អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានសម្រេចលុបចោលគម្រោងរំលាយគណបក្សសង្គ្រោះជាតិវិញហើយ ដោយសារតែសហគមន៍អន្តរជាតិនៃប្រទេសលោកសេរីដាក់សម្ពាធខ្លាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរយៈចុងក្រោយនេះ បានអំពាវនាវថា តំណាងរាស្ត្រនិងក្រុមប្រឹក្សា ឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ បើចង់រក្សាតំណែងនៅដដែល ត្រូវប្រកាសចុះចូលគណបក្សរបស់លោក ដោយថា គណបក្សប្រឆាំងមួយនេះ នឹងត្រូវរំលាយនៅពេលខាងមុខ តាមអំណាចតុលាការកំពូល។
ព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ ខែតុលានេះ ក៏បានឡាយព្រះហស្ថលេខារួចហើយដែរលើច្បាប់បោះឆ្នោតចំនួន៤ ដែលតំណាងរាស្ត្របក្សកាន់អំណាច ស្នើធ្វើវិសោធនកម្ម ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈបក្សប្រឆាំងទាំង៥៥។
ប៉ុន្តែ បើតាមវីដេអូឃ្លីបផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ លោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន បានលុបចោលផែនការណ៍រំលាយគណបក្សសង្គ្រោះជាតិនេះវិញហើយ។
លោកថា៖ «ខ្ញុំមានដំណឹងល្អមួយ ជូនបងប្អូនជនរួមជាតិ ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ដំណឹងល្អ នោះគឺរដ្ឋាភិបាលលោក ហ៊ុន សែន មិនអាចរំលាយគណបក្សសង្គ្រោះជាតិបានទេ។ គឺគេលុបចោលហើយ គម្រោងរំលាយគណបក្សសង្គ្រោះជាតិនោះ ទៅមិនរួច ដូចខ្ញុំបាននិយាយ នរណាចង់រំលាយគណបក្សសង្គ្រោះជាតិ នឹងរលាយខ្លួនឯង»។
លោក សម រង្ស៊ី បានអះអាងទៀតថា ក្នុងនាមលោកជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយរូប លោកអំពាវនាវកុំចាញ់សារគំរាមរបស់គណបក្សកាន់អំណាច។
លោកថា៖ «ដោយសារតែគេមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន ឥឡូវនេះ គេប្រើយុទ្ធសាស្ត្រមួយទៀត គឺគេបំបែក គឺគេសម្លុត គេអូសទាញគ្នាយើង ទៅមិនរួចទេ បើបានមនុស្សម្នាក់ ពីរនាក់ មិនមែនតំណាងឲ្យគណបក្សសង្គ្រោះជាតិទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា អ្វីដែលលោក សម រង្ស៊ី និយាយ លោកថា ខុសពីការពិតទាំងអស់។
លោកថា៖ «អាហ្នឹងគាត់ថាទេ។ ខ្ញុំថា តាំងពីដើមមក សម រង្ស៊ី អ្នកប្រឆាំង អញ្ចឹងទេ គាត់និយាយស្អី ផ្ទុយពីការពិត ប៉ុណ្ណឹងយល់ហើយ មិនបាច់អីវែងឆ្ងាយទេ»។
ចំណែកអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ដើម្បីការពារផលប្រយោជាតិ លោកថា រដ្ឋាភិបាល ត្រូវធ្វើច្បាប់មួយ ដែលមានសំឡេងពហុបក្សចូលរួម ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីមានការទទួលស្គាល់ពីអន្តរជាតិ។ អ្នកវិភាគនយោបាយរូបនេះ ព្រមានថា បើពុំនោះទេ កម្ពុជា ចៀសមិនផុតពីការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ នៃប្រទេសលោកសេរីឡើយ។
លោកថា៖ «ទទួលស្គាល់ត្រឹមតែគណបក្សកាន់អំណាច ហើយសហគមន៍អន្តរជាតិ គេមិនឲ្យតម្លៃ នយោបាយកម្ពុជា នឹងជួបវិបត្តិ ទាក់ទិននឹងចំណាត់ការណាមួយ ពីសេដ្ឋកិច្ចកម្ពុជា ពាក់ព័ន្ធនឹងការពឹងផ្អែកទីផ្សារនៅអឺរុប និងសហរដ្ឋអាមេរិក ទាក់ទិននឹងទំនាក់ទំនងការទូត អាចពាក់ព័ន្ធនឹងចរន្តសាច់ប្រាក់របស់មន្ត្រីផ្សេងៗទៀត អាហ្នឹង វាមិនល្អសម្រាប់កម្ពុជាទេ។ អញ្ចឹង យន្តការនៃជំហរយកមកដោះស្រាយ គឺត្រូវឈរលើគោលការណ៍ យកបានទាំងអស់គ្នា គឺទាំងភាគីកម្ពុជា ក៏ទទួលយកបាន ទាំងសហគមន៍អន្តរជាតិក៏ទទួលយកបាន អាហ្នឹង ទើបយើងអាចគេចផុតពីវិបត្តិផ្សេងៗបាន»។
កម្តៅនយោបាយនៅកម្ពុជានេះ ត្រូវបាន ប្រទេសមហាអំណាចខាងលោកសេរី រួមមានសហរដ្ឋអាមេរិក សហភាពអឺរុប អង្គការសហភាពអន្តរសភា IPU ដែលមានសមាជិក១៧៣ប្រទេសផងនោះ បានអំពាវនាវឲ្យដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបានគំរាមដាក់ទណ្ឌកម្ម ដោយថា បើបក្សប្រឆាំ ងដ៏មួយនៅកម្ពុជា ត្រូវបានគេរំលាយមែននោះ៕









