រដ្ឋាភិបាលតម្រូវឲ្យផាកពិន័យស្ថាប័នរដ្ឋនិងឯកជន ដែលមិនយកជនពិការចូលបម្រើការងារ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តម្រូវឲ្យស្ថាប័នរដ្ឋ និងឯកជន បង់វិភាគទាន និងធ្វើការផាកពិន័យប្រសិនស្ថាប័នទាំងនោះមិនទទួលយកជនពិការឲ្យចូលបម្រើការងារទៅតាមច្បាប់បានកំណត់។

តាមអនុញ្ញាស្តីពីសិទ្ធិជនពិការ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងលិខិតបទដ្ឋានគតិយុត្តនានាជាពិសេសអនុក្រឹត្យស្តីពីកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ បានកំណត់ឲ្យស្ថាប័នរដ្ឋទទួលជនពិការចូលបម្រើការងារក្នុងអត្រា២ភាគរយ និងវិស័យឯកជន ១ភាគរយ នៃចំនួនបុគ្គលិកដែលខ្លួនមាន។

ប្រាប់អ្នកសារព័ត៌មានក្នុងសិក្ខាសាលាមួយនៅថ្ងៃនេះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក សែម សុខា មានប្រសាសន៍ថា ក្រុមអធិការកិច្ចវិស័យពិការភាពនឹងជំរុញទៅស្ថាប័នរដ្ឋ និងឯកជនទាំងអស់អនុវត្ត គោលការណ៍ទទួលយកជនពិការឲ្យចូលបម្រើការងារស្របតាមច្បាប់ជាតិ-អន្តរជាតិកំណត់។

លោកបន្តថា ការធ្វើបែបនេះនឹងជួយជំរុញឲ្យជនពិការទទួលបានការងារកាន់តែច្រើន ហើយថា ប្រសិនបើស្ថាប័នណាមិននៅតែមិនអនុវត្តទេ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់។

លោកបន្ថែមថា «ឆ្នាំ២០១៨នេះ យើងផ្សព្វផ្សាយសិន ព្រោះការផាកពិន័យប៉ុន្មានអីប៉ុន្មាននោះ មាននៅក្នុងច្បាប់ហើយគឺពិន័យតាមប្រាក់ខែជាអប្បរមាគឺទាបបំផុត អាហ្នឹងយើងបានពិភាក្សារគ្នាចេញជានីតិវិធីរួចហើយយើងចេញជាអាហ្នឹង ហើយការពិន័យនៅពេលថា ពីរលើកបីលើកហើយគាត់មិនព្រមបង់អាហ្នឹងហៅថាពាក្យពិន័យមិនបានទេ នឹងបញ្ជូនទៅសុំនុំរឿងទៅតុលាការ»។

ជនពិការភ្នែកកញ្ញា យិន សូត្រ បានសាទរចំពោះយន្តការរបស់រដ្ឋាភិបាលដែលជួយជំរុញឲ្យជនពិការអាចទទួលបានការ ងារធ្វើ ប៉ុន្តែកញ្ញាថា ប្រសិនបើកពួកគេបានការងារធ្វើហើយស្ថាប័នទាំងនោះមិនយកចិត្តទុកដាក់ និងជួយសម្រួលបន្ថែម ទេជនពិការនៅតែជួបការលំបាកដដែល។

កញ្ញាបន្ថែមថា «គាត់[ជនពិការ]ងាយស្រួលសម្រាប់រកការងារធ្វើវាម្យ៉ាង ក៏ប៉ុន្តែតាមតែខ្ញុំយល់តាមស្ថាប័នមួយចំនួនគាត់ទទួលយកជនពិការឲ្យចូលបំរើការងារមែន ប៉ុន្តែនៅក្នុងស្ថាប័នរបស់គាត់ហ្នឹងគឺនៅមានកំរិតឧទាហរណ៍អត់ទាន់មាន ជំរៀល អត់ទាន់មានស្លាកសញ្ញាសម្រាប់ជនពិការដល់អញ្ចឹងធ្វើឲ្យគាត់ពិបាកដែរក្នុងការបំពេញការងារ»។

របាយការណ៍របស់ក្រសួងសង្គមកិច្ចឆ្នាំ២០១៤ឲ្យដឹងថា ជនពិការភាពមានប្រហែល៤%នៃ ចំនួនប្រជាជនសរុបគឺប្រហែល៥២៤ ០០០នាក់ ប៉ុន្តែបើតាមរបាយកាណ៍របស់អង្គការសង្គមវិលអាចច្រើនជាងនេះ។

របាយការណ៍របស់ក្រសួងដដែលឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ ជនពិការចូលបម្រើការងារនៅក្នុងក្រសួងនិងស្ថាប័នរដ្ឋមានចំនួន២៥៧៦នាក់ គិតជាភាគរយស្មើនឹង ១,៧២% និងជនពិការបម្រើការងារក្នុងវិស័យឯកជនចំនួន១៩ស្ថាប័នមានជនពិការចំនួន២១២៤នាក់ជាសរុបជនពិការចូលបម្រើការងារទាំងវិស័យរដ្ឋ និងឯកជនគឺមានចំនួន៤ ៧០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ