លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា នឹងបន្តកាច់ដៃ កាច់ជើង មនុស្សមួយក្រុមទៀត ក្រៅពីបក្សប្រឆាំង ដែលលោកថា កំពុងជ្រកក្រោមស្លាកសិទ្ធិមនុស្ស បង្កើតជាអង្គការចាត់តាំង ចង់ផ្តួលរំលំរដ្ឋាភិបាល ដើម្បីបម្រើមហិច្ឆតាបរទេស។
លោក ហ៊ុន សែន ក្នុងពិធីចុះជួបកម្មករនៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ខែតុលានេះ ថ្លែងមិនបញ្ចេញឈ្មោះថា កន្លងទៅក្រុមទាំងនោះ បានព្យាយាមអូសទាញកម្មករ ធ្វើជាឈ្នាន់នយោបាយ សម្រាប់ធ្វើបដិវត្តពណ៌ ដើម្បីចង់ផ្តួលរំលំរដ្ឋាភិបាល ប៉ុន្តែលោកថា ការប៉ុនប៉ងនេះ ត្រូវបានបរាជ័យដោយរដ្ឋាភិបាល ទប់ស្កាត់បានទាន់ពេលវេលា។
លោក ហ៊ុន សែន ថ្លែងទៀតថា រដ្ឋាភិបាលមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ចាត់វិធានការនេះ ដែលលោកហៅថា ជាយុទ្ធសាស្ត្រកាត់ស្មៅក្រោមជើង ដើម្បីកំចាត់អ្នកបង្កើតអង្គការចាត់តាំង ជ្រកក្រោមស្លាកសិទ្ធិមនុស្ស។
លោកថា៖ «យើងមិនអាចអនុគ្រោះឲ្យជនក្បត់ណាមួយ ដែលជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយក្រោមបញ្ជាបរទេស ដើម្បីបំផ្លាញអនាគតរបស់កម្ពុជាទេ។ អ្នកបានធ្វើបរាជ័យ ហើយអ្នកកំពុងធ្វើ តែឥឡូវកាត់ស្មៅក្រោមជើងនិងកាច់ដៃកាច់ជើងនៃបណ្តាញភារវកម្ម បណ្តាញនៃអង្គការចាត់តាំង ក្បត់ជាតិមួយនេះ ដែលយើងមិនអាចអត់ឱនឲ្យបានទេ»។
លោក ហ៊ុន សែន ថ្លែងបែបរំឭកទៅស្ថាប័នជំនាញថា នឹងមិនត្រូវអត់ឱនដល់ក្រុមនេះឡើង។
លោកថា៖ «មិនត្រូវឲ្យអង្គការចាត់តាំងណា ទោះបីមកពីក្នុងប្រទេសនិងក្រៅប្រទេស ដែលយើងរកឃើញនូវអំពើក្បត់ ដែលបានសង្ខំលាក់ខ្លួនក្រោមការផ្តល់ជំនួយហិរញ្ញវត្ថុ សិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ ឬបុគ្គលដែលបំផ្លាញនូវសន្តិភាពនោះទេ»។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ព្រមានចាត់វិធានការ លើក្រុមអង្គការសង្គមស៊ីវិលមិនបញ្ចេញឈ្មោះក៏ដោយ ប៉ុន្តែកន្លងទៅសារព័ត៌មានក្នុងស្រុក បានចុះផ្សាយថា ក្រសួងមហាផ្ទៃ បានដាក់ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន សរុបជាង៣០០ ស្ថិតក្រោមការឃ្លាំមើលដោយថា អាចជាប់ពាក់ព័ន្ធនឹងបដិវត្តពណ៌។
ចំពោះអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា សារប្រមានរបស់រដ្ឋាភិបាលនេះ លោកថា អាចជាលេសមួយទៀត ឈានទៅបិទអង្គការសង្គមស៊ីវិល ដែលធ្វើការលើកស្ទួយសិទ្ធិមនុស្ស។ ប៉ុន្តែលោកថា ចំណាត់ការនេះ ហាក់បង្ហាញថា រដ្ឋាភិបាលកំពុងដើរចេញពីរបបប្រជាធិបតេយ្យ។
លោកថា៖ «ដូច្នេះគឺយកស្លាកប្រជាធិបតេយ្យហ្នឹង។ ប៉ុន្តែធាតពិត ក្លឹមសារជាក់ស្តែង ការអនុវត្តជាក់ស្តែង វាផ្តាច់ការ វាដូចជារបបខ្មែរក្រហមមិនដាក់ថាកម្ពុជាប្រជាធិបតេយ្យ តែមានការគោរពសិទ្ធិមនុស្ស មានការបោះឆ្នោតឯណា វាអត់»។
លោក ឡៅ ម៉ុងហៃ វិភាគដែរថា បើរដ្ឋាភិបាលចាត់វិធានការនេះដូចការគំរាមមែន លោកថា ភាពផុយស្រួយ នៃការបែកបាក់ជាតិ បានឈានមកដល់ និងថា វិបត្តិសង្គមនឹងអាចកើតមានឡើង ។
ទោះជាយ៉ាងណា ក្នុងពិធីនោះដែរ លោក ហ៊ុន សែន ក៏បានព្រមានថ្មីទៀតថា អង្គការចាត់តាំង របស់គណបក្សប្រឆាំង នឹងត្រូវរំលាយនៅពេលខាងមុខ និងបានអះអាងថា បើតំណាងរាស្ត្រ និងមន្ត្រីឃុំសង្កាត់ ស្ម័គ្រចិត្តមករួមរស់ជាមួយបក្សកាន់អំណាចវិញ លោកថា ពួកគេនឹងត្រូវរក្សាតំណែងឲ្យនៅដដែល។
ប៉ុន្តែទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ ថ្លែងកាលពីថ្ងៃទី២៣ខែតុលា គំរាមវិញថាបើរំលាយគណបក្សឆាំងលោកថា កម្ពុជានឹងជួបវិបត្តិ ដោយថា សហគមន៍អន្តរជាតិនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយថា គណបក្សនេះ នឹងនៅតែមានផែនការយុទ្ធសាស្ត្រ ដើរទៅមុខតាមឆន្ទៈរាស្ត្រ។
លោកថា៖ «ក៏ប៉ុន្តែ បើគណបក្សកាន់អំណាចសម្រេចចិត្តថា ចិត្តចង់ហើយត្រូវតែធ្វើ ធ្វើទៅ។ ខ្ញុំអត់បាត់ម្ចាស់ការជាដាច់ខាត។ ខ្ញុំមានអ្វីៗនៅក្នុងដៃ ដើម្បីបម្រើឆន្ទៈរបស់ប្រជាពលរដ្ឋបន្តទៅទៀត»។
ទោះជាយ៉ាងណា សហគមន៍អន្តរជាតិ និងប្រទេសលោកសេរីជាច្រើន មានសហរដ្ឋអាមេរិក សហភាពអឺរុប និងអង្គការសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសផងនោះ បានគំរាមដាក់ទណ្ឌកម្ម ដោយថា បើបក្សប្រឆាំងដ៏ដំមួយនៅកម្ពុជា ត្រូវបានគេរំលាយមែននោះ៕









