អតីតឧបនាយករដ្ឋមន្ត្រីដែលបានគេចខ្លួនទៅក្រៅប្រទេស គេចចេញពីបណ្តឹងនៅក្នុងតុលាការពាក់ព័ន្ធការចោទថា ប្រមាថដល់អង្គព្រះមហាក្សត្រនោះថ្លែងថា លោកនឹងមិនរកមេធាវីតតាំងក្តីនៅក្នុងតុលាការកម្ពុជានោះទេ ដោយថាមិនរំពឹងទទួលបានយុត្តិធម៌។
លោក លឺ ឡាយស្រេង បានគេចខ្លួនចេញពីប្រទេសកម្ពុជាកាលពីដើមសប្តាហ៍នេះ ហើយថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា លោកនឹងមិនរកមេធាវីដើម្បីតតាំងក្តីនៅក្នុងតុលាការកម្ពុជាទេ។ លោកថ្លែងថា៖ «យឺ! រកមេធាវីឯណា បើច្បាប់នៅតែលើអ្នកកាន់អំណាចបែបនេះ រកមេធាវីឯណាក៏មិនអាចតតាំងក្តីបានដែរ។ ចេះទេ! ខ្ញុំថា តាមដំណើរទៅ រកមេធាវីឯណាក៏មិនអាចឈ្នះដែរ តែគេចង់ធ្វើយ៉ាងម៉េច គេធ្វើចឹងហើយ អ្នកទាំងអស់គ្នាដឹងហើយតើស!»។
នៅដើមសប្តាហ៍នេះ គណបក្សប្រជាជនកម្ពុជាបានប្តឹងលោក លឺ ឡាយស្រេង ពីបទបរិហារកេរ្តិ៍ ចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្តឹងពីបទប្រមាថព្រះមហាក្សត្រ។ បណ្តឹងទាំងពីរនេះកើតឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង និយាយតាមទូរសព្ទជុំវិញដំណើរការធ្វើវិសោធនកម្មច្បាប់គណបក្សនយោយបាយហើយត្រូវបាន គេលួចយកទៅផ្សព្វផ្សាយជាសាធារណៈ៕