រថយន្តក្រុងធ្លាក់ចូលទន្លេនៅនេប៉ាល់ សម្លាប់មនុស្សយ៉ាងតិច៣១នាក់

សេចក្ដី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ត្រឡប់​ពី​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ​មួយ​ទៅ​កាន់​រដ្ឋ​ធានី​កាតាម៉ាន់ឌូ បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​ធំ ហើយ​​ធ្លាក់​ចូល​ទៅ​ក្នុង​ទន្លេ​មួយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង ៣១​នាក់ ហើយ​មនុស្ស​ផ្សេង​ទៀត​ជាប់​នៅ​ក្នុង​រថយន្ត​ក្រុង​នោះ។

ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​នេប៉ាល់ Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា គ្រោះ​ថ្នាក់​នោះ បាន​កើត​ឡើង​នៅ​ពេល​ថ្ងៃ​រៀប​លិច ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ទីក្រុង នៅ​លើ​មហា​វិថី​ប៊្រីដវី ដែល​ភ្ជាប់​រដ្ឋ​ធានី​កាតាម៉ាន់ឌូ​ទៅ​នឹង​វាល​ទំនាប​ភាគ​ខាង​ត្បូង​ប្រទេស។

មន្ត្រី​រដ្ឋាភិបាល​នេប៉ាល លោក រ៉ាម ម៉ានី មីស្រា ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា អាជ្ញាធរ​បាន​រក​ឃើញ​សព​មនុស្ស ៣១​នាក់ ហើយ​កំពុង​ស្វែង​រក​អ្នក​ដទៃ​ទៀត ប៉ុន្តែ លោក​ថា វា​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម​ថា មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៅ​ក្នុង​ទឹក​នោះ​ឡើយ។

លោក​បន្ថែម​ថា ក្រុម​ជួយ​សង្គ្រោះ​នៅ​លើ​ទូក​ជ័រ និង​ប៉ូលិស​ជំនាញ​ខាង​មុជ​ទឹក បាន​ព្យាយាម​ស្វែង​រក​រថយន្ត​ក្រុង​នោះ ប៉ុន្មាន​ក្រោយ​ពី​វា​បាន​ធ្លាក់​ចូល​ទន្លេ ហើយ​ពួកគេ​បាន​ព្យាយាម​ទាញ​រថយន្ត​ក្រុង​នោះ​ចេញ​ពី​ទឹក​ទន្លេ។

ក្រៅ​ពី​អ្នក​ស្លាប់ មនុស្ស ១៦​នាក់​ទៀត បាន​រង​របួស ក្នុង​នោះ អ្នក​របួស ២​នាក់ ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​នៅ​រដ្ឋ​ធានី​កាតាម៉ាន់ឌូ ខណៈ​ដែល​អ្នក​របួស​ផ្សេង​ទៀត ត្រូវ​បាន​នាំ​ទៅ​ព្យាបាល​តាម​មន្ទីរ​ពេទ្យ​នៅ​ក្នុង​តំបន់៕

ប៉ូលិស​និយាយ​ថា អ្នក​នៅ​រស់​រាន​មាន​ជីវិត បាន​លោត​ចេញ​ពី​រថយន្ត​នោះ​បាន​បង្អួច ប៉ុន្តែ មនុស្ស ១៣​នាក់​ទៀត ត្រូវ​បាន​គេ​ជឿ​ថា នៅ​ជាប់​នៅ​ក្នុង​រថយន្ត​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ