សមាជិកសភាបក្សប្រឆាំង ដែលជាប់ឃុំនៅពន្ធគារ លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោកគ្រោងដាក់លិខិតស្នើសុំឲ្យមានការលើកលែងទោសពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដោយថា ដើម្បីចូលរួមជីវភាពនយោបាយនិងបម្រើសង្គមវិញ ខណៈតុលាការកំពូល នៅព្រឹកថ្ងៃសុក្រនេះ បានលើកពេលសវនាការ។
លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសកាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០១៦ ដោយដាក់ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤លានរៀល ករណីលោករិះគន់បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ បន្ទាប់ពីមានការផ្តន្ទាទោស លោកបានប្តឹងទៅតុលាការជាន់ខ្ពស់ជាបន្តបន្ទាប់។
ក្រោយចេញពីបន្ទប់សវនាការតុលាការនៅព្រឹកថ្ងៃទី២៧ខែតុលានេះ លោក អ៊ុំ សំអាន បានឲ្យអ្នកសារព័ត៌មានដឹងថា លោកគ្រោងនឹងដាក់លិខិតស្នើសុំការលើកលែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអនុញ្ញាតឲ្យលោកអាចចូលរួមជីវភាពនយោបាយ និងបម្រើសង្គមវិញ។ ប៉ុន្តែលោកថា លោកមិនទទួលស្គាល់កំហុស ដែលរដ្ឋាភិបាលនិងតុលាការបានចោទប្រកាន់រូបលោកនោះទេ។
លោក អ៊ុំ សំអាន បានបញ្ជាក់បន្ថែមថា ការស្នើសុំនេះ អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ គឺធ្វើយ៉ាងណា ដើម្បីឲ្យលោកមានសេរីភាពមុនថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា សុំមិនបញ្ចេញយោបល់ទៅលើការស្នើនេះទេ ដោយលោកថា ការសម្រេចចិត្តស្នើទៅព្រះមហាក្សត្រឲ្យលើកលែងទោសនរណាម្នាក់ ជាសិទ្ធិសម្រេចរបស់នាយករដ្ឋមន្ត្រី មិនមែនជាការសម្រេចរបស់គណបក្សនោះទេ។
លោកថា៖ «ពាក់ព័ន្ធ ទៅនឹងសំណើសុំលើកលែងទោស មិនមែនជារឿងគណបក្សទេណា ជារឿងរបស់ស្ថាប័នរដ្ឋទេ អញ្ចឹងខ្ញុំក៏អត់មានយោបល់ដែរ»។
ចំពោះ អ្នកវិភាគសង្គម លោក មាស នី យល់ថានេះ ជាសញ្ញាវិជ្ជមាន សម្រាប់ការស្តារស្ថានភាពដែលកំពុងដុនដាបដូចសព្វថ្ងៃ ឲ្យមានភាពល្អប្រសើរឡើងវិញ។
លោកថា៖ «ការស្នើសុំនេះ ក៏វាជាជំហានវិជ្ជមានមួយដែរ សម្រាប់ឈានទៅរកការដោះស្រាយហើយក៏ អាចទុកឱកាសដើម្បីឲ្យគូរបដិបក្ខ ម្ខាងទៀត ដើម្បីដោះស្រាយហើយជាពិសេសរដ្ឋាភិបាលដើម្បីធ្វើការឆ្លើយតប ហើយខ្ញុំគិតថា ដើម្បីឈានទៅរកការផ្សះផ្សាជាតិ។ ពេលនេះ ខ្ញុំឃើញថាសម្ពោធអន្តរជាតិក៏ចាប់ផ្តើមបង្កឲ្យមានជាសំឡេងជាបណ្តើរៗ! ការយល់យោគគ្នា គឺជារឿងល្អបំផុតសម្រាប់ប្រទេសជាតិមួយនេះ ដែលយើងឈ្លោះគ្នាវាយូរក្រែលដែរហើយ»។
កាលពីថ្ងៃទី២៥ខែតុលា អ្នកដែលសកម្មរិះគន់រឿងព្រំដែន និងជាអតីតសមាជិកព្រឹទ្ធសភារបស់បក្សប្រឆាំង គឺលោក ហុង សុខហួរ ត្រូវបានព្រះមហាក្សត្របានព្រះរាជទានទោស និងត្រូវបានដោះលែងឲ្យមានសេរីភាព តាមសំណើររបស់លោក ហ៊ុន សែន បន្ទាប់ពីលោក ហុង សុខហួរ បានសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រី៕









