មន្ត្រីជាន់ខ្ពស់គណបក្សប្រឆំាង បានអះអាងថា មិនទាន់ទទួលបានលិខិតតំណាងរាស្ត្ររបស់ខ្លួន ដែលស្នើសុំលាលែងពីតំណែងនៅឡើយ ខណៈមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចមួយរូប បានបង្ហើបឲ្យដឹងថា តំណាងរាស្ត្របក្សប្រឆំាងរូបនោះ ទទួលបានតំណែងជាទីប្រឹក្សារដ្ឋាភិបាលហើយ ក្រោយប្រកាសចុះចូល។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ បានប្រាប់VODនៅថ្ងៃទី២៧ខែតុលានេះថា គណបក្សនៅមិនទាន់ទទួលបានពាក្យសុំលាលែងពីលោក ឡុង ប៊ុន្នី ដែលជាតំណាងរាស្ត្រមណ្ឌលព្រៃវែងនៅឡើយ ទោះបីមានការផ្សព្វផ្សាយជាច្រើនពីការសុំលាលែង ដើម្បីចុះចូលបក្សកាន់អំណាច។
លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ថា បើតំណាងរាស្ត្របក្សប្រឆំាងពិតជាមានបំណងចង់ទៅរួមរស់ជាមួយគណបក្សកាន់អំណាច វាជាសិទ្ធិរបស់បុគ្គល ដោយលោកថា គណបក្សមិនមានសិទ្ធិហាមឃាត់បាននោះទេ។
លោកនិយាយថា «អត់មានលិខិតលាលែងទេ ខ្ញុំពិនិត្យរួចថ្ងៃមុន ប៉ុន្តែក្រែងឥឡូវ គាត់យកមកដាក់ឥឡូវ មិនដឹងទេ ហើយបើគាត់សម្រេចថា ទៅរួមរស់ជាមួយគណបក្សកាន់អំណាច ហើយគណបក្សកាន់អំណាចតែងតំាងឲ្យគាត់ធ្វើជាទីប្រឹក្សា ជាសេរីភាពរបស់គាត់»។
មន្ត្រីបក្សប្រឆំាងរូបនោះបានឲ្យដឹងទៀតថា ក្នុងករណី លោក ឡុង ប៊ុន្នី ត្រូវចាកចេញ បើតាមនីតិវិធី គណបក្ស ត្រូវដាក់ឈ្មោះអ្នកដែលមានលេខរៀងបន្ទាប់ ឲ្យធ្វើជាតំណាងរាស្ត្រប្រចំាខេត្តព្រៃវែងជំនួស ដោយលោកថា នៅខេត្តនេះ មានអ្នកតំណាងរហូតដល់២១នាក់ទៀត ខណៈខេត្តនេះ ទទួលបាន១១កៅអី កាលពីបោះឆ្នោតឆ្នាំ២០១៣។
VOD មិនអាចសុំការបំភ្លឺពីលោក ឡុង ប៊ុន្នី បានទេនៅថ្ងៃនេះ។
ប៉ុន្តែ នៅព្រឹកនេះ នៅលើហ្វេសប៊ុករបស់អ្នកនាំពាក្យប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានបង្ហោះលិខិតមួយមានខ្លឹមសារថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចំាខេត្តព្រៃវែង លោក ឡុង ប៊ុន្នី ដែលប្រកាសចុះចូលជាមួយគណបក្សកាន់អំណាច ត្រូវបានរដ្ឋាភិបាលតែងតំាងធ្វើជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ក្រោយការបង្ហោះខ្លឹមសារនោះ មិនបាន១០នាទីផង ត្រូវបាន លោក ផៃ ស៊ីផាន លុបចេញវិញ។
ភ្លាមៗ VOD ក៏មិនអាចសុំការប្រតិកម្មតប ពីលោក ផៃ ស៊ីផាន បាននោះទេ។
ចំពោះ សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា មានប្រសាសន៍ថា បើសិនជាតំណាងរាស្ត្របក្សប្រឆំាង លោក ឡុង ប៊ុន្នី ពិតជាត្រូវបានរដ្ឋាភិបាលផ្តល់តំណែងឲ្យធ្វើជាទីប្រឹក្សាលោក ហ៊ុន សែន មែន លោកថា បុគ្គលនោះ កាន់តែបាត់បង់ប្រជាប្រិយភាពខ្លួន ខណៈមន្ត្រីបក្សប្រឆំាងមួយចំនួនកន្លងមក ដែលចុះចូលជាមួយគណបក្សកាន់អំណាច កាន់តែបង់សំឡេងគំាទ្រពីពលរដ្ឋនៅក្នុងសង្គម។
លោកនិយាយថា «យើងឃើញថា មានមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆំាងច្រើនណាស់ ដែលចូលរួមជាមួយគណបក្សកាន់អំណាច ដែលទទួលបានតួនាទី ជាទីប្រឹក្សា ជាជំនួយការជាដើម ខ្ញុំគិតថា អ្នកទំាងអស់នោះ បើយើងមើល បទពិសោធន៍ជាទូទៅ អ្នកទំាងអស់នោះ ហាក់ដូចជា មិនមានតម្លៃនៅក្នុងសង្គម ហើយចាប់ពីទទួលបានងាជាទីប្រឹក្សា កេរ្តិ៍ឈ្មោះរបស់ពួកគាត់ អាចនឹងចាប់ផ្តើមលុបបាត់ពីសង្គមផងដែរ»។
លើសពីនេះទៀត លោក សូ ចន្ថា វិភាគថា ការតែងតំាងទីប្រឹក្សារដ្ឋាភិបាលច្រើន ក៏ជាហេតុផលមួយធ្វើឲ្យការចាយវាយថវិកាជាតិច្រើន និងមានការខ្ជះខ្ជាយផងដែរ។
ព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ខែតុលា បានឡាយព្រះហស្ថលេខានិងដាក់ឲ្យប្រើប្រាស់យ៉ាងប្រញ៉ាប់ លើច្បាប់ពាក់ព័ន្ធការបោះឆ្នោតចំនួន៤នោះ ដែលបើកផ្លូវឲ្យរឹបអូសអាសនៈបក្សប្រឆាំង ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បើមន្ត្រីគណបក្សសង្គ្រោះជាតិចង់រក្សាតំណែងឲ្យនៅដដែល ត្រូវងាកទៅចុះចូលជាមួយបក្សកាន់អំណាច។
ករណីនេះ គិតត្រឹមថ្ងៃទី២៧ខែតុលា មន្ត្រីបក្សប្រឆំាងមួយចំនួន ចាប់ពីមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រមួយរូបគឺលោក ឡុង ប៊ុន្នី បានសរសេរលិខិតស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានខ្លឹមសារស្រដៀងគ្នាថា សុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ មន្ត្រីបក្សប្រឆំាង អះអាងថា មិនបានចាប់អារម្មណ៍នោះទេ៕









