បក្សមួយទៀតបដិសេធទទួលយក​អាសនៈបក្ស​ប្រឆាំង ប្រសិន​បើ CNRP ត្រូវ​បាន​រំលាយ

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា

គណបក្សមិនមានអាសនៈក្នុងសភាមួយទៀត បាន​ប្រកាសជំហរមិនទទួលយកកៅអីក្រុមប្រឹក្សាឃុំសង្កាត់របស់​បក្ស​សង្គ្រោះជាតិ នៅពេលដែលបក្សប្រឆាំងធំមួយនេះ ត្រូវរំលាយ តាមវិសោធនកម្មច្បាប់​បោះ​ឆ្នោត​ដែល​ទើប​ចូល​ជាធរមាន។

សំណើ​កែ​ច្បាប់ ៤​ពាក់​ព័ន្ធ​នឹង​ការបោះ​ឆ្នោត ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​ចូល​ជាធរមាន​កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា​នេះ បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​អនុម័ត​សំណើ​វិសោធនកម្ម​ច្បាប់​នេះ។

វិសោធនកម្ម​ច្បាប់​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បែង​ចែក​អាសនៈ​របស់​បក្ស​នេះ ដែល​បាន​មក​ពី​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ទៅ​ឲ្យ​គណបក្ស​តូចៗ។

បើទោះបីជា​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​របស់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ បាន​ប្រកាស​ទទួល​យក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ក៏​ដោយ ប៉ុន្តែ គណបក្ស​តូចៗ​ផ្សេង​ទៀត បាន​បង្ហាញ​ជំហរ​មិន​ទទួល​យក​អាសនៈ​ទាំង​នោះ​ឡើយ ប្រសិន​បើ​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​មែន​នោះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​នៅ​ថ្ងៃ​នេះ គណបក្ស​អំណាច​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា ដែល​កំពុង​ជាប់​ឃុំ​នោះ បាន​ប្រកាស​ជំហរមិនទទួល​យកអាសន្ន​ក្រុម​ប្រឹក្សាឃុំសង្កាត់របស់​គណបក្សសង្គ្រោះជាតិជាដាច់ខាត នៅ​ពេល​ដែល​បក្ស​ប្រឆាំង​ធំមួយនេះ ត្រូវបាន​រំលាយ​តាមវិសោធនកម្មច្បាប់​បោះឆ្នោតទាំង ៤។

គណបក្សអំណាចខ្មែរ បានលើកឡើងថា ខ្លួនគាំទ្រនូវការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការរក្សា​សន្តិភាព ស្ថេរភាពសង្គម និងយកពលរដ្ឋជាធំ។

គណបក្ស​អំណាច​ខ្មែរ បាន​ក្លាយ​ជា​បក្ស​នយោបាយ​ទី​៤ ដែល​បដិសេធ​ទទួល​យក​អាសនៈ​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង បន្ទាប់ពីគណបក្សប្រជាធិប​តេយ្យ​មូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ។

ការ​ប៉ុន​ប៉ង​រំលាយ និង​បែង​ចែក​អាសនៈ​ជាប់​ឆ្នោត​របស់​​គណបក្ស​ប្រឆាំង ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ និង​បណ្ដា​ប្រទេស​ប្រជាធិតេយ្យ​នានា រិះគន់ និង​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់ ដោយ​ចាត់​ទុក​ថា ធ្វើ​ឲ្យ​អន្តរាយ​ដល់​លំហូរ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយចុះផ្សាយកាលថ្ងៃទី១២ ខែតុលា តំណាងពិសេស​អង្គការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បានហៅចេតនា​ចង់រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់កណ្ដាលប្រទេសនេះថា នឹង​ប៉ះ​ពាល់ដល់​សិទ្ធិ​នយោ​បាយ សិទ្ធិមូលដ្ឋានរបស់​ពលរដ្ឋ និងថា ជាការ​ដើរ​ថយ​ក្រោយ​នៃ​អនាគត​លទ្ធិ​ប្រជាធិប​តេយ្យរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ