មេដឹកនាំបក្សប្រឆាំងដែលកំពុងជាប់ឃុំឃាំង បានអំពាវនាវដល់សមាជិកបក្សខ្លួន ឲ្យរក្សាសាមគ្គីភាពផ្ទៃក្នុងបក្ស បន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច បានអំពាវនាវទៅសមាជិកបក្សប្រឆាំង ឲ្យចុះចូលជាថ្នូរទៅនឹងការរក្សាតំណែងជាប់ឆ្នោតរបស់ពួកគេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ កាលពីថ្ងៃទី២២ ខែតុលា បានអំពាវនាវទៅដល់មេដឹកនាំជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ឲ្យចុះចូលជាមួយគណបក្សកាន់អំណាច ប្រសិនបើពួកគេចង់រក្សាតំណែងជាប់ឆ្នោតរបស់ពួក បន្ទាប់ពីបក្សប្រឆាំងត្រូវបានរំលាយនោះ។
បន្ទាប់ពីការអំពាវនាវបែបនេះរួចមក តំណាងរាស្ត្របក្សប្រឆាំងម្នាក់ លោក ឡុង ប៊ុន្នី បានប្រកាសសុំចុះចូលជាមួយបក្សកាន់អំណាច ដែលក្រោយមកលោកត្រូវបានត្រូវតាំងជាទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន។
ក្រៅពីតំណាងរាស្ត្រម្នាក់ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនរបស់បក្សប្រឆាំង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយគាំទ្របក្សកាន់អំណាច រាយការណ៍ថា បានប្រកាសសុំចុះចូលនឹងបក្សកាន់អំណាចផងដែរ។
សមាជិកបក្សប្រឆាំងទាំងនោះ បានប្រកាសចុះចូលជាមួយបក្សកាន់អំណាចបែបនេះ ខណៈដែលមេបក្សប្រឆាំង លោក កឹម សុខា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ»។
ស្ថិតក្នុងពន្ធនាគារត្រពាំងផ្លុងនៅឯខេត្តត្បូងឃ្មុំ លោក កឹម សុខា បានអំពាវនាវឲ្យមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនៅក្នុងគណបក្សប្រឆាំង។ នេះដោយយោងតាមកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដែលបានអះអាងបែបនេះនៅលើទំព័រហ្វេសប៊ុកឪពុកកញ្ញា បន្ទាប់ពីម្ដាយរបស់កញ្ញាបានចូលទៅសួរសុខទុក្ខឪពុកនាងនៅក្នុងពន្ធនាគារ។
ក្រៅពីអំពាវនាវឲ្យមានសាមគ្គីភាពក្នុងបក្ស កញ្ញា កឹម មនោវិទ្យា បានអះអាងថា ឪពុករបស់កញ្ញាមានស្មារតីរឹងមាំ។
មិនមែនតែកញ្ញា កឹម មនោវិទ្យា តែម្នាក់ទេ នាយកខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា ក៏អះអាងបែបនេះផងដែរនៅលើគណនីហ្វេសប៊ុករបស់លោក។
លោក មុត ចន្ថា បានដកស្រង់សម្ដីលោក កឹម សុខា យកមកសរសេរនៅលើហ្វេសប៊ុកថា៖ «ឯកភាពផ្ទៃក្នុងជាកត្តាស្លាប់រស់របស់យើង ហើយដរាបណាយើងនៅតែបន្តឯកភាពគ្នា យើងនឹងនៅតែរឹងមាំ រហូតយើងសម្រេចបាននូវគោលដៅចម្បងរបស់យើង»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ឈានចូលថ្ងៃទី០៣ ខែកញ្ញា ហើយត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញការថ្លែងរបស់លោកនៅឯប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣។
បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ដាក់ឃុំ គណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងការរំលាយចោល ក្រោយពីសំណើកែប្រែច្បាប់ ៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាចូលជាធរមានកាលពីថ្ងៃទី២៥ ខែតុលានេះ។
ទាំងការចាប់ខ្លួនលោក កឹម សុខា និងការប៉ុនប៉ងរំលាយបក្សប្រឆាំង សុទ្ធតែត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ដោយចាត់ទុកជាការធ្វើឲ្យលំហូរប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច និងដើរថយក្រោយទៅវិញ។
សហគមន៍អន្តរជាតិថែមទាំងបានទាមទារឲ្យដោះលែងជាបន្ទាន់នូវមេបក្សប្រឆាំងកំពុងជាប់ឃុំ ឲ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌទៀតផង។
ប្រទេសស៊ុយអែតបានព្រមានថា ប្រទេសនេះនឹងពិចារណាឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ប្រសិនបើបក្សប្រឆាំងដ៏ធំនៅកម្ពុជា ពិតជាត្រូវបានរំលាយមែននោះ។
នៅឯសហរដ្ឋអាមេរិកឯណោះវិញ សមាជិកព្រឹទ្ធសភា លោក Ted Cruz បានកំណត់ពេលកន្លះខែឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ៕









