អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថា កម្ពុជា​អាច​ឈរ​ខ្លួន​ឯង​បានដោយ​មិន​ត្រូវ​ការអាមេរិក

អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​លោក ផៃ ស៊ីផាន

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​ទាំង​សេដ្ឋ​កិច្ចនិង​ការ​អភិវឌ្ឍ ​កម្ពុជា​អាច​ឈរ​ដោយ​ខ្លួនឯង​បាន​ បើ​ទោះ​បី​គ្មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិ​ក ខណៈ​សេចក្តី​ស្នើ​ច្បាប់​ទណ្ឌកម្ម​លើ​កម្ពុជាក្នុង​ឆ្នាំ​២០១៨​ត្រូវ​បាន​សមាជិក​សភា​អាមេរិក​ដាក់​ស្នើ​ទៅ​កាន់​សភា​របស់​ខ្លួន។

ការ​ថ្លែង​របស់​មន្ត្រី​ជាន់​ខ្ពស់​នេះ​គឺ​បន្ទាប់​ពី​មាន​ព័ត៌មាន​​ថា សមាជិក​ព្រឹទ្ធសភា​សហ​រដ្ឋ​អាមេរិក​លោក Ted Cruz កំពុង​រៀបចំ​ស្នើ​ច្បាប់​មួយ​ដែល​ដាក់​ទណ្ឌកម្ម​បិទ​ជំនួយ​​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ សមាជិកព្រឹទ្ធសភាអាមេរិករូបនេះ ព្រមានថា ច្បាប់នោះនឹងរុញឲ្យដំណើរការបើសិនជា រដ្ឋាភិបាលកម្ពុជាមិនដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី៩ខែវិច្ឆិកា។​

អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​លោក ផៃ ស៊ីផាន បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ តុលា​នេះ​ថា ការ​ប៉ុន​ប៉ង​ដាក់​ទណ្ឌកម្ម​ទាំង​នោះ​មក​កម្ពុជា​គឺគ្រាន់​តែ​ជា​កា​រ​បំភិត​បំភ័យ និង​ស្ថិត​ក្នុង​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ។ ​លោក​ថា​ប្រសិន​ជា​អាមេរិក​ផ្តាច់​ជំនួយ​របស់​ខ្លួន​មក​កម្ពុជា​មែន​ ​អ្នក​ដែល​រងគ្រោះ​មុន​គេ​ គឺ​អង្គការ​សង្គម​ស៊ីវិល​ទៅ​វិញ​ទេ ហើយ​ថា ប្រទេស​ចិន រុស្ស៊ី និង​ជប៉ុន នៅ​តែ​អាច​ជាជំហរ​សម្រាប់​ការ​អភិវឌ្ឍ និង​សេដ្ឋ​កិច្ច​កម្ពុជាបាន​។

លោក​ថា៖ «យើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ យើងមិនមែន​ជា​កូន​បៅ​ដោះ​តទៅ​ទៀត​ទេ។ ដែល​ជា​ប្រជាជាតិ​មួយ​អាច​ឈរ​ខ្លួ​ន​​ឯង​បាន​កន្លែង​ខ្លះ​។ ហើយ​ជា​មួយ​មិត្ត​ដ៏​ល្អ​ៗ​របស់​យើង​ដូច​ជារុស្ស៊ី ដូច​ជា​ជប៉ុន ដូច​ជា​ចិន​គេ​បាន គេ​បាន​សំដែង​នូវ​ការ​គោរព​នូវ​អធិបតេយ្យ​ភាព​នៅ​កម្ពុជា យើង​អាច​រក​ទទួល​បាន​ជា​មួយ​ហ្នឹង​ពួក​គេ។ ហើយ​អតិភាព​របស់​យើង​ៗ​ជា​សមាជិក​នៃអង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​គឺ​មិន​មាន​ហេតុ​ផល​អ្វី​ទៅ​ដាក់​គំនាប​ទៅ​លើអង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ទេ ពីព្រោះ​របៀប​របប​នៃ​ការ​ជួញ​ដូរ របៀប​ពាណិជ្ជកម្ម​គឺ​ដាច់​ដោយ​ឡែក​ពី​នយោបាយ​របស់​សហរដ្ឋ​អាមេរិក»។ ​

តែ​ទោះ​ជា​យ៉ាង​ណា​កាល​ពី​ពេល​ថ្មីៗ​នេះអ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​អះ​អាង​ថាទំ​ហំ​ពាណិ​ជ្ជ​កម្ម​​ និង​សេដ្ឋ​កិច្ច​កម្ពុជា​មិន​អាច ដក​ចេញ​ពី​សហ​រដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​​បាន​នោះ​ទេ។

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណរ៉ា ធ្លាប់​បាន​លើក​ឡើង​ប្រាប់​វី​អូ​ឌី​ថា កម្ពុជា​គួរ​តែពិចារណា​ទៅ​លើ​សំណើរ​របស់​អន្តរជាតិដែល​បាន​ជំរុញ​​ដល់​កម្ពុជា​ផងដែរ​ ដោយ​ថា​ប្រសិន​ជាស្ថាន​ការណ៍​កាន់​តែ​ធ្ងន់​ធ្ងរ​ជា​ង​ពេល​នេះ​ទៀ​ត​នោះ​ សម្ពោធ​គឺ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​អ្នក​រង​គ្រោះ​គឺ​ពល​រដ្ឋ​ និង​ប្រទេស​កម្ពុជា​ទៅ​វិញ​ទេ។

លោក​ថា៖ «កម្ពុជាជាប្រទេសហត្ថលេខីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស អាហ្នឹង​យើង​​ត្រូវមើលលើ​​គោលការណ៍ហ្នឹងទៀត អាហ្នឹងបានយើងអាចនិយាយគ្នាត្រូវ។ បើសិ​នជា​យើង​គិ​តតែថាក​ម្ពុជា​ធ្វើត្រូវ សហគមន៍អន្តរជាតិគេថាអត់ត្រូវ អញ្ចឹងទស្សនៈពីរនៅតែប្រឈមខុស​គ្នា អូស​បន្លាយពេលកាន់តែយូរបា​​នន័​យ​ថាកម្ពុជាកាត់តែខាតបង់ទេ»។​

រដ្ឋាភិបាលកម្ពុជាមួយរយៈចុងក្រោយនេះ រងការរិះគន់ពីសហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដូចជាស​ហ​រដ្ឋអា​មេរិក អាលឺម៉ង់ បារាំង សភាពអឺរុប និងសហភាពអន្តរសភា IPU ដែ​ល​​មានសមា​ជិក១៧៣​ប្រទេស​ ជាដើ​ម ដោយថា របត់ដឹកនាំពេលនេះ កំពុងងា​កចេ​ញ​ពី​​​គ​ន្ល​​ង​ប្រជា​ធិបតេយ្យ និង​​បា​ន​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល ដោះលែង លោក កឹម សុខា បើកលំហ ប្រជា​​ធិប​​តេ​​យ្យឡើងវិញ ដើម្បីធានាថា រ​ដ្ឋា​ភិ​បាល​ដែលកើតក្រោ​យបោះ​​ឆ្នោ​តឆ្នាំ២០១៨​ជារដ្ឋាភិបា​លស្រប​ច្បា​ប់ កើ​​​ត​ចេញពីឆន្ទៈម្ចាស់ឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ