រដ្ឋាភិបាលបានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ ដើម្បីបង្ការ និង ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យអុំទូកនាដើមខែវិច្ឆិកាខាងមុខ ដោយសារពេលនោះយានយន្តនឹងមានចំនួនកើនឡើងច្រើន ដែលងាយកើត មានគ្រោះថ្នាក់ចរាចរណ៍។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេចក្ដីអំពាវនាវមួយចុះថ្ងៃទី ២០ ខែ តុលា ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យអុំទូកខាងមុខ ដោយថាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែងដែលអាចកើតមានឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស និង ខ្ជីខ្ជារមិនគោរពច្បាប់។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបន្តថាក្នុងឱកាសបុណ្យអុំទូកខាងមុខ យានយន្តធ្វើចរាចរណ៍នឹងមានការកើនឡើងខ្ពស់ខុសពីប្រក្រតី ដែលអាចមានគ្រោះថ្នាក់ ឬកកស្ទះចរាចរណ៍។
ដូច្នេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍តាមរយៈការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរក្នុងល្បឿនកំណត់ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬងងុយ គោរពអាទិភាពចរាចរណ៍ មិនត្រូវបត់ឬជែងដោយប្រថុយប្រថាន ឬប្រើប្រាស់ទូរសព្ទពេលកំពុងបើកបរ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត កុំផ្ទុកអ្នកដំណើរ ឬទំនិញច្រើនលើសកំណត់ និង បើកបរដោយស្មារតីប្រុងប្រយត្នបំផុត។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏បានលើកឡើងដែរថាក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧នេះ មានអ្នកជិះទោចក្រយានយន្ត(ម៉ូតូ) ចំនួន ៧៧ភាគរយ ដែលភាគច្រើនយុវវ័យ បានក្លាយជាជនរងគ្រោះថ្នាក់ចរាចរណ៍ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះមានចំនួន ៦៦ភាគរយមិនបានពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់៕









