អនុប្រធានគណបក្សប្រឆាំងថ្លែងថា គណបក្សគោរពលើការសម្រេចចិត្តរបស់មន្ត្រីក្នុងការចាកចេញទៅចូលរួមជាមួយគណបក្សផ្សេងទៀត ហើយលោកថាមិនធ្វើឲ្យប៉ះពាល់ដល់គណបក្សនោះទេ ព្រោះពលរដ្ឋនៅតែគាំទ្រ។
កាលពីថ្ងៃទី២២ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំទៅមេដឹកនាំតាមមូលដ្ឋានរបស់គណបក្សប្រឆាំង ឲ្យចុះចូលជាមួយគណបក្សកាន់អំណាច ប្រសិនបើពួកគេចង់រក្សាតំណែងរបស់ពួកគេ បន្ទាប់ពីគណបក្សប្រឆាំងត្រូវរំលាយ។ បន្ទាប់ពីមានការថ្លែងបែបនេះគេឃើញមានលិខិតចុះចូលជាបន្តបន្ទាប់ពីមន្ត្រីបក្សប្រឆាំងក្នុងនោះក៏មានតំណាងរាស្ត្របក្សប្រឆាំងមួយរូបផងដែរ។
ឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ តុលាម្សិលមិញ អនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម មានប្រសាសន៍ថាគណបក្សលោកគោរពនូវការសម្រេចចិត្តរបស់មន្ត្រីបក្សខ្លួនក្នុងការចាកចេញ តែលោកថាតម្លៃនៃការគាំទ្រគណបក្សសង្គ្រោះជាតិមិនស្ថិតលើការចាកចេញរបស់មន្ត្រីទាំងនោះទេ។
លោកថា៖ «អ្នកតំណាងរាស្ត្រក្តី ក្រុមប្រឹក្សាក្តី គឺជាតំណាងសំឡេងរបស់ប្រជាពលរដ្ឋ គាត់អាចទៅ ប៉ុន្តែប្រជាពលរដ្ឋគាត់អត់ទៅ គាត់នៅហ្នឹងដដែល អត់មានបញ្ហាអីទេរឿងហ្នឹង! អ្នកណាក៏ចង់ទៅៗ អ្នកណាចង់នៅៗទៅ» ។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាទៅលើបក្សប្រឆាំង និងបានទាមទារឲ្យដោះលែងដោយឥតលក្ខខណ្ឌ និងជាបន្ទាន់ នូវមេដឹកនាំបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ច្រានចោលការប្រកាន់ទាំងនេះ ហើយថា ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺជាការអនុវត្តច្បាប់ ដោយចោទលោក កឹម សុខា ថា «ក្បត់ជាតិ» និងឃុបឃិតជាមួយអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា ករណីមន្រ្តីបក្សចុះចូលគណបក្សកាន់អំណាចជាបន្តបន្ទាប់នេះ គឺយុទ្ធសាស្រ្តឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជាដែលបានអនុវត្តជាមួយមកហើយ។
លោកបន្តថា គណបក្សជាជននៅតែបន្តទទួលយកសមាជិកគណបក្សប្រឆាំងប្រសិនបើពួកគេចង់ចូល ដោយថា រក្សាតំណែងនៅដដែល។
លោកបន្ថែមថា «នេះជាលទ្ធិផលនៃនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានដាក់ចេញហើយបញ្ហានេះវាមានពិសោធន៍ល្អក្នុងការស្វែងរកសន្តិភាពពេញលេញឲ្យកម្ពុជា ហើយវាអត់មានការលំបាកអ្វីទេឲ្យបងប្អូនដាក់ពាក្យតែមួយសន្លឹកមកសុំផ្ទេរចូលក្នុងក្របខណ្ឌសមាជិកគណបក្សប្រជាជនទៅ អញ្ចឹងបងប្អូននឹងទទួលបានអត្ថប្រយោជន៍និងតួនាទីដដែល»។
មន្ដ្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា ការចូល ឬមិនចូលជាការសម្រេចចិត្តរបស់មេឃុំនិងចៅសង្កាត់ទាំងនោះ ប៉ុន្តែលោកថា ប្រសិនបើជាពួកគេ ចុះចូលគណបក្សមួយដែលពលរដ្ឋមិនបានបោះឆ្នោតគាំទ្រ ថ្ងៃក្រោយ ពួកគេនឹងបាត់បង់ប្រជាប្រិយភាព។
លោកថា «សំខាន់យើងត្រូវយល់ ឃើញខ្លួនឯងថា តើតម្លៃ ឬក៏តំណែងរបស់អស់ហ្នឹង វាជាតម្លៃដែលយើងទទួលបានទេ ឬមួយតម្លៃគេប្រគល់ឲ្យ ឬមួយក៏ជាតម្លៃប្រជាពលរដ្ឋបោះឆ្នោត។ ចឹងក្រុមប្រឹក្សាគ្រប់រូប អាចពិចារណានិងថា តើនៅពេលទៅខាងមុខតម្លែ ដែលខ្លួនទទួលបានវាទៅជាយ៉ាងណា»។
បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលឆ្នាំ២០១៣ គណបក្សសង្គ្រោះមានតំណាងរាស្រ្ត៥៥នាក់ និងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិមានក្រុមប្រឹក្សាឃុំសង្កាត់ជាង៥ពាន់នាក់ ដែលរហូតមកដល់ថ្ងៃនេះមានតំណាងរាស្រ្តមណ្ឌលព្រៃវែងម្នាក់គឺ លោក ឡុង ប៊ុន្នី និងសមាជិកក្រុមប្រឹក្សា២នាក់ទៀត ដែលបានដាក់លិខិតសុំចុះចូលជាមួយគបក្សកាន់អំណាច ខណៈក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនទៀតប្រកាសជំហរមិនចូល បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវរំលាយ៕
រាយការណ៍បន្ថែមដោយលោក ឃុត សុគន្ធ









