តំណាងរាស្ត្រមួយរូបរបស់បក្សប្រឆាំង បានសម្រេចចិត្តចុះចូលជាមួយបក្សកាន់អំណាចនៅថ្ងៃនេះ ដែលការសម្រេចបែបនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីមានការអំពាវនាវពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងលិខិតមួយច្បាប់ដែលវីអូឌីទើបតែទទួលបាននៅថ្ងៃនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តព្រៃវែង លោក ឡុង ប៊ុន្នី ស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អនុញ្ញាតឲ្យរូបលោកបានចូលរួមជាមួយគណបក្សនេះ។
លោក ឡុង ប៊ុន្នី បានបញ្ជាក់ក្នុងលិខិតនោះថា លោកបានដឹងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា «ក្បត់ជាតិ»។
វីអូឌីនៅមិនទាន់ស្វែងរកការបកស្រាយពីលោក ឡុង ប៊ុន្នី ផ្ទាល់នៅឡើយទេនៅល្ងាចនេះ ដោយសារទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានប្រាប់វីអូឌីនៅល្ងាចនេះថា បក្សកាន់អំណាចស្វាគមន៍ការចុះចូលរបស់តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ហើយថា បក្សកាន់អំណាចនឹងរក្សាតំណែងនៅក្នុងសភារបស់លោក។
ចំណែកតំណែងនៅក្នុងបក្ស អ្នកនាំពាក្យរូបនេះប្រាប់ឲ្យដឹងបន្ថែមថា លោក ឡុង ប៊ុន្នី អាចនឹងត្រូវបានដាក់បញ្ចូលក្នុងក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាច។
លោក សុខ ឥសាន្ត ប្រាប់វីអូឌីតាមទូរសព្ទថា៖ «គាត់តំណាងរាស្ត្រនៅតែជាតំណាងរាស្ត្រដដែល ដល់ពេលចប់អាណត្តិ យើងដាក់បេក្ខជនឲ្យឈរឈ្មោះកន្លែងណាទៀតទៅមានអី។ មិនបញ្ហាទេ ឲ្យតែគាត់អញ្ចើញមក គណបក្សប្រជាជននឹងរៀបចំចាត់ចែងទៅតាមគោលនយោបាយ»។
ទោះជាយ៉ាងណា ការសម្រេចចិត្តចូលរួមជាមួយបក្សកាន់អំណាចរបស់តំណាងរាស្ត្របក្សប្រឆាំងរូបនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក ហ៊ុន សែន បានផ្ដាំផ្ញើទៅមេដឹកនាំបក្សប្រឆាំងនៅតាមមូលដ្ឋាន ឲ្យចុះចូលជាមួយបក្សកាន់អំណាច ប្រសិនបើពួកគេចង់រក្សាតំណែងជាប់ឆ្នោតរបស់ពួកគេ។
ក្នុងកិច្ចសន្ទនាដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ BTV លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវ ខ្ញុំសូមផ្ដាំទៅមេឃុំ ចៅសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ឬជំទប់ ឬសមាជិករបស់គណបក្សសង្គ្រោះជាតិ បើអ្នកចង់រក្សាតំណែងជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្ដូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាទៅ បន្តទៅ។ គណបក្សរបស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើជាមេឃុំ ចៅសង្កាត់ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាបានទៀតទេ ក៏ប៉ុន្តែ នៅពេលបក្សអ្នករលាយ អ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែ បើអ្នកចង់នៅធ្វើមេឃុំ អ្នកប្រកាសចាកចេញពីគណបក្សហ្នុង ដែលគេរំលាយហើយ ទើមិនប្រកាស ក៏វាអស់ដែរ ហើយគ្រាន់តែប្រកាសថា ខ្ញុំសុំចុះចូលគណបក្សប្រជាជន»។
លោក ហ៊ុន សែន បានថ្លែងបែបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីសំណើកែប្រែច្បាប់ ៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវបានក្រុមតំណាងរាស្ត្របក្សកាន់អំណាច អនុម័ត ហើយសំណើច្បាប់ទាំង ៤នេះ កំពុងស្ថិតនៅក្នុងដៃរបស់ព្រឹទ្ធសភា។
សំណើវិសោធនកម្មច្បាប់ទាំង ៤នេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងឈានទៅរំលាយគណបក្សប្រឆាំង និងបែងចែកអាសនៈរបស់គណបក្សនេះទាំងនៅស្ថាប័នកំពូលៗ រហូតដល់ថ្នាក់មូលដ្ឋាន ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ។
សំណើវិសោធនកម្មច្បាប់ទាំង ៤នេះ បានជំរុញឲ្យមានប្រតិកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ ខណៈដែលស្ថានភាពប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ត្រូវបានក្រុមសិទ្ធិមនុស្សអន្តរជាតិមើលឃើញថា បានធ្លាក់ចុះបន្ថែមទៀត ក្រោយការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងមកនេះ។
អគ្គរាជទូតទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់ប្រទេសស៊ុយអែត អ្នកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលាថា អ្នកស្រីព្រួយបារម្ភថា ស្ថានការណ៍វិវត្តថ្មីៗនៅក្នុងប្រទេសកម្ពុជា អាចនឹងប៉ះពាល់ជាអវិជ្ជមានដល់មុខមាត់ប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។
អ្នកស្រី អេននីកា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «នៅពេលណាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ស៊ុយអែតនឹងពិចារណាឡើងវិញអំពីទំនាក់ទំនងជាមួយកម្ពុជា»។
ជុំវិញដំណើរវិវត្តន៍នៃស្ថានការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានេះដែរ សហភាពអន្តរសភា ហៅកាត់ថា IPU ដែលមានសមាជិកមកពីប្រទេសចំនួន ១៧៣ នៅទូទាំងពិភពលោក កាលពីថ្ងៃពុធកន្លងមកនេះ ក៏បានជជែកដេញអំពីស្ថានភាពនយោបាយ ការអនុវត្តច្បាប់ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ប្រធានសហភាពអន្តរសភា លោក Saber Hossain Chowdhury ដែលជាសមាជិកសភាមកពីប្រទេសបង់ក្លាដែសផងនោះ បានថ្លែងថា ស្ថាប័ន IPU នឹងបញ្ជូនក្រុមមន្ត្រីរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងស្វែងរកការពិតជុំវិញបញ្ហានេះ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលជាបណ្ដុំនៃសមាជិកចំនួន ២៨ប្រទេសនៅអឺរ៉ុប បានថ្កោលទោសចំពោះចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាទៅលើបក្សប្រឆាំង និងបានទាមទារឲ្យដោះលែងដោយឥតលក្ខខណ្ឌ និងជាបន្ទាន់ នូវមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ច្រានចោលការប្រកាន់ទាំងនេះ ហើយថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺជាការអនុវត្តច្បាប់ ដោយចោទលោក កឹម សុខា ថា «ក្បត់ជាតិ» និងឃុបឃិតជាមួយអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់៕









