅបរិភោគ លោកថា ត្រូវយកទៅស្រុះទឹកក្តៅជាមុនសិន ដោយថា ដើម្បីការពារសុខភាពបានមួយផ្នែក។
លោកនិយាយថា៖ «មុនដំបូងយើងរើសយកស្អាត យើងយកលាង យើងដំាទឹកអំបិល មួយសន្ទុះ ហើយយើងស្រុះទឹកក្តៅ…បានយើងយកទៅស្លរ យើងខ្លាចបន្លែមានជាតិថ្នាំ វាការពារសុខភាពយើងកុំឲ្យមាន ជំងឺទូទៅ»។
បើតាមអាជីវករខ្លះ ដែលលក់នៅម្តុំផ្សារដើមគ និងផ្សារច្បារអំពៅ បាននិយាយស្រដៀងគ្នាថា បន្លែភាគច្រើននាំចូលពីប្រទេសវៀតណាម និងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ពួកគេថា បន្លែទំាងនោះភាគច្រើន មានជាតិគីមី។
អាជីវករផ្សារដើមគ អ្នកស្រី ឈីវ ម៉ៅ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា បន្លែភាគច្រើនពិតជាមានជាតិគីមីពិតមែន ប៉ុន្តែអ្នកស្រីថា មិនដឹងធ្វើយ៉ាងណាទេ ដោយថា គាត់គិតតែទិញយកទៅលក់ឲ្យអតិថិជន។
អ្នកស្រីនិយាយថា៖ «បន្លែផ្សេងៗ ដូចជាស្ពែក្តោបចេញពីស្រុកយួន ខ្ទឹមបារំាងចេញពីសុ្រកយួន ត្រសក់ចេញពីគីរីរម្យ ជួនកាលមកពីខេត្តកណ្តាល ឆៃថៅ ជួនកាលមកពីស្រុកយួនក៏មាន ជួនកាលឆៃថៅ នៅកន្លែង[ខ្មែរ]យើងក៏មានដែរ ជួនកាលគេយកមកវាដាក់រៀបចំ ដាក់ជាតិគីមី ដាក់ថ្នាំក្នុងហ្នឹងទៅ ខ្លះសេ យើងមិនដឹងទៅទិញក៏មិនដឹងដែរ ជួនកាលការ៉ុត ដាក់ថ្នាំក្នុងហ្នឹងហើយ វាដាក់ក្នុងធុងក្លាសេហើយ យើងទៅទិញក៏មិនបានដឹងដែរ ដឹងតែយកមកលក់ ចាក់លក់ទៅ»។
អ្នកទិញបន្លែយកទៅធ្វើម្ហូបបរិភោគមួយចំនួននិយាយថា ពួកគេចង់ឃើញរដ្ឋាភិបាល និងមន្ត្រីជំនាញនៅស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ជួយទប់ស្កាត់ កុំឲ្យមានបន្លែគីមីនាំចូលមកលក់នៅកម្ពុជា ដោយថា កុំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ។
ដើរចេញពីកន្លែងទិញបន្លែ ហៀបឡើងអង្គុយលើម៉ូតូ ត្រៀមចេញដំណើរត្រឡប់ទៅផ្ទះវិញ កញ្ញា មឿន ធីតា បានសំណូមពរទៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋមួយចំនួនដែលធ្វើការងារពាក់ព័ន្ធនឹងបន្លែនេះ ជួយទប់ស្កាត់ការនាំបន្លែងគីមីពីប្រទេសជិតខាង។
កញ្ញាស្នើថា៖ «សំណូមពរឲ្យគាត់ពិនិត្យបន្លែសាច់នាំចូលមកពីប្រទេសជិតខាងដូចជា វៀតណាម…ដើម្បីឲ្យប្រជាជនយើងទទួលទានទៅមានសុខភាពល្អ កុំឲ្យមានជាតិគីមី »។
អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋានផ្នែកកសិកម្មនៅអង្គការសេដាក លោក គាម មករាឌី មានប្រសាសន៍ថា សព្វថ្ងៃកម្ពុជានាំបន្លែពីប្រទេសជិតខាងប្រមាណពី៣០០ ទៅ៥០០តោន ក្នុងមួយថ្ងៃ ដោយថា បន្លែទាំងនោះ ភាពច្រើន គឺប្រើប្រាស់គីមី។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងកាលពីថ្ងៃទី២៧ ខែកញ្ញាថា កម្ពុជាបានចំណាយថវិកាជាង ២០០លានដុល្លារអាមេរិក សម្រាប់នាំចូលបន្លែពីបរទេស ដើម្បីយកមកផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយភាគច្រើននាំចូលពីប្រទេសវៀតណាម។
អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅក្នុងរបាយការណ៍សុវត្ថិភាពចំណីអាហារថា ចំណីអាហារផ្ទុកទៅដោយសារធារពុល បណ្តាលឲ្យគ្រោះថ្នាក់ ដូចជា មេរោគ បាក់តេរី បារ៉ាស៊ីត ឬសារធាតុគីមី បង្កនូវជំងឺជាង ២០០ប្រភេទ រាប់ចាប់តាំងពីរាគរូសរហូតដល់ជំងឺមហារីក។
របាយការណ៍អង្គការសុខភាពពិភលោកកាលពីឆ្នាំ២០១៥ បានឲ្យដឹងថា ប្រជាជនប្រហែល ៦០០លាននាក់ ឬម្នាក់ក្នុងចំណោម ១០នាក់ នៅលើពិភពលោក បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបរិភោគចំណីអាហារផ្ទុកដោយសារធាតុពុល។
របាយការណ៍ WHO បានឲ្យដឹងទៀតថា មនុស្សយ៉ាងហោចណាស់ ៤២ម៉ឺននាក់ បានស្លាប់នៅរៀងរាល់ឆ្នាំ នៅក្នុងចំណោមពលរដ្ឋពុលចំណីអាហារប្រហែល ៦០០លាននាក់នៅរៀងរាល់ឆ្នាំ
ទាក់ទងនិងករណីនេះ នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា ហៅកាត់ថា សេដាក លោក សម វិទូ យល់ថា រដ្ឋាភិបាលមិនត្រូវបន្ទោសប្រជាពលរដ្ឋ ដែលទៅទិញបន្លែដែលមានជាតិគីមីនោះទេ ដោយលោកថា រដ្ឋាភិបាល ត្រូវមានវិធានការទប់ស្ដាត់ និងពិនិត្យឲ្យបានត្រឹមត្រូវមុននឹងឲ្យឈ្មួញនាំបន្លែពីប្រទេសជិតខាង ចូលមកចរាចរណ៍នៅលើទីផ្សារប្រទេសកម្ពុជា និងអប់រំប្រជាពលរដ្ឋអំពីការផលិតបន្លែដោយមិនឲ្យប្រើសារធាតុគីមី ទើបទទួលបានផលវិជ្ជមាន៕