សាលាដំបូងខេត្តប៉ៃលិន​បន្តឃុំខ្លួ​ន​និងសាកសួរក្រុមប្រឹក្សាឃុំ​ពីបក្សប្រឆាំង​

សាលាដំបូងខេត្តប៉ៃលិនបន្តឃុំខ្លួនក្រុមប្រឹក្សាឃុំ​មួយរូបមកពីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃទី២៤ខែតុលាមក ពាក់ព័ន្ធការបង្ហោះសារឆ្លើយតបជាមួយលោក ហ៊ុន សែន និងករណីជម្លោះពាក្យសម្តីជាមួយក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា។​

សមត្ថកិច្ចបាន​ចាប់ខ្លួន​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់​លោកលោក ឈុន សិទ្ធី កាលពីថ្ងៃទី២៤ខែតុលា បន្ទាប់ក្រុមប្រឹក្សាមកពីគណបក្សប្រជាជននៅក្នុងឃុំនេះ បានដាក់ពាក្យប្តឹង លើជម្លោះពាក្យសម្តីនៅកន្លែងធ្វើការ និង ករណី​បង្ហោះសារឆ្លើយតបលោក ហ៊ុន សែន ថា មិនចូលរួមជាមួយគណបក្សប្រជាជននោះទេ។​

ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ចាន់ឌិន មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា សំណុំរឿងក្រុមប្រឹក្សាឃុំស្ទឹងកាច់នេះ បានបញ្ជូនទៅតុលាការឲ្យបន្តធ្វើការសាក​សួរចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦នេះ។

មន្ត្រីរដ្ឋបាលតុលាការខេត្តប៉ៃលិន អះអាងថា សំណុំរឿងនេះ ចៅក្រមស៊ើបសួរ កំពុង​បន្ត​សាកសួរនៅ​ថ្ងៃទី២៦ខែតុលានេះនៅឡើយ​។ ប៉ុន្តែលោកថា រាល់ការសម្រេច​យ៉ាងណា លោកមិនទាន់ដឹងនោះទេ​។

លោកនិយាយថា «ព្រោះនេះជាការងាររបស់ចៅក្រម បច្ចេកទេស ខ្ញុំនៅខាង​រដ្ឋបាល​ ខ្ញុំអត់ដឹងទេ លុះ​ត្រាគេ​បញ្ចប់បានខ្ញុំដឹង​»

ប្រធាន​ប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចំាខេត្តប៉ៃលិន លោកស្រី វ៉ែន ដារា មានប្រសាសន៍​ថា​ ការចាប់ខ្លួននោះមិនមានដីកាពីតុលាការនោះទេ។ ករណី​នេះលោកស្រី ជំរុញទៅតុលាការទម្លាក់ការចោទប្រកាន់លើមន្ត្រីរបស់ខ្លួនឲ្យមានសេរីភាពវិញ ដោយថា​មន្ត្រី​​បក្សប្រឆំាង​រូបនោះមិន​បានធ្វើខុសដូចការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាច​នោះទេ។

លោកស្រីអំពាវនាវថា «សុំឲ្យតុលាការ ទំលាក់ការចោទប្រកាន់​រូប​លោក ឈុន សិទ្ធី ជាក្រុមប្រឹក្សា ដើម្បីដោះលែង​គាត់ឲ្យមក​បំពេញភារកិច្ចជូនប្រជាពលរដ្ឋវិញ ព្រោះគាត់មិន​បានធ្វើអ្វីខុសច្បាប់​»

មេធាវី ផែង ហេង ដែលអះអាងថានឹងដាក់ពាក្យស្នើសុំការពារក្តីឲ្យលោក ឈុន សិទ្ធី ក្រុមប្រឹក្សា​ឃុំស្ទឹងកាច់ ខេត្តប៉ៃលិន។ ប៉ុន្តែលោកថា មិនទាន់បានទៅជួបកូនក្តីនៅឡើយ ដោយថាជាប់រវល់សវនាការ​នៅរាជ​ធានីភ្នំពេញ។

លោកមេធាវីរូបនោះ ពន្យល់​ថា តាមច្បាប់​ដំណាក់កាលនៃការស៊ើបសួរនេះ កូនក្តីរបស់​លោក​មាន​សិទ្ធិមិនឆ្លើយសំនួរចៅក្រម នូវ​អ្វីដែលខ្លួនមិនពេញចិត្តបាន ដោយថា​ រង់ចំាមេធាវី​ពិគ្រោះ​យោបល់​ជាមុន​សិន។​

បើតាមលោកស្រី វ៉ែន ដារា អះអាងថា ការចាប់ខ្លួនក្រុមប្រឹក្សាឃុំស្ទឹងកាច់ គឺពាក់ព័ន្ធសំណុំរឿង​បង្ហោះ​វីដេអូឃ្លីបផ្ដាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែនថា គាត់​មិន​ចង់បាន​ប្រាក់ខែ ៥៧​ម៉ឺន​រៀល ​(៥៧០,០០០) នោះ​ទេ ហើយ​បើ​ទោះ​បី​ជា​ប្រាក់ខែ​រាប់​លាន​ដុល្លារ​អាមេរិក​ក៏​លោក​មិន​លក់​ឧត្ដមគតិ​ដែរ។ មួយករណីទៀត ការ​​ថតវីដេអូឡាយ​ផ្ទាល់ពី​​​សកម្មភាព​ស្មៀន​ឃុំបក្សកាន់អំណាច នៅ​ពេល​​​ប្រជុំ​រួមគ្នា​នៅក្នុង​ឃុំ ដើម្បី​ជជែកពីការស្នើសុំ​យក​ត្រា​ ប្រថាប់​ឲ្យអ្នក​​ចុះ​ឈ្មោះ​បោះ​ឆ្នោ​ត​​​នៅតា​ម​តំបន់​​ក្នុង​ឃុំ​ជាដើម។ ករណីនេះ ត្រូវបាន​ស្មៀនឃុំរូបនោះ ចោទថា ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ខាង​​រូប​ភាព​នៃបុគ្គល និង​បទ​ស្តាប់ រឺថតពាក្យសម្តីឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ