រដ្ឋាភិបាលហាមចាក់​ផ្សាយ​ស្ប៉ត់«​ដក​ស្រួល ដាក់​ស្រួល»​តាម​ទូរទស្សន៍

លោក ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយកន្លែង ក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

រដ្ឋាភិបាលបានហាមឃាត់​ការ​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ផ្ទេរ​ប្រាក់​មួយ​ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដោយ​ថា ស្ប៉ត​ពាណិជ្ជកម្ម​នោះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ្នក​ស្ដាប់ និង​តម្លៃ​សីលធម៌​សង្គម។

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានចេញលិខិតមួយទៅកាន់ប្រធានសមាគមទូរទស្សន៍កម្ពុជាកាល​ពី​ថ្ងៃទី​២៥ ខែតុលា ដោយស្នើរសុំ​អន្តរាគមន៍​ហាម​ឃាត់​ដល់​គ្រប់​ស្ថាប័ន​ទូរទស្សន៍ ឲ្យ​ផ្អាក​ការ​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​ប្រើ​ពាក្យ​អសុរោះប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់ និងតម្លៃសីលធម៌សង្គម។

ក្នុងលិខិតដដែល ក្រសួងវប្បធម៌ បានលើកឡើងថា កន្លង​មក​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​កំពុង​ចាក់​ផ្សាយ​ស្ប៉ត​ឃោសនា​ពាណិជ្ជកម្មរបស់ក្រុមហ៊ុនឯកជន ដោយប្រើពាក្យប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់ និង​ប្រាសចាកពីតម្លៃ​សីលធម៌​សង្គម ដូចជាពាក្យ «ដកស្រួល ដាក់ស្រួល ឬហែកស្រួល ស៊កស្រួល» ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ពី​សាធារណជន និង​សំណូមពរឲ្យមានការចាត់វិធានការបញ្ឈប់ការចាក់ផ្សាយ ឬប្តូរពាក្យទាំងនោះចេញ។

ក្រសួងវប្បធម៌ ក៏បាន​ប្រាប់​ទៅ​ប្រធានសមាគមទូរទស្សន៍កម្ពុជា ឲ្យ​សហការជួយហាមឃាត់ ទប់ស្កាត់​នូវ​រាល់​ការផលិត និងចាក់ផ្សាយស្ប៉តដែលប្រើពាក្យពេចន៍អសុរោះ នៅតាមស្ថានីយទូរទស្សន៍ ដើម្បីចូលរួមលើក​កម្ពស់​សីលធម៌សង្គម និងទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ជាតិ។

ទោះបី​មិន​បាន​បញ្ជាក់​ថា ស្ប៉ត​ពាណិជ្ជកម្ម​នោះ​ជា​របស់​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ក៏​ដោយ ប៉ុន្តែ ឃ្លា​ «ដក​ស្រួល ដាក់​ស្រួល» ត្រូវ​បាន​គេ​ដឹង​ថា វា​ស្ថិត​នៅ​ក្នុង​​ស្ប៉ត​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ផ្ដល់​សេវា​ផ្ទេរ​ប្រាក់ True Money។

ទោះជាយ៉ាងណា ឃ្លា «ដក​ស្រួល ដាក់​ស្រួល» ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​យក​មក​ប្រើ និង​ចែក​ចាយ​តៗ​គ្នា ក្រោយ​ពី​​អតីត​ប្រធាន​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដកហូត​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៦ ហើយ​ត្រូវ​បាន​តែង​តាំង​តំណែង​ជា​អគ្គនាយក​រង​បច្ចេកទេស​សុខាភិបាល​វិញ​តែ ២​ថ្ងៃ​ក្រោយ​មក។

ការ​សម្រេច​ដក​ហូត​តំណែង និង​តែង​តាំង​ឡើង​វិញ​ភ្លាមៗ​នូវ​តំណែង​មន្ត្រីសុខាភិបាល​រូប​នេះ បាន​កើត​ឡើង​ជុំ​វិញ​វិវាទ​ដ៏​ចម្រូង​ចម្រាស់​មួយ​ជាមួយ​ម្ចាស់​ស្ថានីយ៍​វិទ្យុ ABC ​លោក សេង ប៊ុនវេង ហៅ អាចារ្យ បន្ទាប់ពី​ក្រុម​មន្ត្រី​សុខាភិបាល​រាជធានី​ភ្នំពេញ​ឃាត់​រថយន្តសង្គ្រោះ​របស់​វិទ្យុ ABC៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ