នៅក្នុងសេចក្តីប្រកាសព័ត៌មាន មន្ដ្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ ជុំរុញឲ្យប្រទេសមានការអភិវឌ្ឍខ្លាំង អនុគ្រោះលើកលែងពន្ធនិងបរិមាណ Duty Free Quota Free ដល់ទំនិញនៃប្រទេសអភិវឌ្ឍតិច ដោយថា ដើម្បីឲ្យមានប្រសិទ្ធភាពទៅលើសេចក្ដីសម្រេចនៃសន្នីសីទថ្នាក់រដ្ឋមន្ដ្រីនៅទីក្រុងហុងកុង កាលពីឆ្នាំ២០០៥។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់កិច្ចប្រជុំថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក និងការាបៀន សម្រាប់ត្រៀមរៀបចំសន្នីសិទរដ្ឋមន្ដ្រីលើកទី១១ នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៧ខែតុលានេះ សមាជិកនៃអង្គការ OIF រួមមានប្រទេសបារំាង បេណាំង វៀតណាម ហៃទី និងឡាវ ព្រមទាំងអង្គការអន្ដរជាតិប្រមាណ១០០នាក់ បានពិភាក្សាគ្នាលើ កាលានុវត្ដភាព បញ្ហាប្រឈមនិងដំណោះស្រាយ រួមមានការលើកស្ទួយ ផលិតផលពីកប្បាស វិស័យជលផល និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម មិនកំណត់ពន្ធគយ និងបរិមាណ ដែលមិនបានដោះស្រាយក្នុងសន្នីសីទថ្នាក់រដ្ឋមន្ដ្រីក្នុងក្រមខ័ណ្ឌពាណិជ្ជកម្មពិភពលោកនាពេលកន្លងទៅ។
បើតាមសេចក្ដីប្រកាសដដែល លោក ប៉ាន សូរស័ក្តិ បានជុំរុញឲ្យប្រទេសអភិវឌ្ឍន៍ខ្លាំង គោរពការសន្យាការលើកលែងពន្ធ និងកម្រិតបរិមា ដល់ទំនិញដែលមានប្រភពមកពីប្រទេសកំពុងអភិវឌ្ឍន៍ និងជម្រុញអោយការសន្យានោះអនុវត្ដអោយបានឆាប់ ស្របតាមសេចក្ដីសម្រេច នៃសន្នីសីទរដ្ឋមន្ដ្រីនៅទីក្រុងហុងកុង កាលពីឆ្នាំ២០០៥។ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ នឹងធ្វើយ៉ាងណាឲ្យមានការគោរពសន្យាលើកលែងពន្ធដល់ប្រទេសអភិវឌ្ឍន៍តិចតួចនេះ។
របាយការណ៍ឲ្យដឹងថា ប្រទេស ដែលបានអនុគ្រោះពន្ធ ១០០ភាគរយ រួមមាន ប្រទេសអូស្ដ្រាលី ណូវែលហ្សឺឡង់ ណរវ៉េ និងស្វិស ខណៈសគមន៍អ៊ឺរ៉ុប បានផ្ដល់៩៩ភាគរយ កាណាដា ៩៨.៦ភាគរយ ជប៉ុន ៩៧.៩ភាគរយ ចិន៩៧ភាគរយ ហើយសហរដ្ឋអាមេរិ បានផ្ដល់ត្រឹមតែ ៨២.៦ភាគរយ ប៉ុណ្ណោះ។
គួរបញ្ជាក់ថា សេចក្ដីប្រកាសរួម នៃសន្នីសីទថ្នាក់រដ្ឋមន្ដ្រីនៅទីក្រុងហុងកុង កាលពីឆ្នាំ២០០៥ មានបណ្ដាប្រទេសដែលមានភាពរីកចំរើនខ្លាំង បានសន្យាផ្ដល់ការលើកលែងពន្ធ និងកម្រិតបរិមាណ លើមុខទំនិញនាំចេញពីប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួច ទៅកាន់ទីផ្សារប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ប៉ុន្ដែរហូតដល់ពេលនេះ ប្រទេសអភិវឌ្ឍន៍មួយចំនួននៅមិនទាន់បានផ្ដល់ពីការលើកលែងពន្ធពីការនាំចេញទៅកាន់ទីផ្សាររបស់ខ្លួន អោយបានពេញលេញនៅឡើយទេ៕









