តុលាការរាជធានីភ្នំពេញ បានកោះហៅប្រធានសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា លោក ឡេង សេងហុង ឲ្យចូលបំភ្លឺ បន្ទាប់ពីលោកបានអំពាវនាវឲ្យមានបាតុកម្មអហិង្សា ប្រឆាំងទៅនឹងការប៉ុនប៉ងរំលាយគណបក្សប្រឆាំង ក្រោយសំណើកែប្រែច្បាប់ ៤ បានចូលជាធរមាន។
លោក ឡេង សេងហុង អាយុ ២៩ឆ្នាំ កាលពីថ្ងៃទី២៦ ខែតុលា បានអំពាវនាវដល់មហាជន ឲ្យត្រៀមធ្វើបាតុកម្ម ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ដោយថា ដើម្បីការពាររដ្ឋធម្មនុញ្ញកម្ពុជា។
មួយថ្ងៃក្រោយមក ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបញ្ជាទៅលោក ឡេង សេងហុង ឲ្យចូលខ្លួនទៅបំភ្លឺនៅអគ្គស្នងការនគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ។
ក្នុងដីកាបញ្ជានោះ លោក សៀង សុខ បញ្ជាក់ទៅលោក ឡេង សេងហុង ឲ្យចូលខ្លួនបំភ្លឺជុំវិញករណី «ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌» ។
ទោះជាយ៉ាងណា តុលាការបានចេញដីកោះហៅយុវជនរូបនេះដូច្នេះ បន្ទាប់ពីយុវជនរូបបានអំពាវនាវឲ្យមានបាតុកម្មប្រឆាំងទៅនឹងការប៉ុនប៉ងរលាយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីសំណើវិសោធនកម្មច្បាប់ ៤ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវបានព្រះមហាក្សត្រសម្ដេចព្រះ នរោត្ដម សីហមុនី ឡាយព្រះហស្ថលេខា ឲ្យចូលជាធរមានកាលពីថ្ងៃទី២៥ ខែតុលា។
វិសោធនកម្មច្បាប់ ដែលត្រូវបានស្នើឡើងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវបានក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អនុម័តយល់ព្រមនោះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងឈានទៅរំលាយគណបក្សប្រឆាំង និងបែងចែកអាសនៈរបស់បក្សនេះ ទៅឲ្យគណបក្សតូចៗ។
ការប៉ុនប៉ងរំលាយបក្សប្រឆាំងនេះ ត្រូវបានសហគមន៍អន្តរជាតិរិះគន់ និងថ្កោលទោសយ៉ាងព្រោងព្រាត ដោយថា វាធ្វើឲ្យលំហូប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច និងដើរថយក្រោយ។
ការរិះគន់ពីសហគមន៍អន្តរជាតិ ក៏បានបន្ថែមទៅលើការថ្កោលទោសជុំវិញការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានរដ្ឋាភិបាលចោទថា «ក្បត់ជាតិ»៕









